RFI
អន្តរជាតិ
អត្រាមរណៈកុមារធ្លាក់ទាបជាប្រវត្តិសាស្ត្រ តែនៅយឺតនិងផុយស្រួយ អត្រាមរណៈកុមារធ្លាក់ទាបជាប្រវត្តិសាស្ត្រ តែនៅយឺតនិងផុយស្រួយ AFP PHOTO / JUNIOR D. KANNAH
×
ដោយ៖អៀង សុខម៉ិញ /RFI
អត្រាមរណៈរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះទាបខ្លាំង ជាប្រវត្តិសាស្ត្រនៅឆ្នាំ២០២២។ បើតាមរបាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោកសហការជាមួយធនាគារពិភពលោក ចេញផ្សាយកាលពីពេលថ្មីនេះ ចំនួនទារកស្លាប់មានប្រមាណតែជិត៥លាននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ២០២២។ ប៉ុន្តែសម្រាប់អង្គការសហប្រជាជាតិ នេះជាវឌ្ឍនភាពដ៏យឺត និងផុយស្រួយនៅឡើយ។
អត្រាមរណៈរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់មកនៅត្រឹមប្រមាណ៤លាន៩សែននាក់នៅឆ្នាំ២០២២ ពោលគឺជាការធ្លាក់ចុះអស់៥១%បើប្រៀបទៅឆ្នាំ២០០០ និងដល់ទៅ៦២% បើគិតតាំងពីឆ្នាំ១៩៩០មក។ ប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចកាត់បន្ថយចំនួនមរណៈកុមារបានល្អគួរឱ្យកត់សម្គាល់ជាងគេ ក្នុងកំរិតជាង៧៥%តាំងពីឆ្នាំ២០០០មក មានដូចជាប្រទេសម៉ាឡាវី រវ៉ាន់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ កម្ពុជា ឬម៉ុងហ្គោលី។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Catherine Russell ប្រធានអង្គការយូនីសេហ្វ យល់ថាលទ្ធផលដ៏ល្អនេះជាកិច្ចខិតខំប្រឹងប្រែងរបស់ឆ្មប បុគ្គលិកសុខាភិបាលដែលបានជួយស្រ្តីជាម្តាយឱ្យបង្កើតកូនដោយសុវត្ថិភាព ជួយចាក់ថ្នាំបង្ការទារកពីការបៀនបៀននៃជំងឺ និងជួយណែនាំអប់រំដល់ផ្ទះ ដើម្បីធានាថាទារក-កុមារពិតជាមានសុខភាពល្អ បានទទួលថែទាំផ្តល់អាហារូបត្ថម្ភត្រឹមត្រូវ។
ប៉ុន្តែបើតាមរបាយការណ៍របស់អង្គការយូនីសេហ្វសហការជាមួយអង្គការសុខភាពពិភពលោកឬធនាគារពិភពលោក ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងមរណភាពកុមារ នៅមានលក្ខណៈផុយស្រួយនិងយឺតណាស់។ ឱ្យតែប្រហែសហ៊ានទម្លាក់ដៃបន្តិច អត្រាមរណៈកុមារនឹងលែងថយចុះ ហើយអាចស្ទុះឡើងវិញជាមិនខាន។ មានសញ្ញាមិនល្អកំពុងរង់ចាំស្រេចទៅហើយ។ ក្នុងកំរិតពិភពលោកនិងនៅតំបន់ខ្លះ ដូចយ៉ាងតំបន់អាហ្វ្រិកកណ្តាល វឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងនឹងមរណភាពទារកនិងកុមារ ចាប់បន្ថយល្បឿននៅរវាងពីឆ្នាំ២០០០ទៅ២០១៥។ ហើយអត្រាមរណៈកុមារពិភពលោកធ្លាក់ចុះកំរិតលឿនជាងពីឆ្នាំ២០១៥ដល់២០២២ដល់ទៅពីរដង។ ជាសរុប តាំងបីឆ្នាំ២០០០មក មានកុមារក្រោម៥ឆ្នាំចំនួន ១៦២លាននាក់បានស្លាប់ក្នុងនោះ៧២លាននាក់ស្លាប់នៅអាយុមិនទាន់មួយខែផង។
កើតមុនខែ កើតមិនរួចថប់ដង្ហើម ទារកលូតលាស់មិនប្រក្រតី សុទ្ធសឹងជាមូលហេតុសំខាន់ៗនៃទារកអាយុក្រោមមួយខែ ដែលមានដល់ទៅ២,៣លាននាក់ នៅឆ្នាំ២០២២។ ពីមួយខែទៅ៥ឆ្នាំកុមារច្រើនស្លាប់ដោយជំងឺផ្លូវដង្ហើម រលាកសួត ជំងឺគ្រុនចាញ់ និងរាករូស។
របាយការណ៍ដដែលបានព្រមានថាបើគ្មានការវិនិយោគបន្ទាន់ក្នុងវិស័យសុខភាពកុមារទេ មាន៥៩ប្រទេសមិនអាចសម្រេចកម្មវត្ថុរបស់អង្គការសហប្រជាជាតិ ដែលកំណត់អត្រាមរណៈកុមារត្រឹម២៥នាក់ក្នុងចំណោមកំណើត១ពាន់នៅឆ្នាំ២០៣០ ហើយ៦៤ប្រទេសមិនអាចគោរពអត្រាមរណៈក្មេងក្រោមមួយខែត្រឹម១២លើ១ពាន់ទារកបានទេ។ បើឈរលើនិន្នាការបច្ចុប្បន្ន កុមារ៣៥លាននាក់នឹងបាត់បង់ជីវិតនៅមុនធ្វើបុណ្យខួបកំណើត៥ឆ្នាំរបស់ខ្លួន នៅឆ្នាំ២០៣០។ នេះបើតាមរបាយការណ៍ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com