ជាតិ
«គម្រោងសួនកសិអេឡូស៊ីដើម្បីអនាគត» ផ្ដល់ទីធ្លាបៃតង និងចំណេះសុខភាពដល់សិស្សនៅភ្នំពេញ
22, Mar 2024 , 9:59 pm        
រូបភាព
ភ្នំពេញ៖ «គម្រោងសួងកសិអេឡូស៊ីដើម្បីអនាគត» បានផ្ដល់ទីធ្លាបៃតង និងចំណេះសុខភាពធារណៈ ដល់សិស្សនៅទីក្រុងភ្នំពេញ។ ទីធ្លាបៃតង អាចជួយដល់ការលូតលាស់ផ្នែករាងកាយ ផ្លូវចិត្ត និងសង្គមដល់កុមារ ចាប់តាំងពីទារកដល់ពេញវ័យ។



លោក ឃុន គីមឃុយ សាស្រ្តាចារ្យភូមិន្ទកសិកម្ម និងជាអ្នកសម្របសម្រួលគម្រោង បានឱ្យដឹងថា ទីក្រុងភ្នំពេញ ជាកន្លែងចង្រ្អៀត និងមិនសម្បូរដើមឈើ ឬរុក្ខជាតិបៃតងនោះទេ។ ហេតុនេះ ការផ្ដួចផ្ដើមឱ្យមាន «គម្រោងសួនកសិអេឡូស៊ីដើម្បីអនាគតនេះ» គឺមានបំណងបង្កើនទីធ្លាបៃតង នៅតាមសាលារៀនដល់សិស្សានុសិស្ស និងគ្រូបង្រៀន។ 
 
បើតាមលោក គីមឃុយ គម្រោងនេះ ក៏មានបញ្ជូលការអប់រំផ្នែកចំណេះដឹងអាហារូបត្ថម្ភ ការបង្ការជំងឺមិនឆ្លង និងពង្រឹងចំណេះដឹងសិស្ស ពាក់ព័ន្ធលើការថែរក្សាបរិស្ថានផងដែរ។​
 
លោក បានសង្កត់ធ្ងន់ថា ការបង្កើតសួនបន្លែនៅតាមគ្រឹះស្ថានសិក្សា គឺជាកន្លែងដ៏សំខាន់សម្រាប់សិស្សានុសិស្ស ស្វែងយល់ពី​ជំនាញ​ដាំ​ដំណាំ​ដោយ​ប្រើ​ជីធម្មជាតិ និង​យល់ដឹង​ពី​របៀប​ថែទាំ​ដំណាំ​ឲ្យ​ទទួលបាន​ផល​ល្អ​។ ជាពិសេស វា​ជាដើម​ទុន​ដែលអាចឱ្យសិស្ស​ចាប់យកជំនាញនេះ ធ្វើជាមុខរបរពិតប្រាកដ ក្នុងការបង្កើតប្រាក់ចំណូលដោយខ្លួនឯង។
  
លោក ឃុន គីមឃុយ សាស្រ្តាចារ្យភូមិន្ទកសិកម្ម និងជាអ្នកសម្របសម្រួល «គម្រោងសួងកសិអេឡូស៊ីដើម្បីអនាគត»។ រូបភាព៖ ឈុំ ចន្ថា 

សាស្រ្តាចារ្យភូមិន្ទកសិកម្មរូបនេះ បានប្រាប់ដូច្នេះថា៖«ការអនុវត្តគម្រោងនេះ យើងមានគោលបំណងបង្កើតទីធ្លាបៃតងនៅតាមសាលារៀន ដើម្បីសិស្សានុសិស្សយល់ដឹងពីបច្ចេកទេសក្នុងវិស័យកសិកម្ម ការថែរក្សាបរិស្ថាន តាមរយៈការបង្កើតសួនកសិអេឡូស៊ីនេះ។ មួយទៀត យើងចង់ផ្ដល់ចំណេះដឹងផ្នែកអាហារូបត្ថម្ភ ការបង្ការជំងឺមិនឆ្លង ដូចជា លើសឈាម ឬ មហារីក។

ជារួមយើងចង់ឱ្យពួកគាត់(សិស្ស) ​ការហូបចុងគ្រប់គ្រាន់ដែលសម្បូរជីវជាតិ និងរស់នៅក្នុងបរិស្ថានបៃតង ព្រោះការអប់រំបញ្ញាស្មារតី កើតចេញពីរឿងទាំងអស់នេះ»។ 
 
«គម្រោងសួនកសិអេឡូស៊ីដើម្បីអនាគត» បានចាប់ផ្ដើមកាលពីខែកក្ដដា និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣ ដោយមានការគាំទ្រផ្នែកថវិកាពីមូលនិធិកម្មវិធី «ភាពជាដៃគូដើម្បីអភិវឌ្ឍន៍ទីក្រុងស្អាត អាមេរិក-អាស៊ាន»។ អង្គការអេក្លូស្យូ អង្គការឡូវ៉ែនអភិវឌ្ឍន៍ មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងនាយកដ្ឋានសុខភាពសិក្សា ជាអ្នកអនុវត្តគម្រោងនេះ។ 
 
គម្រោងនេះ កំពុងអនុវត្តនៅតាមសាលារដ្ឋចំនួន៤ ក្នុងរាជធានីភ្នំពេញ ដូចជា វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងបឋមសិក្សាចតុមុខ។ គម្រោងនេះ បានផ្ដល់ការបណ្ដុះបណ្ដាលជំនាញ ឬបច្ចេកទេសកសិកម្មដល់គ្រូបង្គោល និងសិស្សានុសិស្ស។ 
 
បើតាម លោក ឃុន គីមឃុយ មនុស្សម្នាក់ត្រូវការផ្ទៃដីបៃតង៩ម៉ែត្របួនជ្រុង ដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់ និងអាកាសធាតុត្រជាក់ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុងភ្នំពេញមិនទាន់មានភាពបៃតងគ្រប់គ្រាន់នោះទេ។ ដូច្នេះ លោកសង្ឃឹមថា «គម្រោងសួនកសិអេឡូស៊ី ដើម្បីអនាគត»នេះ នឹងរីកកាន់ធំថែមទៀត តាមរយៈអនុវត្តដាំដុះរបស់សិស្សានុសិស្ស និងសាលាផ្សេងទៀត។ 
 
លោក បន្ថែមប្រាប់ដូច្នេះថា៖«ទីក្រុងរបស់យើង(ភ្នំពេញ) បើចង់ដាំដុះកសិកម្មខ្នាតធំក៏មិនអាចទៅរួចដែរ ដូច្នេះ ដើម្បីឱ្យផ្ទៃដីបៃតងរីកធំធាត់ យើងត្រូវតែបណ្ដុះបណ្ដាលជំនាញកសិកម្មដល់សិស្សានុសិស្ស ហើយពួកគាត់បានយកជំនាញនេះទៅអនុវត្តបន្តនៅផ្ទះរៀងៗខ្លួនថែមទៀត»៕ 

Tag:
 សួនកសិអេកូឡូស៊ីដើម្បីអនាគត
  ទីធ្លាបៃតង
  កសិកម្ម
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com