អន្តរជាតិ
ចិននិងរុស្ស៊ី ជំទាស់សេចក្ដីព្រាងរបស់អាម៉េរិកដែលស្នើឱ្យមានបទឈប់បាញ់នៅកាហ្សា
23, Mar 2024 , 3:03 pm        
រូបភាព
រុស្ស៊ី និងចិន បានបោះឆ្នោតជំទាស់សេចក្ដីព្រាងសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខដែលស្នើដោយអាម៉េរិក សំដៅជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងប្រកបដោយនិរន្តរភាពនៅកាហ្សានាកិច្ចប្រជុំថ្ងៃទី២២ ខែមីនា។ តំណាងមហាអំណាចទាំង២ អះអាងថា សំណើរបស់អាម៉េរិក មានភាពមិនច្បាស់លាស់ ហើយមិននិយាយដល់បញ្ហាសំខាន់ ប៉ុន្តែតំណាងអាម៉េរិកតបវិញថា រុស្ស៊ី និងចិនជំទាស់គ្រប់យ៉ាងឱ្យតែអាម៉េរិកស្នើឡើង។

 
នាកិច្ចប្រជុំនៅថ្ងៃទី២២ ខែមីនា សមាជិក១១ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតគាំទ្រសេចក្ដីព្រាងរបស់អាម៉េរិក។ ក្រៅពីចិន និងរុស្ស៊ី អាល់ហ្សេរីដែលតំណាងប្លុកអារ៉ាប់ ក៏បោះឆ្នោតប្រឆាំងដែរ។ ហ្គីយ៉ាន តែមួយគត់បោះឆ្នោតអនុប្បវាទ។​ សំឡេងជំទាស់របស់ចិន និងរុស្ស៊ី នាំឱ្យសេចក្ដីព្រាងបរាជ័យ។ 
 
នេះជាសេចក្ដីព្រាងលើកដំបូងរបស់អាម៉េរិកចំពោះបញ្ហានៅកាហ្សាដែលផ្ទុះចេញពីការវាយប្រហារថ្ងៃទី៧ ខែតុលា ហើយក៏បង្ហាញពីការផ្លាស់ប្ដូរជំហររបស់អាម៉េរិកចំពោះបញ្ហានេះដែរ ដ្បិតកន្លងមកអាម៉េរិកហាក់កាន់ជើងអ៊ីស្រាអែលខ្លាំង។ អ៊ីស្រាអែលបានតបវិញយ៉ាងចាស់ដៃរហូតដល់កាហ្សាស្ទើរខ្ទេចម៉ត់ទៅហើយ។ តាមពិតទៅ អាម៉េរិកខ្លួនឯងក៏ធ្លាប់បោះឆ្នោតប្រឆាំងសេចក្ដីព្រាងដែលទាមទារឱ្យមានបទឈប់បាញ់បន្ទាន់ដល់ទៅ៣លើក ដោយលើកចុងក្រោយបោះឆ្នោតប្រឆាំងសំណើប្លុកអារ៉ាប់។
 
ចំណុចខ្ទាស់មួយក្នុងសំណើរបស់អាម៉េរិក គឺការប្រើឃ្លាក្រុមប្រឹក្សាសន្តិសុខកំណត់ពីភាពចាំបាច់នៃបទឈប់បាញ់ជាបន្ទាន់ និងនិរន្តរភាព ជាជាងការប្រើពាក្យទាមទារ ឬស្នើត្រង់ៗដើម្បីបញ្ឈប់អរិភាពនៅកាហ្សា។
 
នៅក្នុងសេចក្ដីព្រាងមុនៗ អាម៉េរិកក៏ទាមទារឱ្យបញ្ចូលបទឈប់បាញ់ជាមួយការទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ ប៉ុន្តែសេចក្ដីព្រាងពេលនេះ ក៏នៅតែមានការភ្ជាប់បញ្ហាទាំង២ តែមិនគត់មត់ដូចមុនឡើយ។
 
មុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ Vassily Nebenzia និយាយថា មូស្គូគាំទ្របទឈប់បាញ់ភ្លាមៗ។ ប៉ុន្តែលោកបានរិះគន់ពាក្យពេចន៍ក្នុងសេក្ដីព្រាងរបស់អាម៉េរិក ដែលលោកចាត់ទុកពាក្យទស្សនវិជ្ជាដែលមិនធ្លាប់មានក្នុងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ លោកក៏ចោទរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និងឯកអគ្គរដ្ឋទូតប្រចាំ UN លោកស្រី Linda Thomas-Greenfield ថាបំភ័ន្តសហគមន៍អន្តរជាតិដោយចេតនាថែមទៀត។
 
បើតាមទូតរុស្ស៊ីរូបនេះ អ្វីដែលអាម៉េរិកស្នើឡើង គ្រាន់តែជាលំហាត់វោហាសាស្ត្រដែលមានលក្ខណៈនយោបាយខ្លាំងពេក ជាមួយគោលបំណងតែមួយគត់គឺជះឥទ្ធិពលដល់ការបោះឆ្នោតអាម៉េរិក តាមរយៈការលើកឡើងអំពីបទឈប់បាញ់នៅកាហ្សា។ លោក Nebenzia និយាយទៀតថា វាក៏ធានានិទណ្ឌភាពឱ្យអ៊ីស្រាអែលថែមទៀត។
 
ឯលោក Zhang Jun ឯកអគ្គរដ្ឋទូតចិន លើកឡើងថា សំណើរបស់អាម៉េរិកបានកំណត់លក្ខខណ្ឌជាមុន ហើយចាកឆ្ងាយពីការរំពឹងទុករបស់សមាជិកក្រុមប្រឹក្សា និងសហគមន៍អន្តរជាតិ។
 
«​ប្រសិន​បើ​​អាម៉េរិក​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​បទ​ឈប់​បាញ់ នោះ​អាម៉េរិកនឹង​មិនវ៉េតូម្ដងហើយម្ដងទៀតឡើយ​។ អាម៉េរិកក៏ មិនចាំបាច់ដើរផ្លូវវាងបែបនេះ ហើយលេងល្បែងពាក្យពេចន៍ ស្របពេលខ្លួនមានមិនច្បាស់លាស់ និងគេចវេសពីបញ្ហាសំខាន់ៗដែរ។» អ្នកការទូតចិនបន្ថែមបែបនេះ។
 
ថ្លែងមុនការបោះឆ្នោតដែរ លោកស្រី Thomas-Greenfield បានជំរុញឱ្យក្រុមប្រឹក្សាអនុម័តដំណោះស្រាយនេះដើម្បីជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំង ក៏ដូចជាដោះស្រាយវិបត្តិមនុស្សធម៌នៅកាហ្សា និងគាំទ្រការទូតដែលកំពុងធ្វើដោយអាម៉េរិក អេហ្ស៊ីប និងកាតា។
 
បន្ទាប់ពីការបោះឆ្នោតជាមួយលទ្ធផលមិនគាប់ចិត្ត លោកស្រី Thomas-Greenfield ក៏ចោទរុស្ស៊ី និងចិនថា បានបោះឆ្នោតដោយប្រើហេតុផលដ៏ឃោរឃៅ ហើយប្រទេសទាំង២ មិនថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា។ នៅឯសេតវិមានវិញ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយថា រុស្ស៊ី និងចិន បោះឆ្នោតជំទាស់ ក៏ដោយសារវាជាអ្វីដែលអាម៉េរិកសរសេរ។
 
ក្រោយសេចក្ដីព្រាងអាម៉េរិកបរាជ័យ សមាជិក១០ប្រទេសទៀត ក៏ព្រាងសេចក្ដីសម្រេចថ្មីមួយទៀត ដែលទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់សម្រាប់ខែរ៉ម៉ាដន។ ឯកអគ្គរដ្ឋទូត UN របស់ប៉ាឡេស្ទីនបាននិយាយថា ការបោះឆ្នោតនឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា។ សេចក្ដីសម្រេចនេះ ក៏បញ្ចូលការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌចំពោះចំណាប់ខ្មាំងទាំងអស់ ហើយសង្កត់ធ្ងន់លើការការពារជនស៊ីវិល និងការផ្តល់ជំនួយមនុស្សធម៌ទូទាំងតំបន់កាហ្សា។
 
ឯកអគ្គរដ្ឋទូតរុស្ស៊ី ចិន និងអាល់ហ្សេរី បានជំរុញសមាជិកក្រុមប្រឹក្សាឱ្យគាំទ្រសេចក្ដីសម្រេចនេះ។ ប៉ុន្តែលោកស្រី Thomas-Greenfield បង្ហើបថា អាម៉េរិកទំនងបោះឆ្នោតប្រឆាំង៕
 

Tag:
 ចិន
  អាម៉េរិក
  រុស្ស៊ី
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com