កីឡាជាតិ
ជាតិ
ចម្លាក់ និងថ្ម ប្រាប់រឿងរ៉ាវរាប់ពាន់ឆ្នាំ ទៅបេក្ខនារី Raid Amazones
18, Mar 2024 , 10:24 pm        
រូបភាព
សៀមរាប៖ បេសកកម្មនាថ្ងៃទី៤នេះ បេក្ខនារី Raid Amazones ត្រូវស្វែងរកកំណប់អាថ៌កំបាំង នៅតាមប្រាសាទនានា លើទឹកដីអង្គរ។ រូបចម្លាក់ ថ្ម និងដើមឈើ ជុំវិញប្រាសាទ ឈរប្រាប់រឿងរ៉ាវទៅកាន់ពួកគេ។



ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងតំបន់អង្គរធំ ដែលមានប្រាសាទបាយ័ន ប្រាសាទទេពប្រណម ប្រាសាទព្រះបាលិល័យ ប្រាសាទបាភួន ប្រាសាទព្រះពិធូរ ប្រាសាទឃ្លាំង ប្រាសាទសួរព្រ័ត្រ និងរាជវាំង ជាទីតាំងសម្រាប់បេក្ខនារី Raid Amazones ត្រូវនាំគ្នារុករកអាថ៌កំបាំង នៃការប្រកួតប្រជែងសមត្ថភាពគ្នា នាថ្ងៃទី១៨ មីនា។
 
សម្រាប់ការប្រកួតនេះ បេក្ខនារី Raid Amazones ២៧៦នាក់ ត្រូវបានបែងចែកជា៣០ក្រុម ដោយក្នុងមួយក្រុម មានគ្នាពី៨ ទៅ១០នាក់ ហើយត្រូវរុករកកំណប់អាថ៌កំបាំងនៅប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងតំបន់អង្គរធំ។ ការជីកកកាយអាថ៌កំបាំងនេះ អ្នករៀបចំកម្មវិធី Raid Amazones បានតម្រូវឱ្យបេក្ខនារីទាំងអស់ ផ្លាស់ទីពីប្រាសាទមួយ ទៅប្រាសាទមួយ ដើម្បីស្វែងរកចម្លើយឱ្យបានត្រឹមត្រូវ ទៅតាមរូបភាព និងសំនួរ ដែលក្រុមការងារបានចែកទៅកាន់ក្រុមនីមួយៗ។


 
ក្រុមការងារសារព័ត៌មានថ្មីៗ បានក្រោកពីម៉ោង៥ព្រឹក ហើយជួបជុំគ្នានៅទីស្នាក់ការិយាល័យ ដែលស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដើម្បីរួសរាន់ធ្វើដំណើរឱ្យទាន់កម្មវិធីស្វែងរកកំណប់អាថ៌កំបាំង នៃព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។ ម៉ោង៧ព្រឹក រថយន្តដឹកជញ្ជូនបេក្ខនារី Raid Amazones បានមកដល់ទីតាំងប្រាសាទនីមួយៗ ។ ក្រុមការងារសារព័ត៌មានថ្មីៗ ចំនួន៦នាក់ ដែលឈរជើងនៅតាមគោលដៅនោះ បានទាញយកសម្ភារៈដូចជា កាមេរ៉ា និងទូរសព្ទដៃ តាមផ្ដិតយកវីដេអូ និងរូបភាពពីសកម្មភាពរបស់អត្តពលិកនារីទាំងនោះ ទៅតាមជំនាញរៀងៗខ្លួន។
 
មុនចូលទីតាំងប្រាសាទ បេក្ខនារី ដែលស្លៀកខោខ្លី ត្រូវបានមន្ត្រីអាជ្ញាធរអប្សរា ដែលឈរការពារប្រាសាទ និងអ្នករៀបចំកម្មវិធី Raid Amazones តម្រូវឱ្យយកសំពត់ ឬកន្សែងវែង មកស្លៀកពីលើ ដើម្បីកុំឱ្យឃើញរូបភាពស៊ិចស៊ី។ ក្រោយគោរពតាមការណែនាំហើយ ប្រធានក្រុមនីមួយៗ បានយកក្រដាសដែលមានរូបភាពចម្លាក់អប្សរា រូបបដិមា ដំបូលប្រាសាទ ផ្ដែរប្រាសាទ រូបព្រះពុទ្ធប្រក់នាគ ទីសក្ការបូជា និងដើមឈើ រួមទាំងសំនួរពាក់ព័ន្ធប្រាសាទ និងបុព្វបុរសខ្មែរ មកបង្ហាញ និងពន្យល់ដល់កូនក្រុមខ្លួន ឱ្យស្វែងរកចម្លើយ តាមរយៈរូបភាពទាំងនេះ។
 
ចំពោះសំនួរវិញ ក៏មានរំលេចពីពាក្យ«វរ្ម័ន» ជាដើម ដែលតម្រូវឱ្យក្រុមបេក្ខនារី ពន្យល់ពីអត្ថន័យពាក្យនេះ។ បើតាមវចនាក្រមសម្ដេចសង្ឃរាជ ជួន ណាត ពាក្យ«វរ្ម័ន» នេះ ជាពាក្យ(សំស្ក្រឹត) មានន័យថា ក្រោះ, អាវក្រោះ ។ ជយវរ្ម័ន ( ជៈយៈ– ) អាវក្រោះមានជ័យ; អ្នកពាក់ក្រោះមានជ័យ  ។ ព្រះបរមនាម ឬ គោរមនៃព្រះបរមនាមរបស់ព្រះមហាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋសម័យមហានគរ ( សម័យនគរធំ )។
 
ដោយមិនបង្អង់យូរ បេក្ខនារីទាំងនោះ បានបែងចែកគ្នា២ ទៅ៣នាក់ ដោយខ្លះកាន់វចនានុក្រម , ប្រើGoogle និងសួរមនុស្សជុំវិញខ្លួន ដើម្បីស្វែងរកចម្លើយ។ ពិតហើយ រូបភាព និងសំនួរទាំងនេះ ពិតជាមិនងាយស្រួលឡើយ សម្រាប់អត្តពលិកស្ត្រី Raid Amazones ដែលភាគច្រើនមកពីបារាំង អូស្ដ្រាលី បែលហ្ស៊ិក អង់គ្លេស ស្វីស តួកគី និងអាមេរិកខាងជើង ហើយក៏មានពលរដ្ឋខ្មែរផងដែរ។
 

ចេញពីក្លោងទ្វាមួយ ចូលក្លោងទ្វាមួយ , ពីប្រាសាទមួយ ទៅប្រាសាទមួយ ក្រុមស្ត្រីពាក់អាវព័ណ៌ក្រហមទាំងនោះ ឆ្លេឆ្លាចុះឡើង ដោយភ្នែករំពៃសម្លឹងមើលរូបចម្លាក់តាមជញ្ជាំង ដើម្បីពិនិត្យផ្ទៀងផ្ទាត់គ្នា ជាមួយរូបភាពលើក្រដាសសមួយសន្លឹក ដែលកាន់ជាប់នឹងដៃ។ ស្ត្រីស្បែកស ទាំងនេះ ពិតជាពិបាកយល់ណាស់ ចំពោះសំនួរ និងស្វែងយល់ចម្លើយ។
 
បើសួរស្ត្រីស្បែកសទាំងនេះថា នឿយហត់ទេ? ពិតណាស់ គឺពួកគេឆ្លើយថា ហត់! ពិបាកទេ ? ពិតណាស់ គឺពិបាក! ប៉ុន្តែបើសួរថា ខកចិត្តទេ? ពួកគេប្រាកដជាឆ្លើយថា មិនខកចិត្តនោះទេ ព្រោះកម្មវិធី Raid Amazones មួយនេះ បាននាំពួកគេឱ្យស្គាល់ពីប្រពៃណីវប្បធម៌កម្ពុជា លើសពីសកម្មភាពកីឡា តាមរយៈវិញ្ញាសាស្វែងរកកំណប់អាថ៌កំបាំងលើទឹកដីអង្គរនេះ។ ក្រៅពីស្វែងរកចម្លើយ កីឡាការិនី បានថតរូបភាពខ្លួនឯង (Selfie) និងក្រុម ភ្ជាប់ជាមួយទីប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន ប្រាសាទបាភួន និងប្រាសាទគោលដៅផ្សេងៗទៀត។ បន្ថែមពីនេះ ពួកគេ ក៏បានស្វែងយល់ពីរសជាតិជីវិតតាមតំបន់ស្រុកស្រែចម្ការ ម្ហូបអាហារខ្មែរ និងផ្ទះបណ្ដែតទឹករបស់ប្រជាពលរដ្ឋ រស់នៅតាមដៃបឹងទន្លេសាបទៀតផង ។
 
ជាពលរដ្ឋខ្មែរម្នាក់ ដែលបានចូលរួមកម្មវិធី Raid Amazones នេះ កញ្ញា ទា កល្យាណ សកម្មភាពយ៉ាងខ្លាំង ក្នុងការស្វែងរកកំណប់អាថ៌កំបាំង ជាមួយជនបរទេសផ្សេងទៀត ដែលជាមិត្តរួមក្រុម។ វិញ្ញាសានេះ វាពិតជាពិបាកសម្រាប់ កល្យាណ និងមិត្តរួមក្រុម។ ដ្បិតពិបាក ហើយនឿយហត់ក្តី ប៉ុន្តែ កល្យាណ នៅតែគិតថា សកម្មភាពនៃការប្រកួតប្រជែងគ្នានេះ ពិតជាផ្ដល់ចំណេះដឹង និងបទពិសោធន៍ជីវិតបន្ថែមដល់ខ្លួន។ បើតាមកល្យាណ មិត្តរួមក្រុមខ្លួន ជាជនជាតិបរទេសនោះ ក៏ពេញចិត្តចំពោះកម្មវិធីនេះដែរ។

 
 
«មិនត្រឹមតែជាល្បែងកម្សាន្តមួយទេ តែធ្វើឱ្យពួកគាត់ (មិត្តបរទេស) បានយល់ដឹងពីវប្បធម៌យើងថែមទៀត» ។ នេះបើតាមកល្យាណ ដែលបានបន្ថែមថា មិត្តបរទេសរួមក្រុមខ្លួន បានព្យាយាមស្រាវជ្រាវស្វែងយល់ពីរូបចម្លាក់ និងរូបសក្ការៈនានា តាមលក្ខខណ្ឌកម្មវិធី។ 
 
ពេលវេលាចេះតែរំកិលទៅមុខ ព្រះសូរសែងបញ្ចេញរស្មី ប្របពីលើប្រាសាទ នាកណ្ដាលថ្ងៃត្រង់ ដែលជាសញ្ញាបង្ហាញថា សកម្មភាពរុករកកំណប់អាថ៌កំបាំង តាមរូបចម្លាក់ លើជញ្ជាំងថ្មប្រាសាទនេះ ក៏ដល់ពេលកំណត់ហើយ។ គ្មានឡើយ សំឡេងស្រែកហ៊ោអបអរជោគជ័យ ក្នុងវិញ្ញាសាកំណប់អាថ៌កំបាំងនេះទេ ។ វាបង្ហាញន័យគ្រប់គ្រាន់ហើយថា ក្រុមបេក្ខនារីទាំងអស់ មិនអាចសម្រេចបានលទ្ធផលឡើយ ប៉ុន្តែពួកគេ នៅតែមានស្នាមញញឹម ចំពោះការប្រឹងប្រែងរបស់ខ្លួន។ ក្រុមអ្នករៀបចំកម្មវិធី ក៏បានឱ្យសញ្ញាបញ្ចប់ការប្រកួតប្រជែង នៅម៉ោងជិត១២ថ្ងៃត្រង់ ដែលតម្រូវឱ្យបេក្ខនារី ឡើងលើរថយន្ត ត្រឡប់ទៅកាន់កន្លែងស្នាក់នៅវិញ៕
 



 

Tag:
 Raid Amazones
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com