ជាតិ
វីដេអូ
ទោះមិនសម្បូរទេសចរដូចមុនកូវីដ-១៩ តែ Angkor Wildlfe &Aquariumមិនឱ្យ​សត្វ និងបុគ្គលិកមានបញ្ហាឡើយ
19, Mar 2024 , 3:29 pm        
រូបភាព
សៀមរាប៖ ​ជល​វប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ ដែល​មាន​ឈ្មោះ​ Angkor Wildlfe &Aquarium នៅ​បន្ត​ស្វាគមន៍​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត និង​ទស្សនា​។ លោក​​ អុល វណ្ណដា អ្នក​គ្រប់​គ្រង​នៅ​Angkor Wildlfe &Aquarium ​​លើក​ឡើងថា ​ទោះមិនសម្បូរទេសចរដូចមុនកូវីដ-១៩ តែAngkor Wildlfe &Aquariumមិនឱ្យសត្វ និងបុគ្គលិកមានបញ្ហាឡើយ។​



គម្រោង​ជល​វប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ (Angkor Wildlife & Aquarium) ត្រូវបានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២១ ក្នុង​​ទឹកប្រាក់ ៧០​លាន​ដុល្លារ ដែល​សាងសង់​លើ​ផ្ទៃដី ១០០​ហិកតា ក្នុងស្រុក​សូទ្រ​និគម ខេត្តសៀមរាប​។ បើតាម​លោក អុល វណ្ណដា អ្នកគ្រប់គ្រងនៅAngkor Wildlfe &Aquarium គម្រោងនេះ វិនិយោគ​រួមគ្នា​​រវាង​វិនិយោគិន​កម្ពុជា ជប៉ុន និង​អាមេរិក។
 
សូម​អញ្ជើ​ញទស្សនា​វីដេអូខាងក្រោម​៖​
 
 

បច្ចុប្បន្ននេះ ទីតាំងនេះ បាន​បញ្ចប់​ដំណាក់​កាល​ទី១ នៅ​សល់​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣។ «បើ​សិន​ណា​អ្វីៗដំណើរ​ទៅ​បាន​ល្អ​ គម្រោងទី២ និងទី៣ អាច​ចេញ​ជា​រូបរាង​បន្ដទៀត»។ នេះជា​ការ​បញ្ជាក់​បន្ថែម​របស់លោក ​អុល វណ្ណដា ដោយបន្តថា ចំនួន​ភ្ញៀវ​បច្ចុប្បន្ន​មិន​សម្បូរ​ដូច​មុន​កូវីដ-១៩​ឡើយ។ 
 
ចំនួន​ភ្ញៀវ​ទេសចរ​មិនទាន់​​បក​មក​រក​ភាព​ប្រក្រតីវិញនៅ​ឡើយទេ​ ដែល​ជា​ហេតុ​ធ្វើឱ្យ​ Angkor Wildlife & Aquarium មិនទាន់​រក​បាន​ប្រាក់ចំណេញ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកគ្រប់គ្រងនៅAngkor Wildlfe &Aquarium លោក អុល វណ្ណដា មាន​យុទ្ធសាស្រ្ត​ធ្វើយ៉ាង​ណា​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​រួម គឺមិនឱ្យសត្វ និងបុគ្គលិកមានបញ្ហាឡើយ រួម​ទាំង​មិន​កាត់​បន្ថយ​ប្រាក់​បៀវត្ស។
  

ជាមួយ​គ្នានេះ ដើម្បី​ទ្រទ្រង់​ដល់​ការ​ដំណើរ​ការ​ឧទ្យាននេះ លោក អុល វណ្ណដា លើកឡើងថា៖«យើង​ព្យាយាម​បែង​ចែក​ទីផ្សារ​ឱ្យ​បាន​ច្រើន​ មាន​ន័យ​ថា​ខ្មែរ​ផ្សេង​ បរទេសផ្សេង កូនក្មេង​ផ្សេង​ សិស្ស​សាលាផ្សេង។ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ទាំង​អស់​គ្នា​អាច​មក​បាន ទីនេះ​នៅតែអាច​ទប់ទល់​បាន»។ 
 
បើតាម​លោក អុល វណ្ណដា ភ្ញៀវទេសចរ​ដែល​មក​កម្សាន្តនៅទីនេះ ភាគច្រើ​ន​ជា​ជន​ជាតិ​ខ្មែរ។ ក្នុង​មួយថ្ងៃ​មាន​ទេសចរប្រមាណ ៥០០នាក់ផងដែរ។ ចំពោះ​តម្លៃ​សំបុត្រវិញ ជនជាតិខ្មែរ ១១ដុល្លារ និង​កុមារ ៥ដុល្លារ​ក្នុងមួយនាក់។ នៅ​ទីនេះ មាន​ត្រីទឹក​សាប​ជាង ៤០ប្រភេទ និងត្រី​ទឹក​ប្រៃជាង ៣០​ប្រភេទ។
 
សូម​បញ្ជាក់ថា កាល​ពី​ថ្ងៃទី​១៥-១៧ខែ មីនា ក្លិប​អ្នក​កាសែត​កម្ពុជា បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ចទៅ​កាន់ខេត្ត​សៀមរាប ដោយ​មាន​ស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​អ្នក​សារព័ត៌មាន​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ឧទ្យាន​កម្សាន្ត Angkor WildLife and Aquarium, ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាបអង្គរ, ការ​ជិះ​កន្ត្រ​កវិល ដែល​ខ្ពស់​ជាងគេ​នៅ​ខេត្តសៀមរាប, ជិះ​រថយន្ត​ Jeepទស្សនា​ភូមិព្រះដាក់ និង​តំបន់ទេសចរណ៍​កំពង់ភ្លុក​ជាដើម៕​













Tag:
 ទេសចរណ៍
  ត្រី
  សត្វ
  Angkor Wildlfe &Aquarium
© រក្សាសិទ្ធិដោយ thmeythmey.com