កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ចាប់ផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំង Premier League និង EFL
× ក្រុម Leicester City ចាប់ផ្តើមដំណើរផ្នែកផ្លូវច្បាប់ចំនួន ២ ប្រឆាំងទៅនឹងក្របខណ្ឌ Premier League និងEnglish Football League (EFL) Championship ដែលបានប្រកាសនាថ្ងៃទី២២ ខែមីនា ថា បានបញ្ជូនរឿងក្តីពីការបំពានច្បាប់នៃការចំណាយ ទៅកាន់គណៈកម្មាធិការឯករាជ្យ។
ក្លិបម្ចាស់ពាន Premier League ឆ្នាំ ២០១៥-១៦ បានធ្លាក់ទៅកាន់ក្របខណ្ឌលំដាប់ទី២ ក្រោយពីបញ្ចប់ចំណាត់ថ្នាក់មិនល្អ ក្នុងតំបន់កាត់ចោលរបស់ Premier League រដូវកាលមុន ហើយដល់ពេលនេះអាចប្រឈមនឹងការកាត់ពិន្ទុ ក្រោយ Premier League បានចេញសេចក្តីណែនាំរួច។
បើតាមស្ថាប័នលីគកំពូលអង់គ្លេស Leicester បានបរាជ័យក្នុងការបញ្ជូនរបាយការណ៍គណនីហិរញ្ញវត្ថុ ដែលបានចំណាយកន្លងមករបស់ខ្លួន ឱ្យទាន់ពេលវេលា។
ក្រោយសេចក្តីប្រកាសរបស់ Premier League ក្លិបលំដាប់ថ្នាក់លេខ ២ នៅក្របខណ្ឌ Championship មួយនេះ ក៏បានឆ្លើយតបដោយហួសចិត្តលើការសម្រេចចិត្តរបស់ក្របខណ្ឌលីគកំពូលអង់គ្លេស ដ្បិតខ្លួនកំពុងនៅលីគទី២ ក្តី។ ក្លិប Leicester បន្តឈានដល់ដំណើរការផ្លូវច្បាប់ ដើម្បីប្រឆាំងទៅនឹងការសម្រេចរបស់ Premier League និង EFL។
«Leicester City ត្រូវបានបង្ខំឱ្យចេញនីតិវិធីផ្លូវច្បាប់បន្ទាន់ចំនួនពីរនៅថ្ងៃនេះ ដើម្បីប្រឆាំងនឹង Premier League និង EFL។ ក្លិប នឹងកំពុងស្វែងរកថាដំណើរការនីមួយៗ នៃដំណើរការទាំងនេះ ត្រូវបានកំណត់ដោយក្រុមប្រឹក្សាច្បាប់សមស្រប និងឯករាជ្យពេញលេញ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Leicester City។
កាលពីពេលថ្មីៗ Leicester បានបង្ហោះពីរបាយការណ៍ខ្លួន ដោយខាតបង់ប្រាក់ប្រមាណ ៩២,៥លានផោន(១១៦,៥៣លានដុល្លារ) សម្រាប់រដូវកាល ២០២១-២២។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានប្រកាសពីការខាតបង់មុនការបង់ពន្ធចំនួន ៣៣,១លានផោន កាលពីឆ្នាំមុនថែមទៀត។
ក្លិបស្ថិតក្នុង Premier League គឺតម្រូវឱ្យមានការខាតបង់ប្រាក់ចំណាយត្រឹមតែ ១០៥លានផោន (១៣២លានដុល្លារ) ប៉ុណ្ណោះ នៅក្នុងរយៈពេល ៣ឆ្នាំ។
ប្រសិនបើមានការរកឃើញថា Leicester City បានបំពានច្បាប់ពិតមែន នោះក្លិបអង់គ្លេសមួយនេះ នឹងក្លាយជាក្លិបទី៣ ហើយ ដែលត្រូវបានកាត់ពិន្ទុដោយការបំពានច្បាប់ ចំណាយផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីក្លិប Everton និង Nottingham Forest៕
Tag:
Leicester City
Premier League
EFL
© រក្សាសិទ្ធិដោយ thmeythmey.com