ជាតិ
អភិបាលខេត្តកណ្ដាល៖ មិនមានមនុស្សរងគ្រោះឡើយ ក្នុងហេតុការណ៍ឆេះរោងចក្រស្បែកជើង R G
19, Mar 2024 , 2:40 pm        
រូបភាព
សមត្ថកិច្ចចុះ ពន្លត់អគ្គិភ័យនៅ រោងចក្រ R G ខេត្តកណ្ដាល។ រូបពី សង្នការដ្ឋាននគរបាលខេត្តកណ្ដាល
សមត្ថកិច្ចចុះ ពន្លត់អគ្គិភ័យនៅ រោងចក្រ R G ខេត្តកណ្ដាល។ រូបពី សង្នការដ្ឋាននគរបាលខេត្តកណ្ដាល
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអះអាងថា ក្នុងហេតុការណ៍ឆេះរោងចក្រ R.G FOOTWEAR (CAMBODIA) Co.,Ltdក្នុងឃុំបែកចាន ស្រុកអង្គស្នួល  ខេត្តកណ្ដាល មិនមាននរណាម្នាក់ រងគ្រោះឡើយ ហើយនៅថ្ងៃនេះ សមត្ថកិច្ចកំពុងចុះវាយតម្លៃពីការខូចខាត។ 
 
អភិបាលខេត្តកណ្ដាល បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរស័ព្ទនៅថ្ងៃនេះ ថា អាជ្ញាធរបានប្រើឡានទឹកអស់ប្រមាណ៥០គ្រឿង ដើម្បីពន្លត់អគ្គិភ័យខាងលើ។ ចំពោះ​ មូលហេតុនៃការឆេះ លោកសង្ស័យថា ឆ្លងចរន្តអគ្គិសនី។ យ៉ាងណា លោករង់ចាំការវាយតម្លៃរបស់កម្លាំងជំនាញសិន ទើបបញ្ជាក់ពីដើមចមដែលនាំឱ្យឆេះរោងចក្របន្ថែម។ 
 
បើតាមលោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ការឆេះនេះ បានកើតឡើងនៅអំឡុងម៉ោង៤រសៀលថ្ងៃទី១៨មីនា។ ការពន្លត់អគ្គិភ័យនេះ លោកអះអាងថា មានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើន ចូលរួមជួយកម្លាំងពន្លត់អគ្គិភ័យ។ 
 
ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានអំពាវនាវលើបណ្ដាញសង្គមរបស់នាយកដ្ឋានរបស់ខ្លួន ឱ្យសាធារណជនទាំងអស់ រួមទាំងនិយោជក ចូលរួមទប់ស្កាត់ និងបង្ការ ទាំងអស់គ្មាន ពិសេសនារដូវប្រាំង៕ 
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com