ជាតិ
សេដ្ឋកិច្ច
កម្ពុជា-រវ៉ាន់ដា រួមគ្នាជំរុញការទូទាត់ប្រាក់ឆ្លងដែនតាមប្រព័ន្ធឌីជីថល លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ថតរូបជាមួយលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋរវ៉ាន់ដា នាឱកាសជំនួបពិភាក្សាការងារ នៅទីស្នាក់ការកណ្តាល NBC នាថ្ងៃទី១៣មីនា ឆ្នាំ២០២៤។ រូបថត៖ NBC។
× កម្ពុជា និងប្រទេសវ៉ាន់ដា ប្តេជ្ញារួមគ្នាលើកកម្ពស់ការទូទាត់ឆ្លងដែនដែលជាវិធានការមួយ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋវ៉ាន់ដា។
នាជំនួបពិភាក្សាការងារ នៅស្នាក់ការកណ្តាលរបស់ធនាគារជាតិ នាថ្ងៃទី១៣មីនា លោកស្រី ជា សិរី បានបង្ហាញពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ទៅកាន់លោកឯកអគ្គរដ្ឋទូត Nkubito Manzi។ ជាពិសេសលោកស្រី បានបង្ហាញពីការរីកចម្រើន និងដំណើរអភិវឌ្ឍន៍ នៃវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងសក្តានុពលសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។
លើសពីនេះ លោកស្រី ជា សិរី បាននិយាយអំពីគោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ផងដែរ។
ជាការឆ្លើយតប លោក Nkubito Manzi បានលើកឡើងថា ប្រទេសរវ៉ាន់ដា បានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ។ ជាពិសេសលើប្រព័ន្ធទូទាត់។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាដៃគូសហការរៀបចំ បានចូលរួមវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ(INCLUSIVE FINTECH FORUM) នៅទីក្រុង Kigali ប្រទេសរវ៉ាន់ដា។ ការចូលរួមរបស់កម្ពុជានេះ មានគោលដៅបង្ហាញពីសក្តានុពលបដិវត្តន៍ឌីជីថលនៃប្រព័ន្ធបាគង និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។ គ្រាបំពេញបេសកកម្មនោះ លោកអ៊ុក សារ៉ាត់ ដែលជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់របស់ធនាគារជាតិ បានជួបពិភាក្សា ជាមួយប្រតិភូធនាគារកណ្តាលនៃប្រទេសរវ៉ាន់ដា ដើម្បីពិភាក្សាអំពីយន្តការអនុវត្តនៃកិច្ចសហប្រតិបត្តិការ និងលទ្ធភាពតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ជាផ្លូវការ។
កន្លងមកលោកស្រី ជា សិរី បាននិយាយថា ធនាគារជាតិនៃកម្ពុជា កំពុងធ្វើការជាមួយបណ្តាប្រទេសនៅអាស៊ី អាហ្វ្រិក អាម៉េរិកឡាទីន និងអឺរ៉ុប ដើម្បីបង្កើនវិសាលភាពប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថល ដែលមានភាពរហ័ស សុវត្ថិភាព និងតម្លៃទាប ហើយក៏ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឆ្លងដែន ផងដែរ។
បើតាមលោកស្រី ជា សិរី បច្ចុប្បន្នកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់សងប្រាកឆ្លងដែនតាមប្រព័ន្ធឌីជីថល ជាមួយប្រទេសថៃ ឡាវ វៀតណាម និងម៉ាឡេស៊ី តាមរយៈ ប្រព័ន្ធបាគង។ ក្រៅពីនេះ កម្ពុជានឹងពង្រីកកិច្ចសហប្រតិបត្តិការនេះជាមួយប្រទេសចិន ឥណ្ឌា ជប៉ុន សិង្ហបុរី ហ្វីជី និងកោះសូឡូម៉ុន...ជាដើម៕
Tag:
ប្រព័ន្ធទូទាត់ប្រាក់
ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com