កីឡាអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី ប្រើលុយគម្រោង FIFA Forward ដំឡើង VAR ក្នុងលីគ
15, Mar 2024 , 4:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS) យកប្រាក់មូលនិធិ FIFA Forward ដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផ្តល់ឱ្យ ដំឡើងប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) នៅក្នុងលីគកំពូល (SPL) របស់ខ្លួន។

 
នៅក្នុងរបាយការណ៍របស់ FIFA ដែលចេញផ្សាយលើវេបសាយផ្លូវការរបស់ខ្លួន គម្រោង FIFA Forward បានចាយថវិការប្រមាណ ៨០% ស្មើនឹង ២,២៤ ពាន់លានដុល្លារហើយ ទៅដល់សហព័ន្ធជាសមាជិកទាំង ២១១ របស់ខ្លួននៅជុំវិញពិភពលោក។ គម្រោងនេះ បង្កើតឡើង ក្នុងបំណងជំរុញការសាងសង់ ថែទាំ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់ រួមទាំងអភិវឌ្ឍ អនុវត្តការប្រកួតឱ្យកាន់តែប្រសើរឡើង។
 
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី FAS បានប្រើប្រាស់មូលនិធិ FIFA Forward សម្រាប់សម្ភារបរិក្ខារទាំងក្នុង និងក្រៅទីលានបាល់ទាត់ក្នុងប្រទេសរបស់ពួកគេ ដើម្បីបង្កើនប្រសិទ្ធភាពការប្រកួតឱ្យកាន់តែរស់រវើក និងសមត្ថភាពខ្ពស់។ ក្នុងនោះ FAS បានយកប្រាក់ ៥០ម៉ឺនដុល្លារ តាមរយៈគម្រោងនេះ ដំឡើងប្រព័ន្ធ VAR សម្រាប់ការប្រកួតលីគកំពូលសិង្ហបុរី​ (SPL) ផងដែរ។
 
បញ្ហាកាត់ក្តីលើទីលានបាល់ទាត់ក្នុងរយៈពេលចុងក្រោយកំពុងតែឡើងកម្តៅខ្លាំង ជាពិសេសលីគដែលមិនទាន់មានសមត្ថភាពដំឡើង VAR ក្នុងទីលាន។ ថ្មីៗនេះ ក្រុមវិសាខា បានប្រកាសចាកចេញពីលីគកំពូលកម្ពុជា និងពានសម្តេចហ៊ុន សែន ជុំវិញការកាត់ក្តីរបស់អាជ្ញាកណ្តាល។
 
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក៏បានទទួលប្រាក់ពីគម្រោង FIFA Forward នេះដែរ។ ថវិការពីគម្រោងនេះ ភាគច្រើន FFC យកទៅអភិវឌ្ឍ​កីឡាបាល់ទាត់​ ជាពិសេស​ផ្នែក​យុវជនថ្នាល។
 
នៅប្រទេសឡាវ ឯណោះវិញ សហព័ន្ធបាល់ទាត់ឡាវ (LFF) បើកដំណើរការមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាបាល់ទាត់ថ្មី ក្នុងក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ក្រោមជំនួយ មូលនិធិ FIFA Forward នេះ។ មជ្ឈមណ្ឌល ដែលមានឈ្មោះថា ចំប៉ី-ចំប៉ា នេះ បង្កើតឡើងក្នុងគោលបំណងបណ្តុះទេពកោសល្យកីឡាករយុវជន និងពង្រឹងសមត្ថភាពក្រុមបាល់ទាត់ជម្រើសជាតិឡាវ។
 
 
FIFA Forward ជា​កម្មវិធី​អភិវឌ្ឍន៍​កីឡាបាល់ទាត់​ដែល​ចាប់កំណើត​ឡើង​នៅ​ឆ្នាំ​២០១៦ បន្ទាប់ពី​លោក Gianni Infantino ជាប់ឆ្នោត​ធ្វើជា​ប្រធាន​ FIFA។ កម្មវិធី​ថ្មី​នេះ ត្រូវបាន​ប្រើប្រាស់​ឡើង​ដើម្បី​ជំនួស​កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ​មួយចំនួន​ដូចជា  General Regulations for FIFA Development Programmes, Goal Regulations, FIFA Financial Assistance Programme (FAP) Regulations, PERFORMANCE Regulations, FIFA Challenger Programme Regulations, FIFA Win-Win Programme Regulations, adidas Goal Ball Project Regulations​៕
 

Tag:
 FIFA Forward
  FIFA
  VAR
© រក្សាសិទ្ធិដោយ thmeythmey.com