កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Leverkusen, Liverpool, West Ham និង៥ក្រុមទៀត ឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រ
15, Mar 2024 , 12:07 pm        
រូបភាព
Bayer Leverkusen បានបង្ហាញភាពភ្ញាក់ផ្អើលជាមួយការវាយបកយកឈ្នះ Qarabag FK ក្នុងលទ្ធផល ៣-២ ជើងទី២ វគ្គ១៦ក្រុម​ ដើម្បីឡេីងវគ្គ៨ក្រុមចុងក្រោយ UEFA Europa League។ ជ័យជម្នះនេះ ជួយក្រុមកំពុងឡេីងជេីងរបស់អាល្លឺម៉ង់ រក្សាភាពមិនចាញ់សោះទាំង៣៧ប្រកួត រដូវកាល ២០២៣-២៤។​ ក្រុមអង់គ្លេស Liverpool និង West Ham United ក៏បានកៅអីវគ្គ១៤/ផ្តាច់ព្រ័ត្រ ជាមួយក្រុម៦ផ្សេងទៀត។

 
ក្រោយការប្រកួតទាំងពីរជើង នៅវគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១៤ ខែមីនា គេបានរកឃើញក្រុមទាំង៨ បន្តទៅកាន់វគ្គ​ ១/៤ផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០២៣-២៤។ ក្រុមទាំង៨ រួមមាន ពីអង់គ្លេស២ អ៊ីតាលី៣ អាល្លឺម៉ង់១ បារាំង១ និងព័រទុយហ្កាល់១។
 
ក្រុមពីអាល្លឺម៉ង់​ Leverkusen គួរឱ្យចាប់អារម្មណ៍ជាងគេ ក្នុងចំណោមក្រុមទាំង៨ ដ្បិតក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក​​ Xabi Alonso មិនដែលស្គាល់ចាញ់ទាល់តែសោះទាំងជំនួបក្នុងលីគ និងក្រៅស្រុក។ វាយបកយកឈ្នះ Qarabag ៣-២ នៅជើងទី២ និងសរុបទាំងពីរជើង ៥-៤ បានជួយ Leverkusen រក្សាភាពមិនចាញ់សោះក្នុងការប្រកួតទាំង៣៧លើក រដូវកាលនេះ។
 
Liverpool បានទម្លាក់ Sparta Prague ក្នុងលទ្ធផលទាំងពីរជើង ១១-២ ដោយជើងទីពីរវគ្គ១៦ក្រុម ក្រុមរហស្សនាមហង្សក្រហមឈ្នះ ៦-១។ 
 
ដោយឡែក West Ham ក៏បង្ហាញភាពខ្លាំងរបស់ខ្លួនផងដែរក្រោយអាចឈានដល់វគ្គ៨ក្រុម ពានរង្វាន់លំដាប់ទី២អឺរ៉ុបនេះ។ ក្រុមរហស្សនាមញញួរបានយកឈ្នះ Freiburg នៅជើងទី២ ក្នុងលទ្ធផល ៥-០ និងសរុបទាំងពីរជើង ៥-១។
 
Marseille បានទម្លាក់ Villarreal ក្រុមចាស់ទុំក្នុងពានរង្វាន់នេះ ក្នុងលទ្ធផលទាំងពីរជើង ៥-៣។ Befica ឈ្នះ Rangers ទាំងពីរជើង ៣-២។
 
ក្រុមអ៊ីតាលីចំនួន៣ ដែលបានកៅអីទៅកាន់វគ្គ៨ក្រុម រួមមាន Atalanta, AC Milan និង AS Roma។ Atalanta ទម្លាក់ Sporting  ក្នុងលទ្ធផលទាំងពីរជើង ២-១ ស្របពេល AC Milan ឈ្នះ​ Slavia Prague ទាំងពីរ ៧-៣ និង Roma ឈ្នះ​ Brighton ៤-១។
 
ក្រុមទាំង៨​ ឡើងទៅប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយ Europa League មាន Liverpool, West Ham, AS Roma, Atalanta, AC Milan, Marseille, Befica និង Leverkusen។ ការចាប់ឆ្នោតប៉ះគ្នា នឹងធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែមីនា នៅទីក្រុង Nyon ប្រទេសស្វ៊ីស៕

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com