ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កុំឱ្យអ្នក​ដទៃហូប នូវអ្វីដែល​យើងមិនគួរហូបខ្លួនឯង
19, Mar 2024 , 4:27 pm        
រូបភាព
នាពិធីបិទសន្និបាតក្រសួងសុខាភិបាល​លើកទី៤៣ រសៀលថ្ងៃទី​១៩ ខែមីនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រើន​រំលឹក​ដល់អ្នក​លក់​ផលិត​ផល ក៏​ដូចជាអ្នក​បម្រើ​សេវា​កម្ម​សុខាភិបាល យក​ចិត្ត​ទុក​ដាក់​អាយុ​ជីវិត​អ្នក​ប្រើ​ប្រាស់ ឬអ្នកទទួល​សេវាជាចម្បង។

សម្តេចបាន​បញ្ជាក់ថា នេះជាការពង្រឹងការទទួលខុសត្រូវទាំងស្ថាប័ន​រដ្ឋ និងឯកជន ជាពិសេសកិច្ច​ការ​និយ័តកម្ម​សេវា​សុខាភិបាល ហើយ​ការត្រួតពិនិត្យគុណភាពថ្នាំ គុណភាពផលិត​ផលគឺជាកិច្ច​ការ​សំខាន់។ 
«អ្នក​លក់​ផលិត​ផល ក៏យើងត្រូវគិត​ដូចគ្នា កូនយើង ម្តាយយើង ឪពុកយើង ទិញថ្នាំ រកថ្នាំល្អ អ៊ីចឹងយើងលក់អ្វីឱ្យគេ ក៏គិតដល់កូនគេ ឪពុកគេ ម្តាយគេផងដែរ»។ សម្តេច​លើកឡើង​បែបនេះ ដោយ​រំលឹក​ពីករណី​ផ្ទាល់ដែលសម្តេចធ្លាប់ជួប ពេល​ចូល​ហាងគុយទាវមួយកន្លែង ដោយអ្នក​រត់តុម្នាក់លួចប្រាប់សម្តេចថា សាច់គោ​ធ្វើមិនល្អ។

«កុំធ្វើ​អ្វីដាក់អ្នក​ដទៃនូវអ្វីដែលយើងមិនចង់ កុំឱ្យអ្នក​ដទៃហូប នូវអ្វី​ដែលយើងមិនគួរហូបខ្លួនឯងខ្លួន»។ ​បើតាម​សម្តេច ការ​លក់​ប្រកួត​ប្រជែងពិតជា​ត្រឹមត្រូវ​ប៉ុន្តែ​ត្រូវ​មាន​ការគោរពបទដ្ឋាន​កម្រិត​ណាមួយ ដោយ​មិន​ត្រូវហួស​បន្ទាត់​ក្រហម​នោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com