កីឡាជាតិ
ជាតិ
ភាសាអង់គ្លេស និងកុំព្យូទ័រ ជាធាតុផ្សំសំខាន់សម្រាប់ជំនាញគ្រូបង្វឹកកម្រិតអន្តរជាតិ
12, Mar 2024 , 2:40 pm        
រូបភាព
លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ទទូចឱ្យសិក្ខាកាមកម្ពុជា ដែលចូលរួមវគ្គបណ្តុះបណ្ដាលគ្រូបង្វឹក ពង្រឹងភាសាអង់គ្លេស និងកុំព្យូទ័រ បន្ថែមទៀត ដើម្បីជាធាតុផ្សំជំរុញជំនាញគ្រូបង្វឹកទៅកាន់កម្រិតជាតិ និងអន្តរជាតិ។



សិក្ខាកាមចំនួន២៤នាក់ ក្នុងនោះស្ត្រី៨នាក់ ដែលជាលោកគ្រូ-អ្នកគ្រូអប់រំកាយ និងកីឡា មកពីបណ្តាក្លិបរាជធានីខេត្តចំនួន១១សមាគមន៍ កីឡាចំនួន២ និងគរុសិស្សកំពុងសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានចូលរួមវគ្គបណ្តុះបណ្ដាលគ្រូបង្វឹក អន្តរជាតិកម្រិត១។ កម្មវិធីដែលរៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ក្រោមគម្រោងជំនួយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ OS ចាប់សិក្សាចាប់ពីថ្ងៃទី១១ ដល់ ២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។
 
មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាអត្តពលកម្មប្រចាំតំបន់អាស៊ី បានចាត់តាំងលោក Mr Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអត្តពលកម្មអន្តរជាតិ មកពីប្រទេសស្រីលង្កា ដើម្បីបង្ហាត់បង្ហាញសិក្ខាកាមទាំង២៤រូបរបស់កម្ពុជា ក្នុងរយៈពេល១០ថ្ងៃនេះ។
 
នាកម្មវិធីបើកវគ្គបណ្តុះបណ្ដាលគ្រូបង្វឹកអន្តរជាតិកម្រិត១នេះ លោក ដួង មាសចំរើន អះអាងថាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនធនធានគ្រូបង្វឹកថ្នាក់ជាតិ-អន្តរជាតិ ដែលជាតម្រូវការចាំបាច់សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកីឡាអត្តពលកម្មកម្ពុជា។ ការជ្រើសរើសអត្តពលិក ការរៀបចំការហ្វឹកហាត់របស់កីឡាករ-ការិនី នៅតាមសាលារៀន ក្លិបទូទាំងរាជធានីខេត្ត ក៏ជាផ្នែកមួយនេះវគ្គនេះដែរ ដើម្បីបង្កើនសមត្ថភាពអត្តពលិក ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ 


 
«ខ្ញុំសង្ឃឹមថាវគ្គបណ្តុះបណ្តាលនេះអ្នកចូលរួមទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សា ស្វែងយល់ចំណេះដឹង បទពិសោធន៍ថ្មីទាំងទ្រឹស្តី និងអនុវត្តនៅលើទីលាន ដែលជាមូលដ្ឋាន និងជាទុនសម្រាប់ បំពេញការងារជាក់ស្តែង»។ នេះជាការបញ្ជាក់របស់ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។
 
បន្ថែមពីជំនាញគ្រូបង្វឹក លោក ដួង មាសចំរើន ដែលមានតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ថែមទាំងផ្តែផ្តាំសិក្ខាកាមទាំងអស់ ត្រូវបង្កើនចំណេះភាសាអង់គ្លេស ដែលអាចប្រើការបានក្នុងការទំនាក់ទំនង រួមជាមួយការប្រើប្រាស់កុំព្យូទ័រផង។ លោក មាសចំរើន ចាត់ទុកថាភាសាអង់គ្លេស និងកុំព្យូទ័រ ជាធាតុផ្សំសំខាន់ដើម្បីជំរុញជំនាញគ្រូបង្វឹករបស់សិក្ខាកាមទៅកាន់កម្រិត អន្តរជាតិ។
 
ប្រធានសហព័ន្ធរូបនេះ ក៏សង្ខឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាម នឹងមាន សមត្ថភាពអាចយកទៅប្រើប្រាស់ក្នុងការរៀបចំការបង្វឹកតាមថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអាចបន្តចូលរួមក្នុងកម្រិត គ្រូបង្វឹកអន្តរជាតិថែមទៀត៕

Tag:
 កីឡាអត្តពលកម្ម
  ដួង មាសចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com