ជាតិ
លោក ហេង សុផាន់ណារិទ្ធ អំពាវនាវឱ្យ អ្នកសារព័ត៌មាន ចូលរួមបញ្ជ្រាបចំណេះដឹង ប.ស.ស
21, Mar 2024 , 7:59 pm        
រូបភាព
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) អំពាវនាវឱ្យអ្នកសារព័ត៌មានចូលរួមបញ្ជ្រាបចំណេះដឹង ប.ស.ស ដើម្បីឱ្យពលរដ្ឋយល់ដឹង ពីអត្ថប្រយោជន៍ ហើយចូលជាសមាជិក ប.ស.ស។

 
បេឡាជាតិសន្តិសុខសង្គម អង្គការអុកស្វាមប្រចាំកម្ពុជា និងសារព័ត៌មានឌីជី​ថល​ថ្មីៗ បានរួមគ្នារៀបចំវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្ដីពី របបសន្តិសុខសង្គមនៅកម្ពុជា ក្នុងគោលបំណងឱ្យអ្នកសារព័ត៌មានរួមចំណែកឱ្យកាន់តែសកម្ម និងមានជំនាញលើការផ្សព្វផ្សាយគោលនយោបាយពាក់ព័ន្ធនឹង ប.ស.ស។ លើសពីនេះ គឺជំរុញឱ្យអ្នកសារព័ត៌មានពាំនាំកង្វល់ មតិយោបល់ របស់ពលរដ្ឋ រួមទាំងភាគីពាក់ព័ន្ធ លើគោលនយោបាយនានាដែលរដ្ឋបានដាក់ចេញនិងអនុវត្ត។ 
 
កម្មវិធីនេះ មានអ្នកចូលរួមប្រមាណ៦០នាក់ ក្នុងនោះមានអ្នកសារព័ត៌មានប្រមាណ៤០រូប ដែលរៀបចំឡើង នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា នាថ្ងៃទី២១មីនា ឆ្នាំ២០២៤។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក ហេង សុផាន់ណារិទ្ធ ជំរុញឱ្យអ្នកសារព័ត៌មានរួមគ្នាលុបចំបាត់ព័ត៌មានមិនពិត ពាក់ព័ន្ធនឹង ប.ស.ស ហើយងាកមកបញ្ជ្រាបចំណេះដឹងដល់មហាជនវិញ។ 
 

ជាមួយគ្នាដែរ អគ្គនាយករង ប.ស.ស បានរំពឹងយ៉ាងដូច្នេះ៖ «តាមរយៈវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអ្នកសារព័ត៌មានប្រាកដជាទទួលបាននូវចំណេះដឹងបច្ចេកទេសនានា និងបទពិសោធន៍ថ្មីៗ ធាតុចូលសំខាន់ៗ និងការដកស្រង់បាននូវមេរៀនល្អៗ ដើម្បីជាគន្លឹះ និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រតិបត្តិការងារដោយជោគជ័យ តាមរយៈការបង្កើនប្រសិទ្ធភាព និងការពង្រឹងយន្តការ តម្លាភាព បរិយាបន្ននិងអភិបាលកិច្ចល្អសម្រាប់អាជីពការងារជាអ្នកសារព័ត៌មាន»។ 
 
ទន្ទឹមនឹងនេះ លោក សុផាន់ណារិទ្ធ វាយតម្លៃថា អ្នកសារព័ត៌មានជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម តាមរយៈការបញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋ ហើយក៏បានជួយពង្រឹងប្រព័ន្ធកិច្ចគាំពារ
សុខភាពសង្គមដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល នាពេលខាងមុខផងដែរ។  
 


នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា លោកស្រី ភាណ សោភ័ណ សង្ឃឹមថា ក្រុមអ្នកសារព័ត៌មាន រួមទាំងសាធារណជនទាំងអស់នឹងចូលរួមពង្រីកការយល់ដឹង និងវិសាភាព កិច្ចគាំពារសង្គមទាំងអស់គ្នា។ 
 
«នាងខ្ញុំ មានសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងអាចសម្រេចបាននូការកសាង និងធានានូវប្រព័ន្ធគាំពារសង្គម មានបរិយាបន្ន…ហើយនេះជាបេសកកម្មរបស់យើងទាំងអស់គ្នា ដើម្បីទាំងអស់គ្នា»។ នេះជាការលើកឡើងរបស់ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា។ 
 
សូមជម្រាបថា នេះជាលើកទីពីរហើយ ដែលសារព័ត៌មានឌីជីថលថ្មីៗ បានសហការជាមួយអង្គការអុកស្វាម និង ប.ស.ស រៀបចំបណ្ដុះបណ្ដាលដល់ក្រុមអ្នកសារព័ត៌មាន ឱ្យយល់ដឹងពីកិច្ចគាំពារសង្គម៕ 
  
លោស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា។











Tag:
 ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com