ជាតិ
សមត្ថកិច្ច ឃាត់វៀតណាម២នាក់ និងរឹបអូសគ្រឿងជិត៧០០គីឡូងក្រាម នៅភ្នំពេញ
22, Mar 2024 , 3:59 pm        
រូបភាព
សមត្ថកិច្ចរឹបអូសគ្រឿងញៀនជិត៧០០គីឡូក្រាម ពីជនជាតិវៀតណាមនៅភ្នំពេញ។ រូបពី GCNP
សមត្ថកិច្ចរឹបអូសគ្រឿងញៀនជិត៧០០គីឡូក្រាម ពីជនជាតិវៀតណាមនៅភ្នំពេញ។ រូបពី GCNP
ភ្នំពេញ៖ សមត្ថកិច្ច បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនខុសច្បាប់ ដោយចាប់ខ្លួនជនល្មើស ជាជនជាតិវៀតណាម២នាក់ និងរឹបអូសគ្រឿងញៀនជិត៧០០គីឡូក្រាម ក្នុងខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ នៅរាជធានីភ្នំពេញ។

 
តាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចកម្ពុជា និងវៀតណាម ដោយផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ពីមុខសញ្ញាក្រុមលួចលាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ និង ថៃ ឆ្លងកាត់កម្ពុជា ទៅប្រទេសវៀតណាម។ ក្រុមដឹកគ្រឿងញៀនទាំងនោះ មានទីតាំងរក្សាទុកគ្រឿងញៀន នៅរាជធានីភ្នំពេញ។ 
 
ក្រោយទទួលបានព័ត៌មានខាងលើ មន្ទីរប្រឆាំងគ្រឿងញៀនកម្ពុជា បានចាប់ផ្ដើមស៊ើបអង្កេត និងចុះបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនចំនួនពីរគោលដៅជាបន្តបន្ទាប់ នៅថ្ងៃទី១៩ មីនា ។ បើតាមសមត្ថកិច្ច គោលដៅទីមួយ គឺនៅចំណុចខុនដូរហ្សង់អេលីហ្សេ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិវៀតណាមមួយរូប។ 
 
ជនសង្ស័យ និងគ្រឿងញៀន ដែលសមត្ថកិច្ចចាប់បាន។ រូបពី GCNP

ចំណែក គោលដៅទីពីរ នៅចំណុចខុនដូរផ្លាទីនីនបេ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានមួយរូបទៀត ជាជនជាតិវៀតណាម។ 
 
ប្រតិបត្តិការនៅទីតាំងទាំងពីរនេះ សមត្ថកិច្ចរឹបអូសគ្រឿងញៀន ជិត៧០០គីឡូក្រាម រួមមាន អាវុធខ្លី១ដើម គ្រាប់កាំភ្លើងចំនួន១២គ្រាប់ ជញ្ជីងថ្លឹង និងសម្ភារៈមួយចំនួនទៀត។ 
 
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងស៊ើបអង្កេតបន្ថែម ដើម្បីរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com