ជាតិ
ក្រសួងយុត្តិធម៌ នឹងរៀបចំមហាសន្និបាតលើកទី១
× ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារវិស័យុត្តិធម៌ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៣ និងកំណត់ទិសដៅការងារអាទិភាព ចាប់ពីថ្ងៃទី២៧ ដល់២៩មីនា ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី២២ មីនា ឆ្នាំ២០២៤។
ក្រសួងយុត្តិធម៌ អះអាងថា «មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យ វាយតម្លៃនិងបូកសរុបលទ្ធផលការងារ ដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ុំ។ ជាពិសេសពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ក្រសួងនឹងរៀបចំមហាសន្និបាតនេះ នៅសណ្ឋាគារ Garden City នៅមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មហាសន្និបាតនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជីវ កេង ប្រធានតុលាការកំពូល និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នឹងអញ្ជើញចូលរួម រួមទាំងអ្នកពាក់ព័ន្ធប្រមាណ៧០០នាក់។
អ្នកនាំក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅម៉ោង៥ល្ងាច នាថ្ងៃទី២៩ មីនា ដើម្បីបង្ហាញលទ្ធផលនៃមហាសន្និបាត៕
© រក្សាសិទ្ធិដោយ thmeythmey.com