ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបានការវិនិយោគថ្មីចំនួន៣៧គម្រោង មានទុនជិត១ ២០០លានដុល្លារ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ រូបថត៖ CDC
× កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន៣៧គម្រោង ដែលទំហំទឹកប្រាក់ជិត១ ២០០លានដុល្លារ សម្រាប់ខែកុម្ភៈ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នាថ្ងៃទី១២មីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា គម្រោងវិនិយោគថ្មីទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋបានប្រមាណ ៣៨ពាន់កន្លែង។
បើតាមCDC ក្នុងចំណោមគម្រោងទាំង៣៧នេះ គឺមាន២៤គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ។ គម្រោងវិនិយោគដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសនោះមាន គម្រោងសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព១៥០MW តាមរូបភាព វិនិយោគ សាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោងវិនិយោគតម្លៃ៤៤០លានដុល្លារនេះ ស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌល ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
គម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង។ គម្រោងនេះ មានទុនវិនិយោគជាង១០៨លានដុល្លារ ដែលអាចបង្កើតការងារបាន១១៥កន្លែង។ ជាមួយគ្នានេះ CDC ក៏បានអនុម័តលើគម្រោង បង្កើត និងធ្វើអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យ ចំនួន២កន្លែងទៀត នៅរាជធានីភ្នំពេញ ផងដែរ។ គម្រោងទាំង២ តម្លៃសរុប១៣៧លានដុល្លារ។
សម្រាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កម្ពុជាទទួលបានគម្រោងពង្រីកផលិតកម្មសំបកកង់រថយន្ត ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ជាន ពុចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ២១២លានដុល្លារ។ គម្រោងនេះ អាចបង្កើតបានការងារបាន៦៥៥កន្លែង ផងដែរ។
CDC បានបញ្ជាក់ថា ប្រភពទុនវិនិយោគសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ គឺមាន៥៨,៤១ភាគរយ ពីវិនិយោគិនចិន៣៣,១៩ភាគរយ ពីប្រទេសសិង្ហបុរី៤, ៣១ភាគរយ និងពីវៀតណាម៤,០៩ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com