កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ថៃ សិង្ហបុរី និងមីយ៉ាន់ម៉ា រកបាន១ពិន្ទុពីក្រុមខ្លាំងរៀងខ្លួន
22, Mar 2024 , 10:26 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ និងសិង្ហបុរី សុទ្ធតែវាយបកតាមស្មើក្រុមខ្លំាងកូរ៉េខាងត្បូង និងចិន ស្របពេលមីយ៉ាន់ម៉ា ស្មើ ស៊ីរី ក្នុងការប្រកួតជម្រុះ FIFA World Cup ជុំទី២ តំបន់អាស៊ី ជើងទី១។ ឥណ្ឌូណេស៊ី រកបាន៣ពិន្ទុ តាមរយៈជ័យជម្នះលើ វៀតណាម ១-០។



ជាលទ្ធផលគួរភ្ញាក់ផ្អើល ដែលក្រុមថៃអាចរកបាន១ពិន្ទុ ពីម្ចាស់ផ្ទះកូរ៉េខាងត្បូង សម្រាប់ជំនួបជើងទី១​ នៅកីឡដ្ឋាន Seoul World Cup នៅយប់ថ្ងៃទី២១ ខែមីនា។ ប្រធានក្រុម Son Heung-min ជាអ្នកសម្រេចទីគ្រាប់នាំមុខឱ្យកូរ៉េខាងត្បូង​នៅនាទី៤២ បន្ទាប់ពីបង្កើតការវាយសម្រុកលើក្រុមថៃតាំងពីដើមវគ្គទី១។
 
ឈានដល់វគ្គទី២ ម្ចាស់ផ្ទះនៅតែបន្តគ្រប់គ្រងបាល់បានច្រើន ស្របពេលថៃព្យាយាមបិទបានយ៉ាងល្អ និងវាយបកម្តងម្កាល។ ខ្សែប្រយុទ្ធ Suphanat Mueanta ដែលទើបប្តូរចូលនៅនាទី៥៨ ទីបំផុតបានជួយថៃរកបានគ្រាប់តាមស្មើនៅនាទី៦១ ហើយលទ្ធផល ១-១ បន្តរហូតចប់ការប្រកួតតែម្តង។
 
លទ្ធផល ១-១ ជាលទ្ធផលគាប់ប្រសើរ និងសំខាន់បំផុតសម្រាប់ក្រុមរហស្សនាមដំរីសង្គ្រាម និងជាអ្វីដែលអ្នកគាំទ្រពួកគេចង់បាន ពីក្រុមខ្លាំងតំបន់អាស៊ីកូរ៉េខាងត្បូង។ អ្នកស្រី Madam Pang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបង្ហាញការសារទរយ៉ាងខ្លាំងចំពោះសមាជិកក្រុមថៃ។
  


«សូមអរគុណសម្រាប់ ១ពិន្ទុដ៏មានតម្លៃ។ ១ពិន្ទុនេះបាននាំសុភមង្គលដល់ប្រជាជនថៃ។ ខ្ញុំមានមោទនភាពចំពោះអ្នក។ សូម​បន្ត​ប្រឹងប្រែងជាមួយគ្នានៅជើងទី២ ​ថ្ងៃ​ទី​២៦ ខែមីនា»។ មហាសេដ្ឋីនីថៃ​ ដែលទើបឡើងជាប្រធាន FAT បង្ហោះដូច្នេះលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយចប់ការប្រកួត។
 
ដោយឡែកលោក ថាវីស៊ីន ក៏បានបង្ហាញក្តីរីករាយលើហ្វេសប៊ុករបស់ខ្លួនដែរថា៖«ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណចេញពីបេះដូងរបស់ខ្ញុំសម្រាប់ការខំប្រឹងរបស់ក្រុមជម្រើសជាតិថៃ ដោយដណ្តើមបាន១ពិន្ទុកូរ៉េខាងត្បូង។ សម្រាក​ឱ្យ​បាន​ល្អ ហើយ​ត្រឡប់​មក​ប្រកួត​នៅ​ផ្ទះ​យើង​វិញ​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា​»។ ថៃ ត្រូវទទួលកូរ៉េខាងត្បូងសម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋាន Rajamangala ក្នុងក្រុងបាងកក នៅថ្ងៃទី២៦ ខែមីនា។
 
ថៃ រក្សាចំណាត់ថ្នាក់ទី២ ពូល C ដដែល ដោយរកបាន៤ពិន្ទុ ស្មើចិនដែលនៅលេខ៣ និងតាមពីក្រោយក្រុមកំពូលតារាងកូរ៉េខាងជើង៣ពិន្ទុ ពីការប្រកួត៣លើក។ ចិន ខកឱកាសរក​បាន៣ពិន្ទុ បន្ទាប់ពីត្រូវម្ចាស់ផ្ទះសិង្ហបុរីតាមស្មើ ២-២វិញ។
 
ក្រុមភ្ញៀវចិន រកបាន២គ្រាប់នាំមុខមុនទៅហើយ នៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ សិង្ហបុរីតាមបាន២គ្រាប់វិញ។ សិង្ហបុរី ដែលនៅបាតតារាងពូល C ទើបរកបាន១ពិន្ទុនេះប៉ុណ្ណោះ។ មីយ៉ាន់​ម៉ា ក៏ទទួលបានលទ្ធផលគាប់ប្រសើរផងដែរ ក្រោយស្មើក្រុមខ្លាំងស៊ីរី ១-១ ក្នុងវគ្គសន្សំពិន្ទុពូល B។ Soe Moe Kyaw ខ្សែការពាររបស់ភ្នំពេញក្រោន ជាអ្នកសម្រេចទីគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅនាទី៣៥ មុនពេល Al Dali រកបានគ្រាប់តាមស្មើឱ្យស៊ីរីវិញនៅនាទី៧១។
  


មីយ៉ាន់ម៉ា រកបាន១ពិន្ទុដំបូង ចំណោមការប្រកួត៣លើក ស្ថិតនៅបាតតារាងពូល B ស្របពេលស៊ីរីនៅលេខ២ មាន៤ពិន្ទុ នាំមុខកូរ៉ខាងជើងដែលនៅលេខ៣ ចំនួន១ពិន្ទុ។ ជប៉ុន ឈរកំពូលតារាងមាន៩ពិន្ទុពេញ ក្រោយបន្តឈ្នះកូរ៉ខាងជើង ១-០។
 
នៅពូល F ឯណោះវិញ ដែលមានក្រុមអាស៊ីអាគ្នេយ៍ដល់ទៅ៣ ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន ត្រូវប្រជែងគ្នាខ្លាំងសម្រាប់តំណែងលេខ២។ នៅជំនួបលើកទី៣ ជើងទី១ ឥណ្ឌូណេស៊ី បានយកឈ្នះក្រុមភ្ញៀវវៀតណាម ១-០ ស្របពេលអ៊ីរ៉ាក់បន្តឈ្នះ ហ្វីលីពីន ២-០។
 
ឥណ្ឌូណេស៊ី ឡើងទៅឈរលេខ២បណ្តោះអាសន្នវិញ ដោយរកបាន៤ពិន្ទុ នាំមុខវៀតណាម ១ពិន្ទុ និងក្រុមបាតតារាងហ្វីលីពីន៣ពិន្ទុ។ អ៊ីរ៉ាក់ នៅកំពូលតារាង មាន៩ពិន្ទុពេញពីការប្រកួត៣លើក។ ជំនួបជើងទី១ វៀតណាម ទទួលឥណ្ឌូណេស៊ីវិញ នៅថ្ងៃទី២៦ ខែមីនា ឯ ហ្វីលីពីនស្វាគមន៍អ៊ីរ៉ាក់។
 
ក្រុមអាស៊ីអាគ្នេយ៍មួយទៀត គឺម៉ាឡេស៊ី បានធ្លាក់ពីចំណាត់ថ្នាក់កំពូលតារាងពូល D ទៅលេខ៣វិញ ក្រោយចាញ់ ម្ចាស់ផ្ទះអូម៉ង់ ២-០ នៅជើងទី១។ កៀហ្ស៊ីស៊ីស្ថាន ឈ្នះឆាយន្នីសតៃប៉ិ ២-០។ ក្នុងពូល D នេះ ក្រុមលេខ១ ដល់លេខ៣ មាន៦ពិន្ទុស្មើគ្នា ខុសតែសំណល់គ្រាប់បាល់ប៉ុណ្ណោះ លើកលែងតែឆាយន្នីសតៃប៉ិ​ នៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com