ជាតិ
លោក ហ៊ុន ម៉ា​នី ជឿថា​និយាម​ប្រឡង​ជ្រើសរើស​មន្ត្រី​ថ្មី មិន​អនុញ្ញាត​ឱ្យមាន​អំពើ​សូកប៉ាន់​
11, Mar 2024 , 9:49 pm        
រូបភាព
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាព៖ មឿន ម៉ាក់ថុង
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាព៖ មឿន ម៉ាក់ថុង
ភ្នំពេញ​៖ គ្មាន​ឡើយ​អំពើ​សូកប៉ាន់ ឬ​អំពើពុករលួយ​ក្នុង​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​ដែល​រៀបចំ​ដោយ​ក្រសួង​មុខងារសាធារណៈ នៅក្នុង​អាណត្តិ​ទី​៧​នេះ​។ លោក ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ មានជំនឿថា​និយាម​ប្រឡង​ជ្រើសរើស​មន្ត្រី​ថ្មី​នេះ នឹងមិន​អនុញ្ញាត​ឱ្យមាន​អំពើ​សូកប៉ាន់​ឡើយ​។



​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​សង្គម គិតថា​ទាល់​តែមាន​លុយ ទើប​អាច​ប្រឡង​ជាប់​ជា​មន្ត្រីរាជការ​ស៊ីវិល​។ ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី​៧​នេះ ក្រោម​ការរៀបចំ​ការប្រឡង​ប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ដោយ​ក្រសួង​មុខងារសាធារណៈ គឺ​ធានា​មិន​ឱ្យមាន​អំពើពុករលួយ​។​

​ក្នុង​ពិធី​ប្រកាស​លទ្ធផល​នៃ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ នា​ថ្ងៃទី​១១ មីនា លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ មានប្រសាសន៍ថា​៖«​ក្នុងនាម​គណៈកម្មការ​រៀបចំ​ការប្រឡង យើង​ធានា​ចំពោះមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ថា ក្នុងដំណាក់កាល​ដែល​យើង​បានធ្វើ​មកដល់​ពេលបច្ចុប្បន្ន​ហើយ​ទៅមុខ​បន្ថែមទៀត គឺ​យើង​ធានាថា​មិនចាំបាច់​បង់​ជា​កម្រៃ​ណា​ទេ ដើម្បីឱ្យ​ឈានដល់​ការជាប់​»​។



​ជាមួយគ្នានេះ ដើម្បី​ធានា​ឱ្យ​ការប្រឡង​នេះ ប្រព្រឹត្ត​ទៅដោយ​តម្លាភាព និង​មិន​មានការ​បែកធ្លាយ​វិញ្ញាសា គណៈកម្មការ​ប្រឡង បានរៀបចំ​ការតាក់តែង​វិញ្ញាសា​នៅ​ថ្ងៃ​តែមួយ មានន័យថា​ធ្វើ​ភ្លាម​ប្រឡង​ភ្លាម​។ «​ចំពោះ​ថ្ងៃ​ប្រឡង អ្វីដែល​ធំជាងគេ គឺ​វិញ្ញាសា​។ វិញ្ញាសា មិនមាន​ការឱ្យ​ធ្លាយ​ទេ ដូច្នេះហើយ​បាន​យើង​រៀបចំ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិញ្ញាសា​ចេញ​ក្នុង​ថ្ងៃ​តែមួយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​នី ដោយ​បន្តថា ក្នុង​ដំណើរការ​កំណែ​វិញ្ញាសា​វិញ ក៏​ធានា​ប្រសិទ្ធភាព​ផងដែរ​។

​ទោះ​មាន​ការធានា​បែបនេះ​ក្ដី លោក ហ៊ុន ម៉ា​នី នៅតែ​ស្វាគមន៍​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន ដែលមាន​ការសង្ស័យ អាចទាក់ទង​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​ប្រឡងប្រជែង​បាន​។ សម្រាប់​លោក ហ៊ុន ម៉ា​នី ជុំវិញ​ដំណើរ​ការប្រឡង​នេះ លោក​ជឿជាក់​លើ​ការ​ខំប្រឹងប្រែង​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រឡង និង​អនុគណៈកម្មការ​នីមួយៗ ដែល​យកចិត្ត​ទុក​ក្នុងការ​ប្រឡង​នេះ​។



​លោក ហ៊ុន ម៉ា​នី បន្តថា​៖«​អ្វីដែល​យក​ចង់បាន​ធំជាងគេ គឺ​ការកែលម្អ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រីរាជការ ដើម្បី​ធានាថា មន្ត្រីរាជការ​ដែល​យើង​ជ្រើសរើស​នេះ​ផ្អែកលើ​មូលដ្ឋាន​នៃ​សមត្ថភាព​សុទ្ធសាធ​។ ហើយ​បើ​គាត់​មាន​សមត្ថភាព​សុទ្ធសាធ​ក្នុងការ​បម្រើ​កិច្ចការងា​បន្តទៀត គឺ​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ជាពិសេស​បម្រើ​ប្រជាពលរដ្ឋ​»​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១១ មីនា​នេះ ក្រសួង​មុខងារសាធារណៈ បានរៀបចំ​ការប្រកាស​លទ្ធផល​ការប្រឡង​ជ្រើស​ជ្រើស​មន្ត្រីរាជការ​ឱ្យចូល​ប​ម្រើ​ក្នុង​ក្របខណ្ឌ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​ការចូលរួម​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ក្នុងចំណោម​លទ្ធផល​ខាងលើ អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​បេក្ខជន​ជាប់​ចំនួន ៣៣​នាក់ ក្នុងនោះ​១៣​នាក់ ជា​ស្ត្រី​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាប់ ៩៩​នាក់ ក្នុងនោះ​ស្ត្រី​១៨​នាក់ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាប់​៥២​នាក់ មាន​១៧​នាក់ ជា​ស្ត្រី​៕




© រក្សាសិទ្ធិដោយ thmeythmey.com