ជាតិ
ក្លិប​អ្នកកាសែត​កម្ពុជា នាំ​អ្នកសារព័ត៌មាន​ជិត​៣០​ស្ថាប័ន ទៅ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​
15, Mar 2024 , 8:33 am        
រូបភាព
ភ្នំពេញ​៖ ក្លិប​អ្នកកាសែត​កម្ពុជា បានរៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ជិត​៣០​ស្ថាប័ន ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ចាប់ពី​ថ្ងៃទី​១៥-១៧ មីនា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​អ្នកសារព័ត៌មាន នឹង​ទៅ​ទស្សនា​នៅ​ទីតាំង​ទេសចរណ៍​ថ្មីៗ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប រួមទាំង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​នៅ​ភូមិ​ព្រះ​ដាក់​ផងដែរ​។​



​អ្នកសារព័ត៌មាន​ជិត ៣០​ស្ថាប័ន រួមទាំង​អ្នកសារព័ត៌មាន​ថ្មីៗ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២​យប់​៣​ថ្ងៃនេះ ក្រុម​អ្នកសារព័ត៌មាន នឹង​ទៅ​ទស្សនា​ត្រី​នៅ​ឧទ្យាន​កម្សាន្ត Angkor WildLife and Aquarium រួច​បន្តដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​។ ជាមួយគ្នានេះ ក្រុម​អ្នកសារព័ត៌មាន ក៏​ទៅ​ផ្ដិត​ទិដ្ឋភាព​ពីលើ​អាកាស តាមរយៈ​ការ​ជិះ​កន្ត្រ​កវិល ដែល​ខ្ពស់​ជាងគេ​នៅ​ខេត្តសៀមរាប​។​

​ក្រៅពីនេះ ក្រុម​អ្នកសារព័ត៌មាន នឹង​បន្តដំណើរ​ទៅ​ភូមិ​ព្រះ​ដាក់ ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ផលិត​ព័ត៌មាន​ពី​ការធ្វើ​ស្ករត្នោត​, ការផលិត​ទៀន​, ការធ្វើ​ស្លឹកត្នោត​បត់​ជា​រូប​សត្វ​ស្លាប​, របៀប​ធ្វើ​នំ​បញ្ចុក និង​នំ​ខ្មែរ ជាពិសេស​ការ​ជិះ​រទេះគោ​កម្សាន្ត​ផងដែរ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​អ្នកសារព័ត៌មាន នឹងធ្វើ​ដំណើរ​តាម​រថយន្ត Jeep ទស្សនាការ​រស់នៅ​រប​ស់​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។

​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​អ្នកសារព័ត៌មាន នឹង​ជួប​សម្ភាស​ជាមួយ​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប នៅមុខ​ប្រាសាទអង្គរវត្ត​។ សម្រាប់​កម្មវិធី​បញ្ចប់ ក្រុម​អ្នកសារព័ត៌មាន បន្ត​ចុះ​ផលិត​ព័ត៌មាន​នៅ​ភូមិ​បណ្ដែត​ទឹក​កំពង់​ភ្លុក​ផងដែរ​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៦ និង​១៧ ខែមីនា ឆ្នាំ​២០២៤​នេះ ក្រសួងទេសចរណ៍ នឹង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៨ នៅ​ខេត្តសៀមរាប​។ ពិធីបុណ្យ​ទន្លេ ធ្វើឡើង​ក្រោម​ប្រធានបទ «​ទន្លេ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​»​។ «​ពិធីបុណ្យ​ទន្លេ​» ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១៥ ដើម្បី​ជំរុញឱ្យមាន​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅកាន់​ខេត្ត​នៅ​ដង​ទន្លេ នៃ​ប្រទេស​កម្ពុជា និង​ដើម្បី​ជំ​រុញឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ មាន​ភាពប្រសើរឡើង​៕


© រក្សាសិទ្ធិដោយ thmeythmey.com