កីឡាជាតិ
ជាតិ
ចប់បេសកកម្មថ្ងៃដំបូង អត្តពលិក Raid Amazones ឆ្លងកាត់ការរត់ចម្ងាយ ច្រូតស្រូវ កិនស្រូវ និងធ្វើនំបញ្ចុក
15, Mar 2024 , 7:24 pm        
រូបភាព
ដោយ: ថ្មីៗ
អត្តពលិកស្ត្រី ជាង២៧៦នាក់ ដែលបានចូលរួមកម្មវិធីRaid Amazones បានបញ្ចប់បេសកកម្មយ៉ាងរលូន នាថ្ងៃទីមួយ នៃព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលរៀបចំឡើងលើទឹកដីអង្គរនេះ។ ក្រៅពីការរត់ចម្ងាយ អត្តពលិកទាំងនេះ បានឆ្លងការបង្រៀនកុមារតូចៗ ច្រូតស្រូវ កិនស្រូវ និងធ្វើនំបញ្ចុកជាដើម។



ចំណាយពេលពេញមួយថ្ងៃ បេក្ខនារី ដែលស្លៀកខោកីឡាខ្លី និងវែង ពាក់អាវព័ណ៌ផ្កាឈូក ជាមួយស្លាកលេខសម្គាល់ខ្លួននោះ បានចំណាយថាមពលយ៉ាងខ្លាំង ក្នុងការរត់ចម្ងាយ១៥គីឡូម៉ែត្រ ពីប្រាសាទតាព្រហ្ម ឆ្ពោះទៅប្រាសាទបី ។ 
 
ដើម្បីទៅដល់គោលដៅនេះ អត្តពលិក ត្រូវឆ្លងកាត់ប្រាសាទតាកែវ, ប្រាសាទតានៃ, មុខប្រាសាទព្រះខ័ន, ខ្លោងទ្វារអង្គរធំ រួមមានខ្លោងទ្វារជ័យ, ខ្លោងទ្វារខ្មោច និងខ្លោងទ្វារទន្លេអុំ រហូតដល់ទីបញ្ចប់ នៅប្រាសាទបី។ ចម្ងាយ១៥គីឡូម៉ែត្រ អត្តពលិកស្ត្រីទាំងចាស់ ទាំងក្មេង ចំណាយពេល៣ម៉ោងប៉ុណ្ណោះ ដែលសម្រេចបានថេរវេលាតិចជាងការគិតរបស់អ្នករៀបចំកម្មវិធី។ ដើមឡើយអ្នករៀបចំកម្មវិធី គិតថា ពួកគេ នឹងចំណាយពេលយ៉ាងតិច៤ម៉ោង ក្នុងការរត់ទៅដល់គោលដៅ។ អត្តពលិកនារីទាំងនេះ ចេញដំណើរនៅម៉ោង៦ព្រឹក ហើយបញ្ចប់ទីនៅម៉ោង៩ព្រឹក។
 
អ្នកចូលរួម Raid Amazones ២៧៦នាក់ ជាស្ដ្រីភាគច្រើន មកពីបារាំង អូស្ដ្រាលី បែលហ្ស៊ិក អង់គ្លេស ស្វីស តួកគី និងអាមេរិកខាងជើង ហើយក៏មានពលរដ្ឋខ្មែរផងដែរ។ ក្នុងចំណោមអត្តពលិកទាំងនេះ ភាគច្រើន ទើបមកកម្ពុជា ជាលើកដំបូង តាមរយៈព្រឹត្តិការណ៍ពិភពលោកមួយនេះ។
 
ជាបទពិសោធន៍ដំបូងមកកម្ពុជា អ្នកទាំងនោះ បានបង្ហាញទឹកមុខញញឹម ដោយបានឃើញប្រាសាទបុរាណ និងស្រោបដោយព្រៃឈើ ហ៊ុំព័ទ្ធជុំវិញ។ កីឡា លាយឡំនឹងសម្រស់ប្រាសាទបុរាណ និងធម្មជាតិបៃតង គឺជាបទពិសោធន៍ថ្មី ដែលកីឡាការិនីទាំងនេះ ទទួលបាន។
 
ក្រោយអស់កម្លាំងរៀងៗខ្លួនហើយ ពួកគេ ក៏ទៅកន្លែងសម្រាក និងស្រស់ស្រូបអាហារថ្ងៃត្រង់ នៅតាមទីតាំង ដែលគេរៀបចំកម្មវិធីជូន។ លុះដល់ម៉ោង៣រសៀល អត្តពលិកទាំងនោះ បានបន្តបេសកកម្មខ្លួនទៀត តាមរយៈការចុះបង្រៀនដល់កុមារតូចៗ នៅសាលាបឋមសិក្សារំដេង នាឃុំចាន់ស ស្រុកសូត្រនិគម ខេត្តសៀមរាប។
 
នៅក្នុងទីតាំងដដែលនេះ អត្តពលិកទាំងចាស់ ទាំងក្មេង ក៏បានស្វែងយល់ពីដំណើរចង្វាក់ផលិតកម្ម ធ្វើស្រែចំការ បែបប្រពៃណីបុរាណ របស់អ្នកស្រុកទៀតផង។ អត្តពលិក បានអនុវត្តសកម្មភាពច្រូតស្រូវ កិនស្រូវ បុកស្រូវ និងអុំអង្ករ យកអង្កាមចេញផងដែរ។ អ្នកខ្លះ បានថតរូបសកម្មភាពខ្លួនកិនស្រូវ ច្រូតស្រូវ កិនម្សៅធ្វើនំបញ្ចុក និងបង្រៀនសិស្សជាដើម។
មិនតែប៉ុណ្ណោះ ពួកគេ ក៏បានទស្សនាការធ្វើនំបញ្ចុក ហើយក៏បានភ្លក់រសជាតិនំបញ្ចុកខ្មែរផង។ អ្នកខ្លះនិយាយជាភាសាអង់គ្លេសថា «It’s Good» ដែលមានន័យថា «ឆ្ងាញ់» ឆ្លើយតបអ្នកសារព័ត៌មានថ្មីៗ ដែលបានតាំងសំនួរទៅកាន់ពួកគេ ពីរសជាតិនេះ។
 
កម្មវិធីបានបញ្ចប់នៅម៉ោង៥ល្ងាច។ ដ្បិតមានការនឿយហត់អស់កម្លាំងក្តី ប៉ុន្តែស្នាមញញឹមរបស់អត្តពលិកទាំងនោះ នៅតែលេចចេញនៅលើផែនថ្ពាល់ ដែលបង្ហាញពីការពេញចិត្តចំពោះបេសកកម្មពេញមួយថ្ងៃនេះ ជាពិសេសបានស្គាល់ពីទំនៀមទម្លាប់ ការរស់នៅរបស់ពលរដ្ឋក្នុងស្រុកអង្គរ។ 
 
សម្រាប់បេសកកម្ម នៅថ្ងៃទី១៦ មីនា អត្តពលិក ត្រូវចែវទូកកានូចម្ងាយ១៥គីឡូម៉ែត្រ (Canoe) នៅកំពង់ឃ្លាំង។ បេក្ខនារី អាចឈ្វេងយល់ពីធម្មជាតិ និងការរស់នៅរបស់ពលរដ្ឋនៅភូមិបណ្តែតទឹក ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ កម្មវិធី Raid Amazones រៀបចំឡើងនៅលើទឹកដីអង្គរ ចាប់ពីថ្ងៃទី១៥ ដល់២០ មីនា។
 
កម្ពុជា ជាពិសេសតំបន់សៀមរាប-អង្គរ ធ្លាប់ជាគោលដៅនៃព្រឹត្តិការណ៍ចំនួន៣លើករួចមកហើយ គឺក្នុងឆ្នាំ២០១៤, ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ឆ្នាំ២០១៤ ជាដែលមានចំនួនចូលរួមច្រើនជាងគេបំផុតក្នុងចំណោមព្រឹត្តិការណ៍ទាំង២៤លើកកន្លងមក ដោយមានបេក្ខនារីសរុបដល់ទៅ៣៤៥នាក់៕
 

Tag:
 Raid Amazones
© រក្សាសិទ្ធិដោយ thmeythmey.com