កីឡាជាតិ
ជាតិ
ធឿន​ ធារ៉ា​ ផ្តួលកីឡាករបរទេសពីររូបឈ្នះជើងឯកម៉ារ៉ាតុន ជាមួយប្រាក់រង្វាន់២០លានរៀល
15, Mar 2024 , 11:01 am        
រូបភាព
ធឿន​ ធារ៉ា បានផ្តួលកីឡាករបរទេសពីររូបឱ្យសន្លប់លើសង្វៀនរាជសីគុនខ្មែរ ដើម្បីដណ្តើមជើងឯកការប្រកួតម៉ារ៉ាតុនវិលជុំ ក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម ដែលធ្វើឡើងនៅទឹកដីខេត្តតាកែវ​ ថ្ងៃទី១៤​ ខែមីនា។

 
ការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈម៉ារ៉ាតុនវិលជុំ ក្នុងកម្មវិធីរាជសីគុនខ្មែរ​ មាន៤ប្រទេសចូលរួម​។ ក្នុងនោះ កម្ពុជាមាន ធឿន​ ធារ៉ា​ រួមជាមួយ​ កីឡាករ ប៉ាវែល ហ្គ្រីសានណូវិច (PAVEL GRISHANOVICH) មកពីបេឡារុស, កីឡាករអ៊ីរ៉ង់​ ហាសាន់ ស៊ីរូស ( HASSAN CYRUS)  និង គីម ហ៊ីយុនជុន (KIM HYUNJUN) មកពីកូរ៉េខាងត្បូង។ 
 
នៅជុំដំបូង​ ធារ៉ា បានផ្តួលកីឡាករកូរ៉េខាងត្បូង ហ៊ីយុនជុន សន្លប់ត្រឹមទឹកទី១ ស្របពេល ប៉ាវែល ហ្គ្រីសានណូវិច ក៏បានបញ្ចប់ ហាសាន់ ស៊ីរូស នៅទឹកទី១ដូចគ្នា។ ធារ៉ា និង ប៉ាវែល ហ្គ្រីសានណូវិច ត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ជើងឯកម៉ារ៉ាតុន ប្រភេទទម្ងន់៧២គីឡូក្រាម។
 


ក្នុងការប្រកួតដ៏ស្វិតស្វាញ​ ធឿន​ ធារ៉ា បានយកឈ្នះ ហ្គ្រីសានណូវិច ទាំងយ៉ាប់យឺន។ នៅទឹកទី១​ កីឡាករទាំងពីរបង្ហាញក្បាច់គុនប្រហាក់ប្រហែលគ្នា​ ប៉ុន្តែឈានដល់ទឹក២ កីឡាករបេឡារុស មានប្រៀបតាមរយៈការវាយ ធារ៉ា ស្ទើទប់ស្មារតីមិនជាប់​ បើទោះអាជ្ញាកណ្តាលមិនសម្រេចចិត្តរាប់ក្តី។ ធារ៉ា រងការបែកដល់ទៅពីរកន្លែងមុនចប់ទឹកទី២។
 
ឈានដល់ទឹក៣ ដែលជាទឹកផ្តាច់ព្រ័ត្រ គ្រូបង្វឹកលោក​​ អេ ភូថង បានប្រាប់ពីចំណុចខ្សោយរបស់ដៃគូ និងប្តូរយុទ្ធសាស្ត្រខ្លះ ទៅធារ៉ា។ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ស្របពេល ធារ៉ា បានបង្ហាញភាពខ្លាំងរបស់ខ្លួនឡើងវិញ តាមរយៈការវាយហ្គ្រីសានណូវិច រាប់ដល់ទៅ២លើក មុនអាជ្ញាកណ្តាលសម្រេចបញ្ចប់ការប្រកួតត្រឹមចុងទឹកទី៣។
 


ទីបំផុត​ ធឿន ធារ៉ា ដែលបែកពីរកន្លែង និងមានឈាមហូរស្រក់ពេញខ្លួន លើកពានការប្រកួតម៉ារ៉ាតុនវិលជុំពីកម្មវិធីរាជសីគុនខ្មែរ ជាមួយប្រាក់រង្វាន់​ ២០លានរៀល និងការឧបត្ថម្ភផ្សេងៗទៀត។
 
ក្រៅពីគូនេះ​ ក៏មានជំនួបមិត្តភាពអន្តរជាតិជាច្រើនគូផងដែរ​ ហើយក្នុងនោះក៏មានជំនួបសងសឹកដណ្តើមខ្សែក្រវ៉ាត់ជាថ្មី រវាង រិន ដេវីត និង ធន់ អៀងឡៃ ក្រោយកីឡាករទាំងពីរនេះធ្លាប់មានបញ្ហាម្តងរួចមកហើយនាការប្រកួតកន្លងទៅ។ នៅលើសង្វៀនរាជសីគុនខ្មែរ ដែលរៀបចំដោយទូរទស្សន៍ថោន នៅទឹកដីខេត្តតាកែវ រិន ដេវីត បានផ្តាច់ ធន់ អៀងឡៃ ឱ្យសន្លប់ធំត្រឹមទឹកទី១ប៉ុណ្ណោះ។ ធន់ អៀងឡៃ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវភ្លាមៗ ផងដែរ៕

Tag:
 គុន ខ្មែរ
  Kun Khmer
© រក្សាសិទ្ធិដោយ thmeythmey.com