កីឡាអន្តរជាតិ
អន្តរជាតិ
គ្មាន Neymar គ្មានបញ្ហា! Al Hilal បំបែកកំណត់ត្រាពិភពលោកឈ្នះ ២៨ប្រកួតជាប់គ្នា
14, Mar 2024 , 8:29 am        
រូបភាព
ក្លិប Al Hilal បំបែកកំណត់ត្រាពិភពលោកសម្រាប់ការឈ្នះ ២៨លើកជាប់ៗគ្នា ដោយគ្មានការប្រកួតស្នើ ក្រោយពេលដែលខ្លួនបានទម្លាក់ក្រុមមកពីលីគអារ៉ាប៊ីសាអូឌីតដូចគ្នា ​Al Ittihad ក្នុងវគ្គ ៨ក្រុម នៃក្របខណ្ឌ AFC Champions League លទ្ធផល ២-០ និងសរុបទាំងពីរជើង ៤-០។



ក្រុមកំពូលតារាង Saudi Pro League បំបាក់ក្រុមរបស់ខ្សែប្រយុទ្ធ Karim Benzema លទ្ធផល ២-០ ជើងទីពីរ ដើម្បីបំបែកកំណត់ត្រាពិភពលោក ឈ្នះ ២៨ប្រកួត ជាប់ៗគ្នា ដោយវាដាច់ក្រុមស្ថិតក្នុងក្របខណ្ឌលីគកំពូលវែលស៍ The New Saints ធ្វើបានក្នុងរដូវកាល ២០១៦-១៧។
 
សរុបទាំង ២ជើង Al Hilal បំបាក់ Al Ittihad លទ្ធផលសរុប ៤-០ ដើម្បីឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ACL តំបន់ខាងលិច។ «នេះពិតជាសមិទ្ធិផលដ៏អស្ចារ្យមួយ ហើយខ្ញុំចង់អរគុណអ្នកគ្រប់គ្នានៅក្នុងក្លិបសម្រាប់ផ្នែករបស់ពួកយើង នៅក្នុងការសម្រេចបានកំណត់ត្រាឈ្នះដ៏សំខាន់មួយនេះ។»។ នេះបើតាមសម្តីរបស់លោក Jorge Jesus អ្នកចាត់ការក្លិប។
 
ទោះសម្រេចបានកំណត់ត្រាដ៏រំភើបក៏ដោយក្តី តែអ្នកចាត់ក្រុមដដែលបានអះអាងថា កំណត់ត្រាមិនសំខាន់ខ្លាំងជាងការឈ្នះពានរង្វាន់បានច្រើននោះទេ។
 
នៅក្នុងលីគកំពូលវិញ Al Hilal កំពុងមានពិន្ទុនាំមុខគម្លាត ១២ពិន្ទុដាច់កំពូលតារាង ពីក្រុមចំណាត់ថ្នាក់លេខ ២ Al Nassr។ Al Hilal បន្តធ្វើបានល្អក្នុងការប្រកួតជាប់គ្នា បើទោះជាក្រុមបានអវត្តមានតារាបាល់ទាត់ប្រេស៊ីល Neymar Jr ដែលចុះកិច្ចសន្យាកាលពីដើមរដូវកាល ព្រោះតែបញ្ហារបួសដាច់សរសៃពួរ ACL ក៏ដោយ។
 
​ក្លិបម្ចាស់ពាន AFC Champions League ៤សម័យ ច្រើនជាងគេបំផុតមួយនេះ បច្ចុប្បន្នមានកីឡាករខ្សែប្រយុទ្ធជួរមុខដ៏សំខាន់ ជាអតីតកីឡាករធ្លាប់លេងឱ្យក្រុម Fulham និង Newcastle United នៅលីគកំពូលអង់គ្លេស Aleksandar Mitrovic តែងស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះ។ កីឡាករអន្តរជាតិស៊ែប៊ី រកបាន ២៩គ្រាប់ ពីការប្រកួតខ្លួនទាំង ២៨លើកជាមួយ Al Hilal។
 
ក្រៅពី Mitrovic ក្លិបក៏មានកីឡាករពីអឺរ៉ុបល្អៗដូចជា ខ្សែការពារ Kalidou Koulibaly, Ruben Neves និង Sergej Milinkovic Savic ជាដើម ដែលដើរតួនាទីសំខាន់ៗក្នុងក្រុម។
 
កំណត់ត្រាឈ្នះ ២៨ប្រកួត នេះ រាប់បញ្ចូលការប្រកួត ១៦លើក ក្នុងពាន Saudi Pro League ពានរង្វាន់ក្នុងស្រុក ៣ផ្សេងទៀត និង ៨ប្រកួត ក្នុងពានរង្វាន់ AFC Champions League៕
 

Tag:
 Neymar Jr
  Al Hilal
© រក្សាសិទ្ធិដោយ thmeythmey.com