ជាតិ
បទសម្ភាសន៍
អ្នក​ចង់​សិក្សា​ជំនាញវិស្វកម្ម​អេឡិចត្រូនិកនៅបរទេស ត្រូវ​ពង្រឹងភាសា​អង់គ្លេស និងមុខវិជ្ជា​វិទ្យាសាស្ត្រ
15, Mar 2024 , 7:59 am        
រូបភាព
លោក ស៊ុន ថារ៉ា និស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Jeonbuk
លោក ស៊ុន ថារ៉ា និស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Jeonbuk
លោក ស៊ុន ថារ៉ា ទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Jeonbuk ហើយទទួលបានសញ្ញាបត្រនៅខែកុម្ភៈកន្លងមក។  ពាក់ព័ន្ធ​នឹងការ​សិក្សា​របស់ខ្លួន លោក ថារ៉ា បាន​លើក​ឡើងពី​ផលលំបាក​ច្រើន​ ដោយ​​លោក​ត្រូវ​តាមឱ្យ​គេ ទាំងផ្នែក​ភាសា ទំនាក់ទំនង និង​ការ​សិក្សា ដោយ​កូរ៉េខាងត្បូងជាប្រទេសមួយ​ដែលប្រព័ន្ធអប់រំខ្ពស់។

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១២ ខែមីនា លោក ស៊ុន ថារ៉ា  បានប្រាប់ពីបទពិសោធន៍ ការទទួលបានអាហារូបករណ៍ និងបញ្ហាលំបាកក្នុងពេលសិក្សាសកលវិទ្យាល័យ Jeonbuk កូរ៉េខាងត្បូង ដូច្នេះ៖ «ដោយសារកូរ៉េខាងត្បូង ជាប្រទេសមានប្រព័ន្ធអប់រំខ្ពស់ ហើយបើយើងមកពីប្រទេសកំពុងអភិវឌ្ឍ យើងអត់សូវទាន់គេទេ។ ហេតុនេះ ការរៀននៅពេលដំបូង គឺលំបាកខ្លាំង»។ 
 
ដោយជួបបញ្ហាលំបាកទាំងផ្នែកភាសា និងមេរៀន លោក ថារ៉ា ត្រូវមើលមេរៀនរហូតដល់ទៅ ២ ឬ៣ ដង ដើម្បីយល់មេរៀនឱ្យបានច្រើន ខណៈនិស្សិតកូរ៉េខាងត្បូង គឺរៀនតែមួយលើកទេ ហើយគេអាចយល់បានច្រើន។ បើតាមអតីតនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជារូបនេះ លោកជួបបញ្ហាលំបាកលើការសិក្សាផ្នែកមេរៀន ជាងជាភាសា។ 
 

ក្នុងការសិក្សានៅសកលវិទ្យាល័យ Jeonbuk លោកថារ៉ា ត្រូវចំណាយពេលអនុវត្តនៅក្នុងបន្ទាប់ពិសោធន៍ច្រើន ជាជាងសិក្សាមេរៀន ដោយសារលោកចំណាយពេលសិក្សាតែ ៣មុខវិជ្ជាប៉ុណ្ណោះ ក្នុងមួយឆមាស។ និស្សិតរូបនេះ បានរៀបរាប់ថា ក្រោយពីរៀនមេរៀនហើយ លោកត្រូវយកចំណេះដឹងពីការសិក្សាទាំងនោះ មកអនុវត្តនៅក្នុងបន្ទប់ពិសោធន៍ ដែលត្រូវចំណាយពេលជាច្រើនម៉ោង។ បើតាមលោកថារ៉ា សាស្រ្តាចារ្យ ដែលបង្រៀនរូបលោកមានការអនុគ្រោះ និងលើកទឹកចិត្តដល់លោកផងដែរ។ 
 
និស្សិតដែលទើបបញ្ចប់ថ្នាក់អនុបណ្ឌិតរូបនេះ បានលើកទឹកចិត្តឱ្យនិស្សិត​ និងសិស្សសាលា ដែលចង់បន្តការសិក្សានៅបរទេស ឬនៅកូរ៉េខាងត្បូង ឱ្យពង្រឹងចំណេះដឹងភាសាអង់គ្លេស និងមុខវិជ្ជាផ្នែកវិទ្យាសាស្រ្ត ជាពិសេសគណិតវិទ្យា។
 
សូមបញ្ជាក់ថា លោកថារ៉ា ធ្លាប់ជាបេក្ខជនទទួលបានជ័យលាភីលេខមួយ នៅក្នុងការ​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ (Robocon Cambodia) លើក​ទី​៧ ក្នុង​ឆ្នាំ​២០២០។ កាលនោះ ប្រកួតប្រជែង​ធ្វើឡើង​ក្រោម​ប្រធានបទ «​រ៉ូ​បូត​បាល់ឱប​»​៕ 

Tag:
 កូរ៉េខាងត្បូង
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com