ជាតិ
រដ្ឋ​បាលជលផល រកឃើញការបង្កកំណើតរបស់ផ្កាថ្មលើកដំបូងក្នុងសមុទ្រកម្ពុជា
15, Mar 2024 , 8:59 pm        
រូបភាព
 រូបពី អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា
រូបពី អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា
ភ្នំពេញ៖ ការបង្កកំណើតរបស់ផ្កាថ្មត្រូវបានរកឃើញលើកដំបូងនៅសមុទ្រកម្ពុជា ក្រោម កិច្ចសហការរវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ សត្វព្រៃ និងរុក្ខជាតិកម្ពុជាព្រមទាំងដៃគូផ្សេងៗទៀត។ ការកត់ត្រាថ្មីនេះ បានសបញ្ជាក់ថាផ្កាថ្មដែលរស់ក្នុងកម្ពុជា នៅតែមានសុខភាពល្អ។


បើតាមការជូនដំណឹងរបស់រដ្ឋបាលជលផល នៅថ្ងៃទី១៤ ខែមីនា ការបង្កកំណើតរបស់ ផ្កាថ្មនេះ ត្រូវបានរកឃើញនៅសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ២០២៤។
 
ការបន្តពូជរបស់ផ្កាថ្ម ដ៏ធំគួរឱ្យកត់សម្គាល់នេះ គឺជាសញ្ញាសំខាន់មួយនៃសុខភាពរបស់ថ្មហើយការកត់ត្រាថ្មី នេះបង្ហាញថា ផ្កាថ្មនៅកម្ពុជាមិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែកត្តាគំរាម កំហែងធំៗ ដូចជាការប្រែប្រួលអាកាសធាតុដែលអាចធ្វើឱ្យពួកវាមិនអាចបន្តពូជ បាន នោះទេ។ 
 
ការយល់ដឹងអំពីពេលវេលាបង្កកំណើតរបស់ផ្កាថ្មនេះពិតជាមានសារៈសំខាន់សម្រាប់ការ គ្រប់គ្រងផ្កាថ្ម ព្រោះវាអាចអនុញ្ញាតឱ្យអ្នកអភិរក្ស ប្រើប្រាស់បច្ចេកទេសស្តារឡើងវិញ និង វាយតម្លៃសុខភាពសហគមន៍ផ្កាថ្មរឹង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ 
 
ផ្កាថ្ម ជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទផ្តល់ប្រយោជន៍ដល់អេកូ ទេសចរណ៍ និងដល់សហគមន៍នេសាទសមុទ្រ ក្នុងប្រទេសកម្ពុជាផងដែរ។
 
ការរកឃើញ នេះ នឹងជួយបង្កើនការយល់ដឹងទាក់ទងនឹងការបន្តពូជរបស់ផ្កាថ្មក្នុងឈូងសមុទ្រថៃ។ 
 
បើតាម អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ផ្កាថ្ម មិនមែនជាផ្កា ហើយក៏មិនមែនជាថ្មដែរ។ ផ្កាថ្មជាប្រភេទសត្វ ស្ថិតក្នុងអំបូរជាមួយ  Jellyfish និងក្រា។ ប៉ូលឺបតូចៗនៃផ្កាថ្មរឹងផ្តុំគ្នា បង្កើតបានជាបណ្តុំផ្កាថ្ម (colony) ហើយបណ្តុំផ្កាថ្មច្រើនចូលគ្នា បង្កើតបានជាផ្កាថ្មប៉ប្រះទឹក (coral reef)៕ 

Tag:
 ផ្កាថ្ម
  បរិស្ថាន
  រដ្ឋ​បាលជលផល
© រក្សាសិទ្ធិដោយ thmeythmey.com