កីឡាជាតិ
ជាតិ
ឈាវ បូរ៉ា បង្វឹកអុកចត្រង្គទៅកុមារ និងស្ដ្រី ដើម្បីពង្រឹងសមត្ថភាពធនធានជំនាន់ក្រោយ
23, Mar 2024 , 9:59 am        
រូបភាព
កូនសិស្សអុកចត្រង្គ នៅក្នុងថ្នាក់ហ្វឹកហាត់របស់លោក ឈាវ បូរ៉ា រូបពីហ្វេសប៊ុក ឈាវ បូរ៉ា
កូនសិស្សអុកចត្រង្គ នៅក្នុងថ្នាក់ហ្វឹកហាត់របស់លោក ឈាវ បូរ៉ា រូបពីហ្វេសប៊ុក ឈាវ បូរ៉ា
លោក ឈាវ បូរ៉ា ម្ចាស់មេដាយប្រាក់អុកចត្រង្គ ស៊ីហ្គេមលើកទី៣២ និងជាជើងឯករងអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ បានផ្ទេរចំណេះដឹងអុកទៅក្មេងៗ និងស្ដ្រី ដើម្បីបង្កើនធនធានបន្ថែមទៀត សម្រាប់វិស័យអុកចត្រង្គ។

អតីតស្ដេចអុកចត្រង្គ២សម័យកាល មើលឃើញថា ធនធានកីឡាករ-កីឡាការិនីអុកចត្រង្គ មិនសូវជាសម្បូរទេ ដែលវាជាហានិភ័យមួយ សម្រាប់កីឡាអត្ដសញ្ញាណមួយនេះ ។ បើតាមលោក ឈាវ បូរ៉ា កីឡាអុកចត្រង្គនេះ អាចអភិវឌ្ឍន៍ និងរីកចម្រើនបាន លុះត្រាតែមានធនធានកីឡាករ-កីឡាការិនីច្រើន និងមានសមត្ថភាព។
 
បច្ចុប្បន្ន អត្ដពលិកអុកចត្រង្គ ភាគច្រើនជាមជ្ឈិមវ័យ ទៅបច្ឆិមវ័យ ចាប់ពីអាយុ ៣០ឆ្នាំឡើងទៅ។ ដើម្បីជាការចូលរួមផ្សព្វផ្សាយ និងពង្រឹងកីឡាអត្ដសញ្ញាណនេះ លោក បូរ៉ា បានបង្រៀនកីឡាលេងអុកទៅកាន់ក្មេងៗ និងស្ដ្រី ។ គ្រូបង្វឹកអុករូបនេះ មិនបានបើកជាសាលា ឬ ក្លិបហ្វឹកហាត់អុកឡើយ ប៉ុន្ដែគ្រាន់តែជាថ្នាក់បង្វឹកមួយ ដែលមានសិស្សក្មេងៗ ប្រមាណ ៨នាក់ប៉ុណ្ណោះ។
  
ឈាវ បូរ៉ា ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ

ម្ចាស់មេដាយប្រាក់ស៊ីហ្គេមរូបនេះ​ បានប្រាប់ដូច្នេះថា៖« ខ្ញុំបើកវគ្គសិក្សាទៅកាន់ក្មេងៗ និងមនុស្សស្រីទេ។ ខ្ញុំ ចង់បណ្ដុះពួកគាត់ ឲ្យជាធនធានមួយទៅថ្ងៃអនាគត។ កុមារ និងមនុស្សស្រី ជាធនធានមួយផ្សេង ដែលត្រូវការយើង បណ្ដុះពួកគាត់។»។ 
 
ដោយឡែកការបង្វឹកក្មេងៗ និងស្ដ្រី លោក ឈាវ បូរ៉ា បានបញ្ជាក់ថា មានការលំបាកខ្លាំង ព្រោះអ្នកទាំងនោះ មិនសូវផ្ដោតអារម្មណ៍ ដូចជាមនុស្សពេញវ័យឡើយ។ ទោះមានការលំបាកខ្លាំង ជើងឯករងអុកចត្រង្គអង្គរសង្ក្រាន្ដ ២០២៣រូបនេះ នៅតែចាត់ទុកថា ការបង្វឹកធនធានជំនាន់ក្រោយ គឺជារឿងសំខាន់ ព្រោះពួកគេមានពេលវេលាច្រើន ក្នុងការអភិវឌ្ឍខ្លួន ជាពិសេសការចូលរួមប្រកួតអន្ដរជាតិនានា នៅពេលអនាគត។
 
«ពួកគាត់នៅក្មេង យើងត្រូវការ ណែនាំគាត់ច្រើន ហើយពេលខ្លះគាត់ប្រឡែងគ្នាលេង យើងត្រូវការទាញគាត់មកវិញ មកស្ដាប់ មកផ្ទៀងមើលឡើងវិញ។ ម្យ៉ាងវិញទៀត ពួកគាត់ថ្មី ហើយត្រូវបង្រៀនពីចំណុចដំបូង។ ដូច្នេះ ពិបាកសម្រាប់គាត់យល់។ ខ្ញុំ ក៏ត្រូវការភាពច្នៃប្រឌិត ក្នុងការបង្រៀនពួកគាត់ដែរ»។ លោក ឈាវ បូរ៉ា បាននិយាយដូច្នេះ។ 
 
គួរបញ្ជាក់ផងដែរ លោក បូរ៉ា ក៏បានចងក្រងសៀវភៅអុកចត្រង្គមួយ សម្រាប់អ្នកដែលចេះលេងបន្ដិចបន្ដួច អាចស្វែងយល់បាន។ សៀវភៅនោះ មានឈ្មោះថា «យុទ្ធសាស្ដ្រដំរី»៕
 

Tag:
 ឈាវ បូរ៉ា
  អុកចត្រង្គ
© រក្សាសិទ្ធិដោយ thmeythmey.com