ជាតិ
សង្គមជាតិ
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ឱ្យពលរដ្ឋប្រយ័ត្នលើការវិនិយោគអនឡាញ រូបពី និយ័តករមូលបត្រកម្ពុជា
× ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាអំពាវនាវឱ្យសាធារណជន ប្រុងប្រយ័ត្នលើការវិនិយោគតាមអនឡាញ ខណៈក្រុមឧក្រិដ្ឋជនបានបង្កើនការឆបោកខុសច្បាប់តាមអនឡាញ គួរឱ្យកត់សម្គាល់។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិចេញថ្ងៃទី១២មីនា។
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សង្កេតឃើញ មានការផ្សាយទាក់ទាញពលរដ្ឋតាមបណ្ដាញសង្គមហ្វេសប៊ុក និងក្រុមតេលេក្រាម ដើម្បីឱ្យដាក់ប្រាក់វិនិយោគ ឬជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗជាហូរហែ។ ពួកក្រុមទាំងនោះ សន្យាផ្ដល់អត្រាការប្រាក់ ឬប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ដែលសកម្មភាពទាំងនោះ ពុំមានការអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ចឡើយ។
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្រុមឧក្រិដ្ឋកម្មទាំងនោះ បានបង្កើតក្រុមតេឡេក្រាមក្លែងក្លាយ និងប្រើប្រាស់គណនីបន្លំដោយប្រើឈ្មោះ និងរូប របស់ថ្នាក់ដឹកនាំ ស្ថាប័ន ក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីផ្សព្វផ្សាយក្នុងបណ្ដាញសង្គម។
ករណីខាងលើ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សង្កេតឃើញពលរដ្ឋរងគ្រោះ ដោយសារការដាក់ប្រាក់ក្នុងគម្រោងវិនិយោគខុសច្បាប់ទាំងនោះ បានខាតបង់ថវិកា និងទ្រព្យសម្បត្តិជាច្រើន។ ជាមួយគ្នាដែរសកម្មភាពទាំងនេះ បង្កឱ្យមានការភាន់ច្រឡំជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយប៉ះពាល់កិត្តិយសរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននោះផងដែរ។ ជាងនេះទៅទៀត គឺបង្កការរំខានដល់ការវិនិយោគ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ពិសេសវិស័យមូលបត្រនៅកម្ពុជា។
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ទម្រង់នៃការប្រមូល មូលនិធិតាមរូបភាពបែបនេះ ជាសកម្មភាពខុសច្បាប់ និងជាអំពើឆបោកដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ប៉ុន្តែប្រសិនបើការប្រមូលមូលនិធិធ្វើឡើងដើម្បីយកទៅវិនិយោគលើគម្រោងណាមួយច្បាស់លាស់ គឹតម្រូវឱ្យមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពី និយ័តករមូលបត្រកម្ពុជា។ បើពុំដូច្នេះទេ ត្រូវចាត់ទុកជាអាជីវកម្មនៃគម្រោងវិនិយោគរួមដោយខុសច្បាប់ ដូចដែលមានចែងក្នុងច្បាប់ស្ដីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន»។
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតកិច្ចសហការឃ្លាំមើលសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងករណីខាងលើ ពិសេសការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់តាម ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបតាមយន្តការច្បាប់ដែលមានជាធរមាន។
ដូច្នេះ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យសាធារណជន ជួយរាយការណ៍ឬដាក់ពាក្យបណ្ដឹង លើករណីសង្ស័យ ឬចាញ់បោកគដោយសារការដាក់ប្រាក់វិនិយោគ ទៅអគ្គស្នងការដ្ឋាននគរបាលជាតិតាមរយៈលេខ ១១៧ ឬទាក់ទងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com