អន្តរជាតិ
ថៃព្រមានបិទការនាំចូលពោតពីប្រទេសជិតខាងនៅឆ្នាំក្រោយ
17, Mar 2024 , 2:39 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ (រូបក្នុងរង្វង់) និងពោតនៅមីយ៉ាន់ម៉ា។ រូបភាព Xinhua និងTwitter_Srettha Thavision
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ (រូបក្នុងរង្វង់) និងពោតនៅមីយ៉ាន់ម៉ា។ រូបភាព Xinhua និងTwitter_Srettha Thavision
ប្រមុខរដ្ឋាភិបាលថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៧ ខែមីនា បានព្រមានយ៉ាងច្បាស់ៗថា ថៃនឹងបិទការនាំចូលពោតពីប្រទេសជិតខាងរយៈពេល ៤ខែ នៅឆ្នាំក្រោយ ដើម្បីដោះស្រាយការកើនឡើងនៃការបំពុលខ្យល់ ដែលមានភាគល្អិត PM2.5 នៅតំបន់ភាគខាងជើង។ បើតាមលោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាលក្រុងបាងកក ក៏បានលើកពីបញ្ហាខ្យល់បំពុលពិភាក្សាជាមួយភាគីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។

 
ខ្យល់ពុល ដែលមានផ្ទុកភាគល្អិត PM2.5 នៅតែជាបញ្ហាធំនៅក្នុងប្រទេសថៃ ហើយទីក្រុង និងខេត្តមួយចំនួនរបស់ប្រទេសនេះ តែងតែប្រឈម។ ដើម្បីដោះស្រាយបញ្ហាខ្យល់ពុល រដ្ឋាភិបាលថៃបានដាក់ចេញវិធានការឱ្យបុគ្គលិកនៅផ្នែកមួយចំនួនធ្វើការពីផ្ទះ, វិធានការឈប់ដុតព្រៃដើម្បីធ្វើកសិកម្ម និងពិភាក្សាជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហារួមគ្នា។ 
 
ដោយខ្យល់ពុលនៅតែបន្តកើតមាន និងចាត់ទុកជាបញ្ហាធ្ងន់ធ្ងរ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានព្រមាននឹងបិទការនាំចូលពោតពីប្រទេសជិតខាងរយៈពេល ៤ខែ នៅឆ្នាំក្រោយ។ 
 
«យើងត្រូវតែចាត់វិធានការឱ្យបានធ្ងន់ធ្ងរក្នុងពេលនេះ។ នៅឆ្នាំក្រោយ ពោលគឺពីខែមករា ដល់ខែមេសា ការនាំចូលពោតនឹងត្រូវហាមឃាត់»។ ប្រមុខរដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្តឈៀងមៃ ក្នុងថ្ងៃទី១៦ ខែមីនា។ 
 
ខេត្តឈៀងមៃ ជាខេត្តមួយ ក្នុងចំណោមខេត្ត និងក្រុងផ្សេងទៀត ដែលប្រឈមនឹងខ្យល់ពុលមានផ្ទុកសារធាតុ PM2.5។ សារធាតុ PM2.5 អាចបង្ក
ឱ្យមនុស្សមានបញ្ហាសុខភាពនៅពេលស្រូបចូលទៅក្នុងខ្លួនដូចជា ប៉ះពាល់ដល់សួត, ជំងឺផ្លូវដង្ហើម, ស្លាប់មុនពេលកំណត់មកពីបញ្ហាសួត និងបេះដូង រួមទាំងជំងឺជាច្រើនទៀត។ 
 
ទោះបានពិភាក្សាជាមួយប្រទេសជិតខាងក្តី មេដឹកនាំថៃរូបនេះ បានបន្តពន្យល់ថា ថៃមិនចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាងឡើយ ប៉ុន្តែវាជាបញ្ហានៃក្តីបារម្ភ។ បើតាមលោកសេដ្ឋា ការដុតព្រៃមិនអាចត្រូវបានដោះស្រាយឡើយ លុះត្រាតែការនាំពោតចូលពីប្រទេសជិតខាងត្រូវបានរឹតត្បិត ក្នុងរដូវប្រមូលផលខ្ពស់។ 
 
តាមសម្តីរបស់លោកនាយករដ្ឋមន្រ្តី សារធាតុ PM2.5 គឺបង្កឡើងដោយការដុតសំណល់កសិកម្មពីសំណាក់កសិករ ដើម្បីយកដីដាំដំណាំបន្ត ហើយនៅភូមិមួយចំនួន បានដុតព្រៃថែមទៀត ដើម្បីយកដី។ ត្រង់ចំណុចនេះ លោកសេដ្ឋា បានទទូចឱ្យស្វែងរកវិធានការដោះស្រាយបញ្ហាការបំពុលខ្យល់៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com