ជាតិ
ខេត្តស្ទឹងត្រែង មានផែនការបង្កើតកន្លែងទស្សនាសត្វផ្សោត ដូចអន្លង់កាំពី
19, Mar 2024 , 11:39 am        
រូបភាព
រូបពី WWF
រូបពី WWF
អាជ្ញាធរខេត្តស្ទឹងត្រែង មាន​គម្រោងបង្កើតកន្លែងទស្សនាសត្វផ្សោត ដូចរមណីយដ្ឋានអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ ស្ទឹងត្រែង មានអន្លង់ផ្សោតធំៗចំនួន៣កន្លែង ក្នុងនោះអន្លង់ផ្សោតត្បូងខ្លា ស្ថិតក្នុងស្រុកសៀមបូក គឺជាទីតាំងតែមួយគត់ដែលមានផ្សោតរស់នៅច្រើនជាងគេ និងសក្ដានុពលគ្រប់គ្រាន់សម្រាប់បម្រើឱ្យការទស្សនាសត្វផ្សោត។

 
ប្រធានមន្ទីរទេសចរណ៍​ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៨ ខែមីនានេះថា ខេត្តស្ទឹងត្រែងមានសក្ដានុពលធម្មជាតិសម្បូរបែប ជាពិសេសផ្សោត ដែលជាប្រភេទសត្វកម្រជិតផុតពូជ។ ជាគោលដៅ​ មន្ទីរទេសចរខេត្តស្ទឹងត្រែង ចង់​ប្រែក្លាយកន្លែងអភិរក្សសត្វផ្សោត ទៅជារមណីយដ្ឋានដ៏ទាក់ទាញមួយ សម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវទេសចរ។ 
 
បើតាមផែនការរយៈពេល៥ឆ្នាំចុងក្រោយរបស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានជ្រើសរើសអន្លង់ផ្សោតត្បូងខ្លា ស្ថិតក្នុងភូមិត្បូងខ្លា ស្រុកសៀមបូក ជាគោលដៅបង្កើត «រមណីយដ្ឋានទេសចរណ៍ងន្លង់ផ្សោតត្បូងខ្លា» ដោយសារនៅទីនោះមានផ្សោតរស់នៅច្រើនជាងគេ។ 
 
យ៉ាងណា លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា បច្ចុប្បន្ន​ មន្ទីរទេសចរណ៍ និងមន្រ្តីពាក់ព័ន្ធ កំពុងស្វែងរកដៃគូ ឬវិស័យឯកជន ដើម្បីគាំទ្រដល់ការដល់អភិវឌ្ឍន៍។​ ប្រសិនបើ គម្រោងនេះលិចចេញរូបរាង នឹងបានបង្កើតជាការងារដល់ពលរដ្ឋ និងប្រជានេសាទ តាមរយៈសេវាកម្មលក់ដូរម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ និងសេវាទូកដឹកភ្ញៀវទស្សនាសត្វផ្សោតជាដើម។

ចំណូលពីវិស័យទេសចរណ៍នេះហើយ ក៏នឹងជួយពលរដ្ឋឱ្យមានលទ្ធភាពពង្រឹងកិច្ចការងារអភិរក្ស បន្ថែមទៀតផងដែរ។ 
 
លោក ប្រាប់ដូច្នេះថា៖«ឥឡូវនេះ ពួកយើងកំពុងរកដៃគូរ ឬក៏វិស័យឯកជន ដើម្បីជួយអភិវឌ្ឍន៍។ ប្រសិនបើ គម្រោងនេះលេចចេញជារូបរាង គឺពិតជាមានសារៈសំខាន់ណាស់។ ទី១ បានអាចជួយបង្កើនការយល់ពាក់ព័ន្ធនឹងកិច្ចការងារអភិរក្ស ជាពិសេសសត្វកម្រជិតផុតពូជ។ ទី២ បានផ្ដល់ការងារជូនពលរដ្ឋតាមរយៈការលក់ដូរ ឬសេវាកម្មជូនភ្ញៀវមើលផ្សោត ផ្សេងៗ»។ 
 
នៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង មានផ្សោតចន្លោះពី២៨ទៅ៣០ក្បាល។ នៅទីនោះ មាន៣អន្លង់ធំ គឺមានអន្លង់កោះស្ទួក អន្លង់កោះកូនសាត់ និងអន្លង់ផ្សោតត្បូងខ្លា។ ក្នុងនោះ អន្លង់ផ្សោតត្បូងខ្លា មានរស់នៅច្រើនជាងគេ។ 
 
លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង គាំទ្រចំពោះផែនការបង្កើតជារមណីយដ្ឋានទស្សនាសត្វផ្សោត​ របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ យ៉ាងណា លោកយល់ថា គម្រោងនេះមិនងាយស្រួលនោះទេ ដោយសារផ្សោតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង តែងតែចល័តស្ទើរគ្រប់ទិសទី ដែលពិបាកឱ្យភ្ញៀវទេសចរតាមទស្សនា។  
 
លោក ប្រាប់ដូច្នេះថា៖«បញ្ហាប្រឈមនឹងគឺ​ ផ្សោតនៅឯយើង(ស្ទឹងត្រែង) មិនដូចនៅកាំពីដែលតែងតែបង្ហាញខ្លួនក្នុងអន្លង់។ ដោយឡែក នៅស្ទឹងត្រែងវិញ វា(ផ្សោត) រត់ចេះ រត់ឡើង ក្នុងរង្វង់២០ទៅ៣០គីឡូម៉ែត្រ ដែលយើងពិបាកគ្រប់គ្រង ដោយមិនដឹងថា វាស្ថិតនៅចំណុចណា។ ដូច្នេះ នៅពេលភ្ញៀវទេសចរ​មកទស្សនា អាចអត់ឃើញផ្សោត»។
 
នៅឆ្នាំ២០២៣ មានផ្សោតកើតថ្មី៨ក្បាល និងងាប់៥ក្បាល ក្នុងនោះកូនផ្សោតងាប់២ក្បាល ផ្សោតជំទង់២ក្បាល និងងាប់ដោយសារវ័យចាស់១ក្បាល។  រយៈពេល៤ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៤ក្បាល។ ២០២២ ជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេ រហូតដល់១១ក្បាល និងកើតថ្មីត្រឹមតែ៦​ក្បាលប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យរបស់WWF។ 
 
របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោត ទន្លេមេគង្គក្នុងឆ្នាំ២០២០បានបង្ហាញថា សត្វផ្សោតទន្លេមេគង្គមានតែ៨៩ក្បាលប៉ុណ្ណោះ។ ក្នុងរដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។
 
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ រស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)៕

Tag:
 ទេសចរណ៍
  ស្ទឹងត្រែង
  ផ្សោត
  អន្លង់ផ្សោតត្បូងខ្លា
© រក្សាសិទ្ធិដោយ thmeythmey.com