ជាតិ
បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
ភោជនីយដ្ឋានមរកតអង្គរ នាំឱ្យបរទេសស្គាល់ម្ហូបខ្មែរកាន់តែច្រើន!
23, Mar 2024 , 9:19 am        
រូបភាព
សៀមរាប៖ «មរកតអង្គរ» ជាភោជនីយដ្ឋានប៊ូហ្វេម្ហូបអាហារខ្មែរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។​ ភោជនីយដ្ឋានមរកតអង្គរ ទើបបើកដំណើរការបានប្រមាណ៨ខែប៉ុណ្ណោះ ប៉ុន្តែទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន ពិសេសភ្ញៀវបរទេស។ នោះក៏ព្រោះ ម្ហូបអាហារខ្មែរដ៏សម្បូរបែប រួមទាំងភេសជ្ជៈ និងទស្សនីយភាពការសម្ដែងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ។

ដើម្បីជម្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេខាងក្រោមដូចតទៅ៖

 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក លី កុំកុំ អ្នកគ្រប់គ្រងភោជនីយដ្ឋានមរកតអង្គរ បានលើកឡើងថា អតិថិជនគោលដៅ នៃភោជនីយដ្ឋានមរកតអង្គរ ៩០ភាគរយ ជាភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅសៀមរាប។ ដូច្នេះហើយទើបភោជនីយដ្ឋាននេះ ជ្រើសរើសផ្ដល់សេវាម្ហូបអាហារជាមុខម្ហូបខ្មែរ ប្រមាណ៥០មុខជារៀងរាល់ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញឱ្យពួកគេ បានស្គាល់កាន់តែច្បាស់ពីម្ហូបអាហាររបស់ខ្មែរ ពិសេសផលិតផលតាមតំបន់ ដែលជាអត្តសញ្ញាណជាតិ។
 
ក្រៅពីសេវាម្ហូបអាហារ នៅទីនេះក៏មានបង្ហាញទស្សនីយភាពការសម្ដែងសិល្បៈបុរាណ ចំនួន៥ទម្រង់​ មានដូចជា រឿងរាមកេរ្តិ៍,របាំបេះក្រវាញ,របាំអប្សរា,ក្បាច់គុនល្បុក្កតោ និងរបាំក្ងោក ដើម្បីផ្ដល់ជាចំណីចក្ខុ ដល់ភ្ញៀវទេសចរបរទេស អំឡុងពេលទទួលទានអាហារ។ តាមការសង្កេតរបស់លោក កុំកុំ យល់ថា បរទេសភាគច្រើនចូលចិត្តវប្បធម៌ខ្មែរ ទាំងម្ហូបអាហារ ភេសជ្ជៈ បង្អែម និងទស្សនីយភាពការសម្ដែងសិល្បៈ។ 
 
បើតាមលោក កុំកុំ ហហ្មុក ជាម្ហូបពេញនិយមជាងគេ ក្នុងចំណោមមុខម្ហូបជាង៥០មុខ នៅភោជនីយដ្ឋាន។ ចំណែក ឆាត្រប់ ឆាម្រេចកំពត បង្អែមចេកបុក និងចេកខ្ទិះ ក៏បរទេសនិយមចូលចិត្តផងដែរ។
 
អ្នកគ្រប់គ្រងវ័យក្មេងរូបនេះ យល់ឃើញយ៉ាងដូច្នេះថា៖«អ្នកមកសៀមរាបជាទូទៅគេទៅលេងអង្គរ ប៉ុន្តែភ្ញៀវដែលទៅលេងអង្គរគាត់ញាំអាហារអីគេ។ ឧទាហរណ៍ភ្ញៀវអឺរ៉ុបញាំម្ហូបអឺរ៉ុបនៅមុខអង្គរ គាត់អាចហូបបានប៉ុន្តែក៏មានភ្ញៀវខ្លះ មកដល់គាត់ចង់សាកស្រាសរខ្មែរ គាត់មកដល់គាត់ចង់សាកម្ហូបខ្មែរ គាត់មកដល់គាត់ចង់ស្លៀកពាក់បែបខ្មែរ»។ 
 
លោកបន្តទៀតថា ម្ហូបអាហារជាផ្នែកមួយដ៏សំខាន់ ក្នុងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជា ជាពិសេសការបង្ហាញអត្តសញ្ញាណរបស់ជាតិ ឱ្យបរទេសកាន់តែស្គាល់កម្ពុជាច្រើនថែមទៀត៕
 

Tag:
 ម្ហូបខ្មែរ
 មរកតអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com