ជាតិ
ព្រឹត្តិការណ៍ សមរាត្រី នឹងកើតឡើងនៅថ្ងៃទី២១មីនា ទេសចរណ៍ជាតិ និងអន្តរជាតិ នាំគ្នាឈរថតទិដ្ឋភាព «សមរាត្រី» នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
× សៀមរាប៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ «សមរាត្រី» ឬ «ព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត» លើកទី១ ក្នុងឆ្នាំ២០២៤ នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនានេះ។ នេះបើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
បើតាមអាជ្ញាធរជាតិអប្សរា «សមរាត្រី» ត្រូវបានដូនតាចារឹកលើសិលាបុរាណ ដោយហៅព្រឹត្តិការណ៍នេះថា «វិសុវ» គឺជាពេលដែលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ លើប្រាសាទអង្គវវត្ត។
ព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរវត្ត កើតឡើងពីរដងក្នុងមួយឆ្នាំ គឺលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ ដើម្បីទស្សនាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែទៅដល់ប្រាសាទអង្គរវត្តមុនម៉ោង៥ ឬម៉ោង៥ជាងបន្តិច។
ព្រឹត្តិការណ៍ «សមរាត្រី» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣កន្លងទៅ នៅប្រាសាទអង្គរវត្ត។
មិនខុសពីឆ្នាំមុនដែរ ក្រសួងទេសចរណ៍ ក៏រៀបចំកម្មវិធី «ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយ» ( Equinox Angkor Photo Contest) ដើម្បីផ្សព្វផ្សាយបន្ថែម ពីព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត។ កាលបរិច្ឆេទទទួលរូបថត ចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ស្នាដៃល្អបំផុត ៣ នឹងជ្រើសរើសសម្រាប់ឈ្នះរង្វាន់ ដែលអ្នកឈ្នះ នឹងទទួលបានទឹកប្រាក់ចាប់ពី ៥សែន រៀល ដល់១លានរៀល។
សូមរំឭកថា កាលពីឆ្នាំ២០២៣ សមរាត្រី ដែលកើតឡើងនៅខែមីនា គឺស្របពេលនឹងការរៀបចំព្រះរាជពិធីព្រះរាជទានព្រះអគ្គិជ័យកីឡា នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
សមរាត្រីឆ្នាំ២០២៣ ដែលកើតចំថ្ងៃ២១មីនាដែរនោះ ទទួលបានទេសចរចំនួន ៨ ៧២៦នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេស ចំនួនប្រមាណ ២ ២២៦ នាក់។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប៕
ផ្ទាំងផ្សព្វផ្សាយពីការប្រកួតរូបថត «សមរាត្រ» របស់ក្រសួងទេសចរណ៍។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍៕
Tag:
ThmeyThmey
សមរាត្រី
សៀមរាប
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com