ជាតិ
តុលាការដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន បាន៦៨០០ករណីក្នុងរយៈពេល​៦៣ថ្ងៃ
14, Mar 2024 , 10:29 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល៦៣ថ្ងៃ តុលាការរាជធានី-ខេត្ត បានដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន បាន៦៨០០សំណុំរឿង ដែលស្មើនឹង៩៩ភាគរយនៃសំណុំរឿងដែលនៅសល់មុខពេលចាប់ផ្ដើមយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ចេញថ្ងៃទី១៣មីនា។

 
កាលពីថ្ងៃទី៩មករា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការ «ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌» ដោយផ្ដោតសំខាន់លើ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ 
 
ហេតុនេះ ទើបសាលាដំបូង រាជធានី-ខេត្ត ទូទាំងប្រទេស ផ្តោតអាទិភាពលើការ​ដោះស្រាយសំណុំរឿងដែលកកស្ទះច្រើន ក្នុងនោះមានសំណុំរឿងអត្រានុកូលដ្ឋាន។ ករណីអត្រានុកូលដ្ឋាននេះ តុលាការបានដោះស្រាយបាន ៩៩ភាគរយហើយ។ លើសពីនេះ សាលាដំបូងរាជធានី-ខេត្ត ក៏បានដោះស្រាយនូវសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ជាបន្តបន្ទាប់ក្រោយពេលចាប់ផ្តើមយុទ្ធនាខាងលើ បានប្រមាណ ១០៤០ សំណុំរឿង ផងដែរ។
 
តាមរយៈលទ្ធផលនេះ ក្រសួងយុត្តិធម៌ ក្នុងនាមគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែង របស់ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តី ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋ៕ 
 
 

Tag:
 អត្រានុកូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com