ជាតិ
ក្រសួងបរិស្ថាន ឱ្យមន្រ្តីពាក់ព័ន្ធបញ្ឈប់បន្ទាន់ រាល់ការចុះហត្ថលេខាកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ
15, Mar 2024 , 1:59 pm        
រូបភាព
ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បង្រ្កាបបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០២០។ រូបពីក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បង្រ្កាបបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០២០។ រូបពីក្រសួងបរិស្ថាន
ភ្នំពេញ៖ ក្រសួងបរិស្ថាន ឱ្យសមត្ថកិច្ចពាក់ព័ន្ធដកខ្លួនចេញជាបន្ទាន់ រាល់ការចុះហត្ថលេខាលើឯកសារស្នើសុំកាន់កាប់ដីធ្លី និងលិខិតទិញ-លក់ ផ្សេងៗ នៅក្នុងតំបន់ការពារធម្មជាតិ។​ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងក្រោយមានសកម្មភាពការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ។



ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១៤ ខែមីនា ដោយបញ្ជាក់ថា មួយរយៈចុងក្រោយនេះមានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។ សកម្មភាពទាងនេះ បានបំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុងបានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។
 
ជុំវិញរឿងនេះ ក្រសួងបានប្រាប់ឱ្យសមត្ថកិច្ចពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ក្នុងបរិបទនេះ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងអស់ ត្រូវបន្តអនុវត្តច្បាប់១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។ 
 
ក្រសួងបរិស្ថាន ព្រមានផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ។ ជាមួយគ្នានេះ បុគ្គលដែលរំលោភយកដីតំបន់ការពារធម្មជាតិ ត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់ទាំងនោះ ទៅកាន់សមត្ថកិច្ច ឬក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។

នាពេលថ្មីៗនេះ អាជ្ញាធរខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានមនុស្ស៤នាក់ ពាក់ព័ន្ធនឹងការទន្ទ្រានយកដីក្នុងតំបន់ការ ពារធម្មជាតិ ស្ថិតនៅភូមិសាស្រ្តស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ចំនួន១៥០,៩៤ហិកតា។ បច្ចុប្បន្ន អាជ្ញាធរខេត្ត បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ១ករណី ទៅតុលាការ៕

Tag:
 ក្រសួងបរិស្ថាន
  តំបន់ការពារធម្មជាតិ
  អ៊ាង សុផល្លែត
© រក្សាសិទ្ធិដោយ thmeythmey.com