RFI
អន្តរជាតិ
ឥណ្ឌូណេស៊ី៖ ​ជនភៀសខ្លួន​​​រ៉ូហ៊ីងយ៉ា​៦៩នាក់ ត្រូវ​ជួយ​សង្គ្រោះជីវិត​ បន្ទាប់ពី​លិចទូក
22, Mar 2024 , 7:39 pm        
រូបភាព
ឥណ្ឌូណេស៊ី៖ ក្រុមជនជាតិរ៉ូហ៊ីងយ៉ា ៦៩ នាក់ ភៀសខ្លួនតាមសមុទ្រ ត្រូវជួយសង្គ្រោះជីវិត បន្ទាប់ពីលិចទូក។ REUTERS – Hendri
ឥណ្ឌូណេស៊ី៖ ក្រុមជនជាតិរ៉ូហ៊ីងយ៉ា ៦៩ នាក់ ភៀសខ្លួនតាមសមុទ្រ ត្រូវជួយសង្គ្រោះជីវិត បន្ទាប់ពីលិចទូក។ REUTERS – Hendri
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
ក្រុមជនជាតិ​ភាគតិច​ ​រ៉ូហ៊ីងយ៉ា​ ៦៩ នាក់ ​​ ត្រូវ​ជួយ​សង្គ្រោះជីវិត នៅ​សមុទ្រឥណ្ឌូណេស៊ី ក្នុង​ដែនទឹក​​ខេត្ត​​​អាឆេ នាថ្ងៃទី​២១មីនា​ ។ ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​ទាំង​នេះ បាន​ចាកចេញពីអំពើហិង្សានៅ​​ភូមា ហើយ​ពុំ​អាច​ទ្រាំ​រស់​នៅក្នុង​ស្ថានភាព​លំបាក​កុះករ​ក្នុង​​ជំរុំ​ជនភៀសខ្លួន​នៅបង់ក្លាដែស ទើបពួក​គេ​សម្រេច​ចិត្តប្រថុយជីវិតម្តងទៀត​ ​តាម​សមុទ្រ​ ​ដើម្បី​ស្វែងរក​ជម្រក​ថ្មី​ នៅ​ថៃ ឬម៉ាឡេស៊ី ឬក៏​ ឥណ្ឌូណេស៊ី។

 
នៅ​ខេត្ត​អាឆេ​ ក្នុង​ដែន​សមុទ្រឥណ្ឌូណេស៊ី យ៉ាងហោច ជន​​​​​ភៀសខ្លួនរ៉ូហ៊ីងយ៉ា​ ៦៩ នាក់ ​​ត្រូវ​ជួយ​សង្គ្រោះជីវិត​ បន្ទាប់ពី​លិចទូក។ ពួក​ទាំងនោះ មា​នទាំង​មនុស្ស​ប្រុស​ពេញ​កម្លាំង​ ក្មេងៗ និងស្រ្តី ចម្រុះគ្នា។​ នេះបើតាម​អ្នក​កាសែត​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ ដែល​បាន​អម​ដំណើរ​ក្រុម​អ្នក​ចុះ​ជួយ​សង្គ្រោះ​។ តាម​ប្រភព​ដដែល​, ពេល​ចេញដំណើរ​ពី​ឆ្នេរ​បង់ក្លាដែស នៅលើទូកឈើរបស់ពួក​គេ​មាន​​គ្នី​គ្នា ​ប្រមាណ​ ១៥០ នាក់​ ​ ក៏ប៉ុន្តែ​ ទូក​លិច​ព្រោះតែ​​មាន​ភ្លៀងរលក​បោកបក់​ខ្លាំង​។ មនុស្ស​ជាច្រើន​នាក់​បាត់ខ្លួនក្នុងស​មុទ្រ​​។ ទម្រាំ​បាន​ជួប​ក្រុម​សង្គ្រោះ, ពួក​គេឋិត​​នៅលើ​ទូក ​១៥ ថ្ងៃមកហើយ។​
 
អ្នក​រួច​ជីវិត​ពី​​ស្លាប់​ម្នាក់ ​​ឲ្យដឹង​ដែរថា ទូក១ទៀតដែល​​ចេញដំណើរដំណាល់​ៗ​​គ្នា ​ក៏​​លិច​ដែរ ពី​ថ្ងៃពុធ​។ សហគម​ក្រុម​នេសាទ​ឥណ្ឌូណេស៊ី បាន​ស្រង់​ជីវិត​មនុស្ស​ ៦ នាក់​។​ ម្នាក់​ក្នុង​ចំណោម​នោះ បាន​បញ្ជាក់ថា ពេល​ទូក​ក្រឡាប់​លិច​ ធ្វើឲ្យ​​ជ្រុះ​បាត់​មនុស្ស​អស់​ស្ទើរពាក់​កណ្តាល​ទូក។​ ពួក​គេខ្លះ​​បាត់ខ្លួន ហើយ​និង ទំនង​ជា​ស្លាប់​អស់​ហើយ​ ក៏​មិន​ដឹង។​
អគ្គលេខាធិការ​សហគម​ក្រុម​នេសាទ​ឥណ្ឌូណេស៊ី ប្រចាំ​ខេត្ត​អាឆេ Pawang Amiruddin បាន​បញ្ជាក់​តាម​សម្តីរបស់​ជន​​​​​ភៀសខ្លួនរ៉ូហ៊ីងយ៉ា ថាពី​​ដំបូង​ឡើង​ ពួក​គេ​ទាំងនោះ​ចង់​ភៀសខ្លួន​ទៅ​ឆេរ​សមុទ្រ​ថៃ ប៉ុន្តែ​​ ថៃ​បដិសេធ ទើបទីបំផុត ​ធ្លាក់​មកដល់​ប៉ែក​អាឆេ​ ខាង​ឥណ្ឌូណេស៊ី​។​
 
តាំង​ពីឆ្នាំ​២០១៥មក​ ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​ កាន់សាសនាអ៊ីស្លាម ​ច្រើនលាន​​នាក់ បាន​ភៀសខ្លួន​​គេច​ចេញ​ពីអំពើហិង្សានិងការ​កាប់​សម្លាប់​នៅប្រទេស​​​ភូមា។ នៅព្រំដែនភូមា​ ក្នុង​​​ជំរុំ​ជនភៀសខ្លួន​នៅបង់ក្លាដែស  ជនភៀសខ្លួន​រាប់ពាន់​​នាក់ ច្រើនឈរជើងគ្នា​ ខ្វះស្បៀងអាហារ​ ខ្វះ​អនាម័យ ហើយ​និង​ជួប​អំពើហិង្សា​ផ្សេង​ៗ​ក្នុង​ជំរំ ដែល​ធ្វើ​ជនភៀសខ្លួនកាន់តែ​ច្រើនឡើងៗ​ ពុំ​អាច​ទ្រាំ​រស់​នៅបាន និង​​សម្រេច​ចិត្តប្រថុយជីវិតម្តងទៀត​ ​តាម​សមុទ្រ​ ​ដើម្បី​ស្វែងរក​ជម្រក​ថ្មី​ នៅ​ថៃ ឬម៉ាឡេស៊ី ឬក៏​ ឥណ្ឌូណេស៊ី។
 
គ្រាន់តែ​នៅ​ឥណ្ឌូណេស៊ី បើ​គិត​ត្រឹម​ពាក់កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំទៅមិញ មាន​ជនជាតិ​​រ៉ូហ៊ីងយ៉ា​ ចំនួនជាង​ ១ ៧០០ នាក់ ដែល​ភៀសខ្លួន​តាម​សមុទ្រ ទៅដល់​​ឥណ្ឌូណេស៊ី។ នេះបើតាម​ទិន្នន័យ​របស់​​អង្គការ​សហប្រជាជាតិ​។​ ក្នុង​ខែ​មីនា​នេះ ឧត្តម​ស្នងការទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ នៃអង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ប្រមូល​​ជំនួយ​ ៨៥០ លាន​ដុល្លារ ​ដើម្បី​ជួយ​សង្គ្រោះ​ក្រុម​រ៉ូហ៊ីងយ៉ា​៕​​​​

© រក្សាសិទ្ធិដោយ thmeythmey.com