ជាតិ
ក្រសួងបង្ហាញពីអត្ថប្រយោជន៍ ដែលកម្មករនឹងទទួលបាន​ ក្រោយពេលរំលាយកិច្ចសន្យាការងារ
23, Mar 2024 , 11:59 am        
រូបភាព
រូបពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
 
ភ្នំពេញ៖ ដើម្បីជៀសវាងការបកស្រាយខុស ពាក់ព័ន្ធនឹងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យល់យ៉ាងលម្អិតលើចំណុចពីរ គឺកិច្ចសន្យាការងារត្រូវបានរំលាយដោយនិយោជក និងករណីសហគ្រាសក្ស័យធន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ចេញថ្ងៃទី២១ មីនា។

ករណីកិច្ចសន្យាការងារ ត្រូវបានរំលាយដោយនិយោជក!
 
តាមច្បាប់ការងារ ការរំលាយកិច្ចសន្យាការងារ ដោយនិយោជកនេះ បានចែកជាពីរករណី។ 
 
ករណីទីមួយ៖ និយោជកមានឆន្ទៈរំលាយកិច្ចសន្យាការងារ ដោយគ្មានហេតុផលត្រឹមត្រូវ ខណៈកម្មករ ក៏មិនបានប្រព្រឹត្តកំហុសធ្ងន់។ ករណីនេះ កម្មករដែលមានកិច្ចសន្យាការងារប្រភេទ ថិរវេលាកំណត់ (FDC)នោះ នឹងទទួលបានប្រាក់ឈ្នួល ដែលមិនទាន់បានបើក, ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច ៥ភាគរយ នៃប្រាក់ឈ្នួល 
ក្នុងរយៈពេលនៃកិច្ចសន្យាការងារ។ ជាមួយគ្នានេះ កម្មករនឹងទទួលបានប្រាក់ជំងឺចិត្ត យ៉ាងតិចស្មើនឹងប្រាក់ឈ្នួល ដែលកម្មករត្រូវទទួលបាន រហូតដល់
ពេលចប់កិច្ចសន្យាការងារ។ 
 
ចំណែក ប្រភេទកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) កម្មករនិយោជិតនឹងទទួលបាន ប្រាក់ឈ្នួលដែលមិនទាន់បានបើក, ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់, ប្រាក់បំណាច់ជួសការជូនដំណឹងមុន ក្នុងករណីដែលនិយោជក មិនបានជូនដំណឹងមុនត្រឹមត្រូវ តាមច្បាប់ស្តីពីការងារ, ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសណាមួយ ដែលកម្មករនិយោជិត ត្រូវបានបញ្ឈប់ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារសរុប ដែលនិយោជក មិនទាន់បានបើកឱ្យកម្មករ។ ទន្ទឹមនឹងនេះ ប្រាក់សោហ៊ុយជំងឺចិត្ត កម្មករនិយោជិត អាចទាមទារប្រាក់បំណាច់ផ្តាច់មួយ ដែលស្មើនឹង ប្រាក់បំណាច់អតីតភាពការងារ ដែលទទួលបានក្នុងអំឡុងពេលនៃកិច្ចសន្យាការងារ។ 
 
ករណីទីពីរ៖ ការរំលាយកិច្ចសន្យាការងារដោយឆន្ទៈនិយោជក ដោយសារកម្មករនិយោជិត បានប្រព្រឹត្តកំហុសធ្ងន់។ ចំពោះកិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួល ដែលមិនទាន់បានបើក, ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់។
 
 រីឯ ប្រភេទកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) កម្មករនិយោជិតនឹងទទួលបាន ប្រាក់ឈ្នួលដែលមិនទាន់បានបើក, ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់។ 
 
ករណីសហគ្រាសក្ស័យធន!
 
ការរំលាយកិច្ចសន្យាការងារ ដោយសារតែសហគ្រាសក្ស័យធន គឺកម្មករដែលមានកិច្ចសន្យាការងារប្រភេទ ថិរវេលាកំណត់ (FDC) នឹងប្រាក់ឈ្នួលដែលមិនទាន់បានបើក, ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់, ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច ៥ភាគរយ នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើក
ក្នុងរយៈពេលនៃកិច្ចសន្យាការងារ។ 
 
ចំពោះកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC)វិញ កម្មករនឹងទទួលបានប្រាក់ឈ្នួល ដែលមិនទាន់បានបើក, ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់, ប្រាក់បំណាច់ជួសការជូនដំណឹងមុន ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនត្រឹមត្រូវតាមច្បាប់ស្តីពីការងារ, ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសណាមួយ ដែលកម្មករនិយោជិតត្រូវបានបញ្ឈប់ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារសរុប ដែលនិយោជកមិនទាន់បានបើកជូន។ 
 
ក្រសួងអះអាងថា ក្នុងករណីក្ស័យធន មិនមានសោហ៊ុយជំងឺចិត្តឡើយ ព្រោះកម្មករនិយោជិត ដែលត្រូវបានបញ្ឈប់ពីការងារ ដោយករណីក្ស័យធន មិនរងផលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ។ ម្យ៉ាងវិញទៀត ក៏គ្មានការយល់ច្រឡំពីមហាជនលើពួកគេថា អសមត្ថភាព ឬគ្មានផលិតភាពក្នុងការងារ ដូចករណីបញ្ឈប់ឡើយ។ 
 
ប៉ុន្តែករណីការបញ្ឈប់កម្មករនិយោជិត ដោយឡែក ឬដោយដុំរបស់និយោជកវិញ ក្រសួងចាត់ទុកថា មានធាតុផ្សំដែលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងការសង្ស័យលើសហការីជាកម្មករនិយោជិតដទៃ ចំពោះសមត្ថភាព ឬផលិតភាពការងារ៕​
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com