ជាតិ
វីដេអូ
រដ្ឋមន្រ្តីទេសចរណ៍៖«រៀបចំផ្ទះយើងមិនទាន់ល្អ អញ្ជើញភ្ញៀវមកច្រើនពេក អាចមានបញ្ហាវិញ»
× សៀមរាប៖ ដើម្បីធ្វើឱ្យកម្ពុជា មានកំណើនភ្ញៀវទេសចរ ក្រសួងទេសចរណ៍ ខិតខំតភ្ជាប់ទៅទីផ្សារអាទិភាពសំខាន់ៗ តាមរយៈការស្វែងរកជើងហោះហើរត្រង់មកកម្ពុជា។ ទន្ទឹមនឹងនេះ ការណ៍នាំឱ្យមានភ្ញៀវទេសចរអន្តរជាតិច្រើន គឺត្រូវការរៀបចំ និងការទទួលឱ្យបានល្អ។ លោក សុខ សូកេន មានប្រសាសន៍ថា៖«ខ្ញុំមិនចង់ឃើញ ពេលយើងរៀបចំផ្ទះយើងមិនទាន់ល្អទេ យើងអញ្ជើញភ្ញៀវមកច្រើនពេក ពេលនោះហើយជាបញ្ហាវិញ»។
ក្នុងបទសម្ភាសន៍ទ្រង់ទ្រាយធំលើកដំបូងដល់អ្នកកាសែតមកពី៣២ស្ថាប័ន លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា កំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅប្រទេសឥណ្ឌា។រដ្ឋមន្រ្តីទេសចរណ៍រូបនេះ រំពឹងថាកម្ពុជានឹងអាចទាក់ទាញទេសចរដែលមានគុណភាពមកពីប្រភពទីផ្សារទេសចរណ៍ទាំងអស់ឱ្យមកលេងកម្ពុជា។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
លោក សុខ សូកេន លើកសំណួរថា តើធ្វើដូចម្ដេច ទើបធ្វើឱ្យទេសចរមកហើយចង់មកទៀត? «យើងមិនចង់ឱ្យទេសចរមកតែម្ដងហើយ គ្រប់គ្រាន់គាត់ឈប់មកកម្ពុជាវិញទេ។ ព្រោះទេសចរអន្តរជាតិចាយអស់ ៦៥០ដុល្លារម្នាក់ ក្នុងរយៈពេល៦ថ្ងៃនៅកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មីក្នុងអាណត្តិទី៧។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ចង់ឱ្យទេសចរទទួលបានបទពិសោធល្អ តាមរយៈការមកកម្សាន្តនៅកម្ពុជា។ បើតាមលោករដ្ឋមន្រ្តី កត្តាទាក់ទាញទេសចរ គឺភាពរាក់ទាក់របស់ប្រជាជនកម្ពុជា ភាពកក់ក្ដៅ ដែលផ្ដល់ជូនទេសចរអន្តរជាតិ។ ប៉ុន្តែលោក សុខ សូកេន មិនភ្លេចរំឭកពីការចូលរួមរបស់ឧស្សាហកម្មទេសចរ តាមរយៈការកំណត់ទាំងគុណភាព និងតម្លៃជាក់លាក់។
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្តមានប្រសាសន៍ថា៖«ខ្ញុំមិនចង់ឃើញ ពេលយើងរៀបចំផ្ទះយើងមិនទាន់ល្អទេ យើងអញ្ជើញភ្ញៀវមកច្រើនពេក ពេលនោះហើយជាបញ្ហាវិញ»។ ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវការផ្ដល់សេវាទេសចរណ៍ដែលមានគុណភាពខ្ពស់ គឺត្រូវការការចូលរួមសហការពេញលេញពីតួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងការពង្រឹងពីភាពជាដៃគូរវាងរដ្ឋាភិបាល ភាគីឯកជន និងប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ខែ មីនា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយមានស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរទៅកាន់ឧទ្យានកម្សាន្ត Angkor WildLife and Aquarium, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ, ការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប, ជិះរថយន្ត Jeepទស្សនាភូមិព្រះដាក់ និងតំបន់ទេសចរណ៍កំពង់ភ្លុកជាដើម៕
Tag:
សៀមរាប
ទេសចរណ៍
សុខ សូកេន
© រក្សាសិទ្ធិដោយ thmeythmey.com