កីឡាអន្តរជាតិ
អន្តរជាតិ
Leicester City ហួសចិត្ត ដែល Premier League ព្រមានកាត់ពិន្ទុ ខណៈខ្លួននៅលីគទី២
22, Mar 2024 , 2:39 pm        
រូបភាព
ក្រុម Leicester City អាចប្រឈមនឹងការកាត់ពិន្ទុ ក្រោយពេលក្របខណ្ឌ ​Premier League បានបញ្ជូនសំណើរពាក្យប្តឹងទៅកាន់គណៈកម្មាធិការឯករាជ្យ ដោយចោទប្រកាន់ថាបានបំពានច្បាប់លើការចំណាយរបស់លីគ។



បើតាមសេចក្តីប្រកាសរបស់ Premier League ក្លិប Leicester City បានធ្លាក់ទៅកាន់ក្របខណ្ឌ Championship លីគលំដាប់ទី២ របស់អង់គ្លេសកាលពីរដូវកាលមុន បានបរាជ័យការបញ្ជូនរបាយការណ៍គណនីហិរញ្ញវត្ថុ ដែលបានចំណាយនាពេលកន្លងមក។
 
«ការបំពានដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងរយៈពេលវាយតម្លៃបញ្ចប់រដូវកាល ២០២២-២៣ នៅពេលដែលក្លិបជាសមាជិកនៃក្របខណ្ឌ Premier League។ ដំណើរការនឹងត្រូវបានធ្វើឡើង តាមកាលវិភាគដែលបានកំណត់ដោយគណៈកម្មាធិការឯករាជ្យ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ Premier League។
 
ក្លិបម្ចាស់ពាន Premier League ឆ្នាំ ២០១៥-១៦ បានបង្ហាញអារម្មណ៍ហួសចិត្ត ភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ Premier League ទោះខ្លួនមិនកំពុងស្ថិតក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសក៏ដោយ។
 
ក្រោយប៉ុន្មានម៉ោង ក្លិប Leicester City ក៏បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះការសម្រេចរបស់ Premier League ដូច្នេះ៖ «LCFC នឹងនៅតែបន្តឆន្ទៈ និងខ្នះខ្នែងក្នុងការចូលរួមដោយការស្ថាបនាជាមួយ Premier League និង EFL ដើម្បីរកដំណោះស្រាយត្រឹមត្រូវពីការចោទប្រកាន់នេះ ដោយភាពត្រឹមត្រូវ និងតាមពេលវេលាត្រឹមត្រូវ។ ក្លិបនៅទទួលយកដំបូន្មាន យ៉ាងប្រុងប្រយ័ត្នអំពីជំហរខ្លយន បើចាំបាច់ និងការពារខ្លួនពីការខុសច្បាប់ណាមួយរបស់អាជ្ញាធរបាល់ទាត់។»។ 
 
ប្រសិនបើរកឃើញបានធ្វើខុស នោះក្លិប Leicester City អាចនឹងក្លាយជាក្លិបទី៣ ប្រឈមនឹងការកាត់ពិន្ទុ ចំពោះការល្មើសច្បាប់ចំណាយរបស់ Premier League បន្ទាប់ពីក្លិប Everton និង Nottingham Forest។
 
បច្ចុប្បន្ន Leicester City កំពុងឈរចំណាត់ថ្នាក់លេខ២ ក្របខណ្ឌ Championship ដោយមានពិន្ទុស្មើនឹងក្រុមកំពូលតារាង Leeds United ខណៈក្រុមទាំងពីរកំពុងសម្លឹងឱកាសវិលត្រឡប់ទៅលីគកំពូលវិញ៕​

Tag:
 Leicester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com