ជាតិ
នៅក្រចេះ និងស្ទឹងត្រែង មានកូនផ្សោត២ក្បាលទើបកើត ប៉ុន្តែបានងាប់វិញមួយក្បាល
23, Mar 2024 , 4:19 pm        
រូបភាព
កូនផ្ដោតថ្មីទើបនឹងកើត ត្រូវបានប្រទះឃើញនៅថ្ងៃទី២២មីនា។ រូបពី ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ
កូនផ្ដោតថ្មីទើបនឹងកើត ត្រូវបានប្រទះឃើញនៅថ្ងៃទី២២មីនា។ រូបពី ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ តាមរយៈការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និង អង្គការ WWF មានកូនផ្សោតទើបកើតថ្មីចំនួន២ក្បាល ដែលក្រុមជំនាញបានរកឃើញ កាលពីថ្ងៃទី ២២មីនា។ កូនផ្សោតទាំងនោះ ត្រូវបានគេប្រទះឃើញនៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងបានបញ្ជាក់ថា កូនផ្សោតដែលប្រទះឃើញខេត្តស្ទឹងត្រែង វានៅហ្វូងសត្វផ្សោត ចំនួន៦ក្បាលផ្សេងទៀត។ ចំណែក កូនផ្សោតនៅខេត្តក្រចេះ ដែលកើតក្នុងថ្ងៃតែមួយ ត្រូវបានក្រុមការងារប្រទះឃើញសព នៅចំណុចព្រែកប្រសព្វ នាអន្លង់កាំពីប្រមាណ១០គីឡូម៉ែត្រ។ កូនផ្សោតងាប់នេះ មានប្រវែង១,០៦ម៉ែត្រ និងទម្ងន់១១គីឡូក្រាម។ បើតាមការសន្និដ្ឋាន របស់ក្រុមជំនាញ កូនផ្សោតដែលងាប់នោះ ទើបនឹងកើតបានប្រមាណ១ទៅ២ថ្ងៃប៉ុណ្ណោះ ។ 
 
កូនផ្សោតដែលស្លាប់នៅក្រចេះ។ រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

តាមការវាយតម្លៃបឋម ការស្លាប់របស់កូនផ្សោត នៅអន្លង់កាំពីខេត្តក្រចេះ អាចបណ្តាលមកការបំពានរបស់ពពួកផ្សោតធំៗ ប៉ុន្តែក្រុមការងារស្រាវជ្រាវនឹងវិភាគជាបន្ត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។ 
 
គិតត្រឹមថ្ងៃទី២៣មីនា ក្នុងឆ្នាំនេះ កម្ពុជាបានទទួលកូនផ្សោតកើតថ្មីចំនួន៥ក្បាល និងមានផ្សោតងាប់ចំនួន២ក្បាល៕ 
 

Tag:
 ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com