ជាតិ
សេដ្ឋកិច្ច
ឡាវ ជាប្រទេសទី១ ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh របស់កម្ពុជា
11, Mar 2024 , 8:01 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍(រាប់ពីស្តាំដែលកាន់ឯកសារ) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)  ជាមួយលោក Boviengkham VONGDARA រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃប្រទេសឡាវ ស្តីពីបរិវត្តកម្មឌីជីថល ក្នុងវេទិការដ្ឋាភិបាលឌីជីថល ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១១មីនា។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍(រាប់ពីស្តាំដែលកាន់ឯកសារ) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយលោក Boviengkham VONGDARA រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃប្រទេសឡាវ ស្តីពីបរិវត្តកម្មឌីជីថល ក្នុងវេទិការដ្ឋាភិបាលឌីជីថល ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១១មីនា។
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសឡាវសម្រេចយកថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ ការសម្រេចនេះ ត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីបរិវត្តកម្មឌីជីថល ដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជាមួយលោក Boviengkham VONGDARA រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍ ប្រទេសឡាវ ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១១មីនា។



ឡាវ ជាប្រទេសដំបូង ដែលនឹងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh របស់កម្ពុជា។ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ការនាំចេញនូវថ្នាលនេះ គឺជាការកសាងនូវទំនុកចិត្ត និងពង្រីកសេវាឌីជីថលឱ្យកាន់តែទូលំទូលាយក្នុងក្របខណ្ឌក្រសួង-ស្ថាប័នទូទាំងប្រទេសកម្ពុជា រួមទាំងប្រទេសក្នុងតំបន់។

បើតាមលោក ជា សេរីវឌ្ឍ បច្ចុប្បន្ននៅកម្ពុជា Verify.gov.kh បានដាក់់ឲ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន ដោយមានMoUជាមួយក្រសួង-ស្ថាប័ននិងកិច្ចព្រមព្រៀងជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សាចំនួន៣៨ហើយ ដែលអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ផ្ទាល់តែម្តង។  ក្នុងកិច្ចពិភាក្សាស្តីពីគោលនយោបាយពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលកម្ពុជា នារសៀលថ្ងៃទី១១មីនា លោក ជា សេរីវឌ្ឍ បានលើកឡើងថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh នឹងរួមចំណែកក្នុងការអនុវត្តក្របខណ្ឌឌីជីថលនីយកម្មរបស់អាស៊ាន ដែលប្រទេសទាំងអស់ក្នុងតំបន់អាចប្រើប្រាស់រួមគ្នាបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ផ្តល់សេវាសាធារណៈទៅឱ្យប្រជាពលរដ្ឋក្នុងតំបន់។

« ថ្នាលនេះ យើងអាចប្រើប្រាស់បាននៅទូទាំងអាស៊ាន ដែលអាចធ្វើឱ្យការទំនាក់ទំនងឆ្លងដែនក្នុងតំបន់របស់យើងមានភាពងាយស្រួល និងសន្សំថវិកាបានច្រើន»។ លោក ជា សេរីវឌ្ឍ បាននិយាយបែបនេះ ដោយសង្ឃឹមថា គ្រប់ប្រទេសនៅក្នុងតំបន់អាស៊ាននឹងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov  ដែលជាប្រព័ន្ធមួយរួមបង្កើតឡើងដោយកម្ពុជា។ ឧទាហរណ៍ ដូចជា Verify.gov.lao (សម្រាប់ប្រទេសឡាវ)និង Verify.gov.sg (សម្រាប់សិង្ហបុរី)... ជាដើម។

(រាប់ពីសាំ្ត) លោក ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃលេខាធិការដ្ឋានគណៈកម្មាធិការដ្ឋានរដ្ឋាភិបាលឌីជីថល, លោក គង់ ម៉ារី​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា។

លោកអគ្គលេខាធិការគណៈកម្មាធិការដ្ឋានរដ្ឋាភិបាលឌីជីថលបានបញ្ជាក់ថា៖ « យើងបង្កើតថ្នាលនេះឡើង ក្នុងគោលដៅធ្វើយ៉ាងណាអាចផ្ទៀងផ្ទាត់ឯកសារនៅគ្រប់ប្រទេសទាំងអស់ក្នុងតំបន់បានដោយមិនចាំបាច់ឆ្លងកាត់ការបោះត្រាអ្វីច្រើនឡើយ។ មានន័យថា បើយើងមានឯកសារវិញ្ញបនបត្រមួយចេញពីកម្ពុជា គ្រាន់តែស្កេនQR Code តាម Verify.gov.kh គឺយើងអាចប្រើប្រាស់ជាសារឯកពិតប្រាកដមួយបានហើយ»។

Verify.gov.kh នេះ មិនប្រើប្រាស់សម្រាប់តែវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប្រើប្រាស់សម្រាប់ការស្នើសុំនូវឯកសារធ្វើពាណិជ្ជកម្មបាន ផងដែរ ហើយកម្ពុជា គឺបើកចំហដល់ប្រទេសក្នុងតំបន់ដែលចង់ប្រើប្រាស់នូវថ្នាលឌីជីថលមួយនេះ។

លោក ជា សេរីវឌ្ឍ បានអះអាងយ៉ាងដូច្នេះ ៖ «គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលយើងសន្យាថា ក្នុងរយៈពេល៩ខែ គឺយើងអាចឱ្យប្រទេសនោះប្រើប្រាស់នូវថ្នាល Verify.gov នេះបាន។ នេះជាការរួមចំណែករបស់យើងដល់អាស៊ាន»។

Verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការនានាបានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសអ្វីឡើយ។ ថ្នាលនេះ បានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែកុម្ភៈ។ នេះជាលើក ទីមួយ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន។

អត្ថបទទាក់ទង

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីប្រៃសណីយ៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានគូសបញ្ជាក់ថា៖ «សមិទ្ធផលនេះ មានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែជាការទទួលស្គាល់នូវជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិ»៕

© រក្សាសិទ្ធិដោយ thmeythmey.com