ជាតិ
អ្នកស្រលាញ់ភេទដូចគ្នាបន្តប្រឈមនឹងអយុត្តិធម៌ជាច្រើន ថ្វីបើពួកគាត់ទទួលបានការការពារកាន់តែប្រសើរ
20, Mar 2024 , 11:59 am        
រូបភាព
លោក Jean-Marc Berthon កាលពីស្ថិតក្នុងតំណែងជាទីប្រឹក្សាប្រធានាធិបតីបារាំង នៅវិមាន Elysee នៅឆ្នាំ២០១៩។ រូបថត AFP
លោក Jean-Marc Berthon កាលពីស្ថិតក្នុងតំណែងជាទីប្រឹក្សាប្រធានាធិបតីបារាំង នៅវិមាន Elysee នៅឆ្នាំ២០១៩។ រូបថត AFP
ដោយ លោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកអ្នកស្រលាញ់ភេទដូចគ្នា 
 
អស់រយៈពេល៥០ឆ្នាំមកហើយ យើងសង្កេតឃើញមានចលនាមួយនៃការទទួលស្គាល់សិទ្ធិអ្នកស្រលាញ់​ភេទ​ដូចគ្នា ឬហៅកាត់ថា LGBT+។ ក្នុងអំឡុងនេះ​ ប្រទេសចំនួន១០០បានសម្រេចឈប់ដាក់ទោសទណ្ឌ​លើការ​ស្រលាញ់​​ភេទ​ដូចគ្នា។ ក្នុងចំណោមប្រទេសចំនួន១/៣នៅលើសាកលលោក ច្បាប់ និងគោលនយោបាយ​សាធារណៈ​ត្រូវ​បាន​អនុម័ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើង ក៏ដូចជាអំពើហិង្សាចំពោះអ្នកអ្នកស្រលាញ់​ភេទ​ដូចគ្នា ឬដើម្បីផ្តល់ឲ្យ​ពួកគេ​នូវសមភាពពេញលេញ រួមទាំងសិទ្ធិរៀបចំគ្រួសារផងដែរ។ នេះមិនមែនជា​ការ​បង្កើត​សិទ្ធិថ្មីៗដោយ​ឡែកនោះទេ ប៉ុន្តែវា​គឺជាការធ្វើឱ្យមនុស្សគ្រប់គ្នា រួមទាំងអ្នក LGBT+ ផង ទទួល​បាន​សិទ្ធិ​មនុស្ស​ជាមូល​ដ្ឋាន ជាពិសេស​សិទ្ធិទទួលបានជីវិតឯកជន និងសិទ្ធិមិនត្រូវបានគេរើសអើង។

 
ទោះបីជាយ៉ាងក៏ដោយ អ្នកស្រលាញ់​​ភេទ​ដូចគ្នាបន្តប្រឈមនឹងអយុត្តិធម៌ជាច្រើន។ ពុំមានសង្គមណាមួយ​អាច​យក​ជ័យ​ជម្នះលើ​​​ការស្អប់អ្នកស្រលាញ់ភេទដូចគ្នា ​និងអ្នកប្តូរភេទនោះបានឡើយ។ ប្រទេសជាង​៦០នៅបន្ត​ដាក់​ទោស​​អ្នកស្រលាញ់ភេទដូចគ្នា។ ប្រទេសទាំងនោះបញ្ជូន​បុរសស្រលាញ់ភេទដូចគ្នា ស្រ្តីស្រលាញ់ភេទ​ដូចគ្នា ឬអ្នកប្តូរភេទ ទៅដាក់ពន្ធនាគារ តម្រូវឱ្យបង់ប្រាក់ពិន័យ ធ្វើការងារដោយបង្ខំ ឬដាក់ទណ្ឌកម្ម​លើ​រាងកាយ។ ប្រទេសចំនួន១១ថែមទាំងបានចែងអំពីទោសប្រហារជីវិតថែមទៀតផង។ ប្រទេស​ប្រមាណ​ជា​៦០ទៀតមិនដាក់ទោសទណ្ឌចំពោះការស្រលាញ់ភេទដូចគ្នាទេ ប៉ុន្តែប៉ះពាល់​សិទ្ធិជាមូលដ្ឋាន​របស់ពួកគេ។ ប្រទេសទាំងនោះរិតត្បឹតសិទ្ធិសេរីភាពរបស់ពួកគេក្នុងការនិយាយស្តី ប្រមូលផ្តុំ និងជួបជុំគ្នា។​ទោះជា​គ្មាន​ការហាមប្រាមក្តី ប្រទេសខ្លះខិតខំលាក់បាំងមិនឱ្យមាននរណាឃើញអ្នកស្រលាញ់ភេទដូចគ្នាឡើយ​។
 
នៅឆ្នាំ១៩៨២ ប្រទេសបារាំងបានលុបបំបាត់ទាំងស្រុងការដាក់ទោសចំពោះការស្រលាញ់ភេទដូចគ្នា។ បីឆ្នាំ​ក្រោយមក បារាំងបានបង្កើតច្បាប់ដើម្បីការពារប្រឆាំងនឹងការរើសអើងមនុស្សដោយសារតែចំណង់ចំណូល​ចិត្ត​​ផ្លូវភេទ។ នៅឆ្នាំ២០១៦ ការការពារនេះបានគ្របដណ្តប់ទៅដល់អត្តសញ្ញាណភេទ។ ចាប់​ពីឆ្នាំ២០០៤ ប្រទេស​បារាំងដាក់ទោសចំពោះការជេរប្រទេចកើតចេញពីការស្អប់អ្នកស្រលាញ់ភេទដូចគ្នា។ ប្រទេសនេះ​បាន​ទទួល​ស្គាល់តាមផ្លូវច្បាប់ចំពោះការរួមរស់ជាមួយគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នានៅឆ្នាំ១៩៩៩ បន្ទាប់មក​ទទួល​ស្គាល់​សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងលទ្ធភាពទទួលបានបុត្តភាពនៅឆ្នាំ២០១៣។ ចាប់ពីឆ្នាំ២០១៦ នីតិវិធី​នៃ​ការ​ផ្លាស់ប្តូរអត្រានុកូលដ្ឋានសម្រាប់មនុស្សប្តូរភេទលែងតម្រូវឱ្យ​មានការវះកាត់ផ្នែក​វេជ្ជសាស្រ្ត​ទៀត​ហើយ។ ក្នុង​អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសបារាំងបានហាមឃាត់ការវះកាត់ប្តូរភេទ បើកសិទ្ធិឱ្យស្រី្ត​ស្រលាញ់​ភេទដូចគ្នា​ទទួលបានការបង្កកំណើតដោយមានជំនួយផ្នែកវេជ្ជសាស្រ្ត និងបានផ្តល់ឱ្យ​ដៃគូ​ដែល​មានភេទដូចគ្នា និងផ្សារភ្ជាប់គ្នាដោយចំណង PACS (ការរស់នៅជាមួយគ្នាតាមច្បាប់ដោយមិនរៀប​អាពាហ៍​ពិពាហ៍)​​ មាន​លទ្ធភាព​ទទួលបានបុត្តភាព។
 
Portrait JM Berthon

ដើម្បីប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា​ ដែលនៅតែកើតមាននាពេលបច្ចុប្បន្ន​ ប្រទេស​បារាំងបានបង្កើតយន្តការពីរ។​ ទីមួយគឺគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងការប្រកាន់ពូជសាសន៍ ការស្អប់​ជនជាតិជ្វីហ្វ និង​ការ​ស្អប់​អ្នកស្រលាញ់ភេទដូចគ្នា។ គណៈកម្មការនេះស្ថិតក្រោម​ការដឹកនាំរបស់រដ្ឋមន្ត្រីទទួល​បន្ទុក​សមភាព ហើយ​មាន​ភារកិច្ចធ្វើការសម្របសម្រួលសកម្មភាពក្រសួងនានា ព្រមទាំងរៀបចំកិច្ចសន្ទនា​ជាមួយ​តួអង្គ​សង្គម​ស៊ីវិល។ យន្តការទី២គឺផែនការច្រើនឆ្នាំក្នុងការប្រយុទ្ធប្រឆាំងការស្អប់ខ្ពើម​អ្នក​ស្រលាញ់​ភេទដូចគ្នា។ ផែនការ​សកម្ម​ភាព​នេះត្រូវបានលើកទៅពិគ្រោះយោបល់ជាមួយអង្គការក្រៅរដ្ឋាភិបាល។ ផែនការ​នេះ​កំណត់គោលដៅ វិធានការ​ដែលត្រូវអនុវត្ត និងកាលវិភាគតាមដានសមិទ្ធផល។

ផែនការខាងលើ​គឺជា​កម្មវត្ថុ​នៃ​ការវាយតម្លៃប្រចំាឆ្នាំ។ ក្នុង​ចំណោម​​វិធានការនានា  ក៏មានសកម្មភាពបណ្តុះបណ្តាល​មន្ត្រីសាធារណៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ស្អប់​ខ្ពើម​​អ្នកស្រលាញ់ភេទដូចគ្នា (ជាក់ស្តែង នគរបាល និងអាវុធហត្ថ១០០%ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល) យុទ្ធនាការ ផ្សព្វផ្សាយដល់សាធារណជន និងការតែងតាំងមន្ត្រីទំនាក់ទំនង​នៅតាម​បណ្តា​ស្ថាប័ននានា។
 
នៅខែតុលា ឆ្នាំ២០២២​ លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបានតែងតាំងរូបខ្ញុំជាឯកអគ្គរដ្ឋទូតទទួល​បន្ទុកការលើកកម្ពស់​សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា។ បេសកកម្មរបស់ខ្ញុំ គឺផ្សព្វផ្សាយគោលជំហរ​ និង​សកម្មភាព​​របស់ប្រទេសបារាំងពាក់ព័ន្ធនឹងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដោយមានការគាំទ្រ​ពីបណ្តាញ​ការទូត​បារាំងទាំងមូល។ អាទិភាពមួយរបស់ខ្ញុំ គឺលើកទឹកចិត្តឱ្យរដ្ឋនានាទម្លាក់ចោលការដាក់ទោសទណ្ឌលើ​អ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងធានានូវការគោរពពេញលេញចំពោះសិទ្ធិទាំងអស់របស់ពួកគេ​  និងដាក់ចេញ​គោល​នយោបាយពិតប្រាកដ ដើម្បីប្រយុទ្ធប្រឆាំងការស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា។ សារនេះត្រូវបាន​ជម្រាប​ជូន​រដ្ឋាភិបាលនានាដោយផ្ទាល់ ក៏ដូចជាផ្សព្វផ្សាយនៅក្នុងស្ថាប័នអឺរ៉ុប និងអន្តរជាតិផ្សេងៗ។ ខ្ញុំធ្វើការ​ជាពិសេសជាមួយតួអង្គសង្គមស៊ីវិល ដែលស្ថិតនៅជួរមុខ ហើយជាញឹកញាប់ធ្វើការក្នុងស្ថានភាពលំបាក។
 
កាលពីខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបានបង្កើតមូលនិធិគាំទ្រមួយដែលមានទឹកប្រាក់២លានអឺរ៉ូ សម្រាប់ឲ្យស្ថានទូត​បារាំង​​របស់យើងប្រើប្រាស់ដើម្បីគាំទ្រដល់អ្នកការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា​ ជារៀងរាល់ថ្ងៃ និង​នៅ​ទូទាំងពិភពលោក។
 
ខ្ញុំ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែ​មីនានេះ បន្ទាប់​ពីការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ។ នេះជាបេសកកម្ម​ដំបូង​របស់ខ្ញុំ​នៅ​អាស៊ី ដែលជាតំបន់អាទិភាពសម្រាប់គោលនយោបាយការបរទេសរបស់បារាំង។ កត្តាជាច្រើនបានជំរុញ​ឲ្យខ្ញុំ​ជ្រើស​យកកម្ពុជា និងថៃ ជាពិសេសគឺទំនាក់ទំនង​យ៉ាងស្អិតរមួត​រវាងប្រជាពលរដ្ឋបារាំង និងប្រជាពលរដ្ឋនៃ​ប្រទេស​ទាំងពីរនេះ។ ប្រទេសបារាំងជឿជាក់ថា ការការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា​ គឺជាយន្តការ​ដ៏​មាន​ឥទ្ធិពលមួយសម្រាប់ការខិតជិតគ្នារវាងប្រជាជនរបស់យើង។ សម្រាប់ខ្ញុំ ដំណើរទស្សនកិច្ចនេះ​គឺជាឱកាស​មួយ​ដើម្បីជួបពិភាក្សាជាមួយសមាគមកម្ពុជានានា ដែលតស៊ូលើកកម្ពស់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា។ ក្រៅ​ពីនេះ ខ្ញុំក៏មានគម្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនយោបាយនានារបស់កម្ពុជាផងដែរ។
 
សង្គមកម្ពុជាបានបង្ហាញពីភាពធន់ ការបើកចំហ និងសមត្ថភាពរបស់ខ្លួនក្នុងការទទួលយកភាពចម្រុះ។ ប៉ុន្តែ​កម្ពុជាអាចធ្វើបានច្រើនជាងនេះទៀត ដោយហេតុថា ប្រទេសនេះមិនទាន់មានច្បាប់ណាមួយសម្រាប់ការពារ​ដល់អ្នកស្រឡាញ់ភេទដូចគ្នានៅឡើយទេ។ ជាច្រើនឆ្នាំមកនេះ មានការសន្ទនាថ្មីមួយរវាងរាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិលលើប្រធានបទនេះ។ បច្ចុប្បន្ន បញ្ហាស្រឡាញ់ភេទដូចគ្នា​ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាអំពី​សុខភាព​ផ្លូវភេទ ហើយយុទ្ធសាស្រ្តជាច្រើនត្រូវបានដាក់ចេញ ដើម្បីការពារ និងផ្តល់ព័ត៌មានដល់អ្នកស្រឡាញ់​ភេទ​ដូចគ្នា។ នេះ​ជា​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ និង​ជា​ទិស​ដៅ​មួយ​ដែល​យើង​ចង់​គាំទ្រ៕
 
លោក Jean-Marc Berthon ស្ថិតក្នុងដំណើរ​ទស្សនកិច្ចនៅ​កម្ពុជាពីថ្ងៃទី​២០ ដល់ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៤ នេះ

Tag:
 លិខិតមិត្តអ្នកអាន
© រក្សាសិទ្ធិដោយ thmeythmey.com