កីឡាអន្តរជាតិ
អន្តរជាតិ
៨ក្រុម​ចុងក្រោយ UCL៖ ក្រុម​ពី​អេស្ប៉ាញ៣, អង់គ្លេស​២, អាល្លឺម៉ង់២, បារាំង១
14, Mar 2024 , 12:29 pm        
រូបភាព
ក្រុម​ពី La Liga របស់អេស្ប៉ាញ​ដល់​ទៅ៣ ទទួល​បាន​កៅអីនៅ​វគ្គ​៨ក្រុម​ចុងក្រោយ UEFA Champions League រដូវកាល២០២៣-២៤ ខណៈក្រុមពី English Premier League របស់អង់គ្លេស និងពី Bundesliga អាល្លឺម៉ង់ មាន​២រៀងៗខ្លួន ស្របពេល​ដែល Ligue 1 របស់​បារាំងនៅ​សល់តែ១ក្រុម​ប៉ុណ្ណោះ។

 
ម្ចាស់ជើងឯក១៤​សម័យកាល Real Madrid បាន​យក​ឈ្នះ RB Leipzig ក្នុង​លទ្ធផល​សរុប ២-១ ដោយស៊ី ១-០ នៅក្រៅទឹកដី ហើយ​បញ្ចប់​ក្នុងលទ្ធផលស្មើ ១-១ នៅ​កីឡដ្ឋាន​ Santiago Bernabeu របស់ខ្លួន។
 
Barcelona ម្ចាស់ជើងឯក​៥សម័យ​កាល ទម្លាក់​ Napoli ក្នុងលទ្ធផល​សរុប ៤-២ ដោយជើងទីមួយ​ស្មើ ១-១នៅទឹក​ដីអ៊ីតាលី ហើយក្រុមយក្សរបស់អេស្ប៉ាញ បាន​យក​ឈ្នះរហូត​ដល់​ទៅ​ ៣-១ នៅជើងទីពីរ។
 
Atletico Madrid ជាក្រុម​អេស្ប៉ាញទី៣ដែល​ឡើង​ទៅវគ្គ​៨ក្រុម​ចុងក្រោយ​នា​រដូវកាលនេះ ក្រោយ​យក​ឈ្នះ Inter Milan ដោយ​ការទាត់ប៉េណាល់ទី​កាត់សេចក្តីក្នុងលទ្ធផល ៣-២។ ជើងទីមួយ Inter Milan ឈ្នះ ១-០ ហើយ Atletico Madrid វាយបក ២-១ វិញ នៅ​កីឡដ្ឋាន​របស់ខ្លួន ដែល​ធ្វើ​ឱ្យ​ការប្រកួតឈាន​ដល់​ការ​សម្រេច​ប៉េណាល់​ទី។
 
Arsenal ដែលកំពុង​ឈរលើ​តារាង Premier League ក៏បាន​ទម្លាក់ FC Porto របស់ព័រទុយហ្គាល់ ដោយ​បាល់ប៉េណាល់ទី ៤-២ ផងដែរ។ ក្រុមទាំងពីរ មាន​ប្រៀប​ក្នុងលទ្ធផល ១-០ រៀងៗ​ខ្លួននៅក្នុងទឹកដី ប៉ុន្តែកាំភ្លើងធំ ជាអ្នក​ទទួល​បាន​កៅអីទៅវគ្គ​បន្ត ក្រោយជ័យជម្នះប៉េណាល់ទី​នៅទឹក Emirates របស់ខ្លួន។
 
ម្ចាស់ការពារ​តំណែងជើង​ឯក Manchester City ឡើង​ទៅ​វគ្គ​បន្តជាមួយនឹង​ជ័យ​ជម្នះយ៉ាងងាយស្រួល​លើ Copenhagen របស់​ដាណឺម៉ាក។ ក្រុម​មេឃខៀវ បានយក​ឈ្នះក្នុងលទ្ធផល ៣-១ ដូចគ្នា ទាំងជើងទីមួយ និងជើងទីពីរ។
 
សម្រាប់ក្រុមពីអាល្លឺម៉ង់ ម្ចាស់ជើងឯក​៦ជំនាន់ Bayern Munich បាន​ទម្លាក់ Lazio ក្នុងលទ្ធផល​សរុប​ ៣-១។ នៅក្រៅដី Bayern ចាញ់ ១-០ ប៉ុន្តែពួក​គេបានស្តារមុខមាត់ ៣-០ វិញ ក្នុងជើងទីពីរ នៅ Allianz Arena។
 
Borussia Dortmund ដែលជាម្ចាស់ជើងឯកកាលពីឆ្នាំ​១៩៩៧ បាន​បង្អាក់ដំណើរ​របស់ក្រុមហូឡង់ PSV ក្នុងលទ្ធផល​សរុប ៣-១។ ជើងទីមួយ ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ ប៉ុន្តែ Dortmund មាន​ប្រៀប ២-០ វិញនៅជើងទីពីរ។
 
Paris Saint Germain ជាក្រុម​បារាំងតែមួយគត់​ដែលបន្តបោះជំហានទៅមុខ ក្រោយយកឈ្នះ Real Sociedad សរុប ៤-១។ នៅទឹក​ដីខ្លួន PSG ឈ្នះ ២-០ ហើយ​បន្តឈ្នះ ២-១ ទៀត នៅ​ទឹកដីរបស់​ក្រុម​អេស្ប៉ាញ។
 
ការ​ចាប់ឆ្នោតសម្រាប់វគ្គ​១ភាគ៤ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្តទៅនៅ​យប់ថ្ងៃទី១៥ ខែមីនា។ ជើងទីមួយ នឹងត្រូវប្រកួតនៅ​ថ្ងៃទី​៩ និងទី១០​ ខែមេសា ហើយជើងទីពីរ ប្រព្រឹត្តនាសប្តាហ៍បន្ទាប់៕

Tag:
 UCL
© រក្សាសិទ្ធិដោយ thmeythmey.com