ក្រុមពី La Liga របស់អេស្ប៉ាញដល់ទៅ៣ ទទួលបានកៅអីនៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League រដូវកាល២០២៣-២៤ ខណៈក្រុមពី English Premier League របស់អង់គ្លេស និងពី Bundesliga អាល្លឺម៉ង់ មាន២រៀងៗខ្លួន ស្របពេលដែល Ligue 1 របស់បារាំងនៅសល់តែ១ក្រុមប៉ុណ្ណោះ។
ម្ចាស់ជើងឯក១៤សម័យកាល Real Madrid បានយកឈ្នះ RB Leipzig ក្នុងលទ្ធផលសរុប ២-១ ដោយស៊ី ១-០ នៅក្រៅទឹកដី ហើយបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន។
Barcelona ម្ចាស់ជើងឯក៥សម័យកាល ទម្លាក់ Napoli ក្នុងលទ្ធផលសរុប ៤-២ ដោយជើងទីមួយស្មើ ១-១នៅទឹកដីអ៊ីតាលី ហើយក្រុមយក្សរបស់អេស្ប៉ាញ បានយកឈ្នះរហូតដល់ទៅ ៣-១ នៅជើងទីពីរ។
Atletico Madrid ជាក្រុមអេស្ប៉ាញទី៣ដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយនារដូវកាលនេះ ក្រោយយកឈ្នះ Inter Milan ដោយការទាត់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៣-២។ ជើងទីមួយ Inter Milan ឈ្នះ ១-០ ហើយ Atletico Madrid វាយបក ២-១ វិញ នៅកីឡដ្ឋានរបស់ខ្លួន ដែលធ្វើឱ្យការប្រកួតឈានដល់ការសម្រេចប៉េណាល់ទី។
Arsenal ដែលកំពុងឈរលើតារាង Premier League ក៏បានទម្លាក់ FC Porto របស់ព័រទុយហ្គាល់ ដោយបាល់ប៉េណាល់ទី ៤-២ ផងដែរ។ ក្រុមទាំងពីរ មានប្រៀបក្នុងលទ្ធផល ១-០ រៀងៗខ្លួននៅក្នុងទឹកដី ប៉ុន្តែកាំភ្លើងធំ ជាអ្នកទទួលបានកៅអីទៅវគ្គបន្ត ក្រោយជ័យជម្នះប៉េណាល់ទីនៅទឹក Emirates របស់ខ្លួន។
ម្ចាស់ការពារតំណែងជើងឯក Manchester City ឡើងទៅវគ្គបន្តជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើ Copenhagen របស់ដាណឺម៉ាក។ ក្រុមមេឃខៀវ បានយកឈ្នះក្នុងលទ្ធផល ៣-១ ដូចគ្នា ទាំងជើងទីមួយ និងជើងទីពីរ។
សម្រាប់ក្រុមពីអាល្លឺម៉ង់ ម្ចាស់ជើងឯក៦ជំនាន់ Bayern Munich បានទម្លាក់ Lazio ក្នុងលទ្ធផលសរុប ៣-១។ នៅក្រៅដី Bayern ចាញ់ ១-០ ប៉ុន្តែពួកគេបានស្តារមុខមាត់ ៣-០ វិញ ក្នុងជើងទីពីរ នៅ Allianz Arena។
Borussia Dortmund ដែលជាម្ចាស់ជើងឯកកាលពីឆ្នាំ១៩៩៧ បានបង្អាក់ដំណើររបស់ក្រុមហូឡង់ PSV ក្នុងលទ្ធផលសរុប ៣-១។ ជើងទីមួយ ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ប៉ុន្តែ Dortmund មានប្រៀប ២-០ វិញនៅជើងទីពីរ។
Paris Saint Germain ជាក្រុមបារាំងតែមួយគត់ដែលបន្តបោះជំហានទៅមុខ ក្រោយយកឈ្នះ Real Sociedad សរុប ៤-១។ នៅទឹកដីខ្លួន PSG ឈ្នះ ២-០ ហើយបន្តឈ្នះ ២-១ ទៀត នៅទឹកដីរបស់ក្រុមអេស្ប៉ាញ។
ការចាប់ឆ្នោតសម្រាប់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៥ ខែមីនា។ ជើងទីមួយ នឹងត្រូវប្រកួតនៅថ្ងៃទី៩ និងទី១០ ខែមេសា ហើយជើងទីពីរ ប្រព្រឹត្តនាសប្តាហ៍បន្ទាប់៕