ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួល​បាន​កម្ចី៣៥លាន​ដុល្លារពី World Bank ដើម្បីកែលម្អ​​ផ្លូវធន់​នឹងអាកាសធាតុ​​នៅបីខេត្ត
19, Mar 2024 , 6:59 pm        
រូបភាព
ធនាគារពិភពលោក (World Bank) បានអនុម័តកម្ចីចំនួន៣៥លានដុល្លារដល់កម្ពុជា​​ ដើម្បីអនុវត្តគម្រោងកែលម្អផ្លូវធន់នឹងអាកាសធាតុ។ តាមរយៈគម្រោងនេះ​ផ្លូវជនបទជាច្រើនខ្សែក្នុងខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ត្រូវបានរំពឹងថា នឹងមានភាពរឹងមាំកាន់តែប្រសើរ សម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ ដើម្បីទទួលបានសេវាថែទាំសុខភាព និងទីផ្សារសំខាន់ៗ។ នេះបើតាមយោងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នាថ្ងៃទី១៨មីនា។​

 
សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក សម្រេចផ្តល់ឥណទានចំនួន៣៥លានដុល្លារបន្ថែមនេះលើ គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (Cambodia Road Connectivity Improvement Project/RCIP)។ ការសម្រេចនេះ ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីផ្សារ, ទៅសាលារៀន និងទៅរកសេវាសុខាភិបាល នៅខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ។ ខេត្តទាំង៣នេះ មានប្រជាជនសរុបជាង ២លាននាក់ ដែលក្នុងនោះ ៨០ភាគរយរស់នៅតាមតំបន់ជនបទ។ 
 
បើតាមធនាគារពិភពលោក គម្រោង RCIPនេះ ត្រូវបានអនុម័តកាលពីខែកក្កដា ឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានចំនួន១០០លានដុល្លាអាម៉េរិក។
 
គម្រោង RCIP នេះ ផ្តល់ថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត ដែលនៅក្នុងរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia ជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយគ្មានកម្រាលកៅស៊ូឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ត្រឹមត្រូវ។  « ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងនេះ បង្កហានិភ័យដល់លទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ មានដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលជះអវិជ្ជមានឥតស្រាកស្រាន្ត ទៅលើការរស់នៅរបស់ពលរដ្ឋ ក្នុងខេត្តទាំង៣»។ នេះជាវាយតម្លៃរបស់ធនាគារពិភពលោក ដែលមើលឃើញពីស្ថានភាពផ្លូវអន់ ក៏ជាហេតុនាំឱ្យមានចំណាយខ្ពស់លើការដឹកជញ្ជូន និងឡូជីស្ទិក(Logistics) សម្រាប់កសិផលសំខាន់ៗ នៅក្នុងខេត្តគោលដៅទាំងនេះ ផងដែរ។
 
ធនាគារពិភពលោកបានបញ្ជាក់ថ ឥណទានបន្ថែមនេះនឹងជួយបំពេញការទូទាត់ឱ្យចំណាយគម្រោង ដែលបានឡើងថ្លៃខ្ពស់ជាងការគ្រោងទុក ជាពិសេសនៅក្នុងកិច្ចសន្យាធ្វើផ្លូវ។ អតិផរណាខ្ពស់ និងការឡើងថ្លៃលើធាតុចូលសំខាន់ៗ ដូចជាឥន្ធនៈ និងកៅស៊ូអ៊ុតផ្លូវ ក្នុងអំឡុងពេល៣ឆ្នាំមកនេះ បានធ្វើឱ្យថ្លៃចំណាយឡើងហួសការប៉ាន់ស្មាននៅក្នុងឆ្នាំ២០១៩ មុនពេលគម្រោងត្រូវបានអនុម័តជាលើកដំបូង ទៅទៀត។ លើសពីនេះ កិច្ចការនវានវុត្តន៍មួយចំនួន ដែលការសិក្សាស្ទង់លម្អិតបានរកឃើញ និងការរចនាផ្នែកវិស្វកម្មសម្រាប់គម្រោងផ្លូវ ក៏តម្រូវឱ្យមានថវិកាទ្រទ្រង់ថែមទៀតដែរ។ ប
 
ច្ចុប្បន្ននេះ ការងារស្តារសម្បទាផ្លូវត្រូវបានអនុវត្តលើផ្លូវប្រវែង១៣០គីឡូម៉ែត្រ នៃផ្លូវជាតិ និងផ្លូវខេត្តគោលដៅ និងលើផ្លូវ១៤២គីឡូម៉ែត្រ នៃប្រវែងសរុប ២៧៩គីឡូម៉ែត្រ នៃផ្លូវជនបទដែលជាគោលដៅ។
 
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «លទ្ធភាពចូលទៅរកសេវាថែទាំសុខភាព និងសាលារៀន និងការដឹកជញ្ជូនទំនិញទៅកាន់ផ្សារ សុទ្ធតែជាបញ្ហាប្រឈមធំណាស់ សម្រាប់ពលរដ្ឋកម្ពុជារស់នៅតាមទីជនបទ។ ជាពិសេស នៅក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ស្ថានភាពផ្លូវអន់ និងការកាត់ផ្តាច់ផ្លូវ ដោយទឹកជំនន់ និងចំណាយខ្ពស់លើការដឹកជញ្ជូន បង្កឧបសគ្គធំៗដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសង្គ្រោះបន្ទាន់ សម្រាប់ស្ត្រីមានផ្ទៃពោះ»។
 
បើតាមលោកស្រីប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា គម្រោងនេះក៏ជួយផងដែរ ដល់ការអភិវឌ្ឍផ្នែកស្ថាប័នសំខាន់ៗ នៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាភ្នាក់ងារអនុវត្តន៍គម្រោង។ ការងារអភិវឌ្ឍស្ថាប័ន នោះរួមមាន ការរៀបចំបង្កើតយុត្តិសាស្ត្រហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ផ្លូវជនបទធន់អាកាសធាតុ ការគាំទ្រដល់ការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ និងការគ្រប់គ្រង់កិច្ចសន្យាផ្អែកលើសមិទ្ធកម្មការងារ សម្រាប់ការកែលម្អ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវឱ្យមានចីរភាពកាន់តែប្រសើរឡើង៕

Tag:
 ធនាគារពិភពលោក
  កំពង់ចាម
  ត្បូងឃ្មុំ
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com