ជាតិ
អ្នកស្រី វុន សម្ផស្ស៖ ដោយបង់តែម្នាក់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគួរបាន​សេវាជាកញ្ចប់ពី ប.ស.ស
21, Mar 2024 , 8:29 am        
រូបភាព
លោកស្រី វុន សម្ផស្ស អគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)
លោកស្រី វុន សម្ផស្ស អគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)
ភ្នំពេញ៖ អ្នកស្រី វុន សម្ផស្ស អគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) សាទរដែលឃើញវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គម ពិសេសបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានទៅដល់ក្រុមអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ។

 
ទន្ទឹមនឹងនេះ អ្នកស្រីសង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរពង្រីកវិសាលភាពបន្ថែមទៅដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុក របស់សមាជិក ប.ស.ស. ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ 
 
ការស្នើសុំបែបនេះ ក៏ដោយសារអគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) សង្កេតឃើញ អ្នកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានសមាជិកគ្រួសារ និងបន្ទុកកូនតូចច្រើន។ ដោយសារបញ្ហានេះ ពួកគេពុំអាចមានលទ្ធភាពបង់ភាគទានក្នុងម្នាក់ ១៥៦០០រៀល បានគ្រប់គ្នាឡើយ ខណៈការរកចំណូលរបស់ពួកគេនៅមានកម្រិត។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅក្នុងសប្ដាហ៍គាំពារសង្គម អ្នកស្រីបានលើកឡើងបែបនេះ៖ «កូនពួកគាត់ (ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) តូចៗ មិនទាន់មានលទ្ធភាពអាចរកចំណូលបានដោយខ្លួនឯងឡើយ! ដូច្នេះ ខ្ញុំចង់ឱ្យពួកគេ អាចទទួលបានកញ្ចប់ជារួមពី ប.ស.ស ដោយបង់តែម្នាក់ ពួកគេអាចប្រើប្រាស់សេវាថែទាំសុខភាពបានទាំងអស់គ្នា»។ 
 
ក្រុមអ្នកធ្វើការក្នុងប្រព័ន្ធ ដែលជាសមាជិក ប.ស.ស មានគោលនយោបាយគាំពារដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កុមារអាយុ២ឆ្នាំ។ ប៉ុន្តែ ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបង់ភាគទានប្រចាំខែ ទៅ ប.ស.ស មិនទាន់ទទួលបានគោលនយោបាយគាំពារដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កុមារអាយុ២ឆ្នាំនោះទេ។ នេះជាការពិនិត្យឃើញរបស់ អ្នកស្រី សម្ផស្ស ហើយលោកស្រីបន្ថែមថា នៅពេលចូលជាសមាជិក ប.ស.ស បើទោះបីជាពួកគេធ្វើការក្រៅប្រព័ន្ធ ឬក្នុងប្រព័ន្ធក្ដី ពួកគេគួរតែទទួលបានអត្ថប្រយោជន៍ សម្រាប់គាំពារដូចគ្នា។ ដូច្នេះ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គួរតែទទួលបាន គោលនយោបាយគាំពារស្រ្តីមានផ្ទៃពោះ រហូតដល់អាយុ២ឆ្នាំ និងប្រាក់សោធនផងដែរ។ 
 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ជាមួយ អ្នកស្រី វុន សម្ផស្ស អគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)៖ 
 

Tag:
 គាំពារសង្គម
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com