ជាតិ
សង្គមជាតិ
ក្រោយដកអាជ្ញាបណ្ណជាបន្តបន្ទាប់ អ្នកនាំពាក្យក្រើនរំលឹកអ្នកសារព័ត៌មានអំពីក្រមសីលធម៌វិជ្ជាជីវៈ
× ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មអង្គភាពសារព័ត៌មានជាបន្តបន្ទាប់ ព្រោះតែអង្គភាពទាំងនោះបំពានក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចាប់ពីឆ្នាំ២០២៣មកទល់បច្ចុប្បន្ន មានអង្គភាពព័ត៌មានចំនួន៧អង្គភាពហើយ ត្រូវបានលុបចោល។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ដោយក្រើនរំលឹកអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ។
កាលពីថ្ងៃទី១៥មីនា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានលុបការអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មានLife and Sport ព្រោះម្ចាស់ភាពបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ នេះជាស្ថាប័នព័ត៌មានទីមួយក្នុងឆ្នាំ២០២៤ ដែលក្រសួងព័ត៌មានសម្រេចលុបចោល។
បើតាមលោក ទេព អស្នារិទ្ធ ការប្រកបអាជីពការងារក្នុងវិស័យព័ត៌មាន ត្រូវតែប្រព្រឹត្តទៅក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងត្រូវអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាពិសេស អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ។
រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាពត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាននោះ។ ការណ៍នេះ នឹងត្រូវបានក្រសួងព័ត៌មានកោះហៅមកណែនាំ ដើម្បីតម្រង់ទិសការងារឱ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ ឬត្រូវចេញលិខិតព្រមាន។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ដោយបញ្ជាក់ថា៖ «ក្នុងករណីធ្ងន់ធ្ងរអាចឈានទៅដល់ការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ)របស់អង្គភាពសារព័ត៌មាននោះ តែម្តង»។
ដើម្បីចៀសវាងនូវការលុបអាជ្ញាប័ណ្ណក្នុងការប្រកបអាជីវកម្មសារព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាពង្រឹងសមត្ថភាពជំនាញ កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន។ ក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌកំណត់ដោយច្បាប់ និងមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ។ ការធ្វើបែបនេះ គឺដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន។
ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ ទាមទារឱ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារមានគុណភាព ដោយត្រូវធានាថាជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនឡើងថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com