ជាតិ
វីដេអូ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរ​ស្ដារ​ព្រែកឱ្យបាន​ជ្រៅ ដើម្បី​ទាក់ទាញ​ភ្ញៀវថែមទៀត​
23, Mar 2024 , 8:19 pm        
រូបភាព
សៀមរាប៖ កំពង់ភ្លុក គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង ដែលអណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប។ ទីនេះ ជា​ទីទេសចរណ៍មួយដ៏​មាន​ប្រជាប្រិយ ដែល​ទេសចរភាគច្រើន​ស្គាល់។ ដើម្បី​សម្រួលដល់ការធ្វើដំណើរ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ទេសចរ លោក សាង គង់ ប្រធានសហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក ស្នើ​អាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ​ និង​ធ្វើ​ផ្លូវ​បេតុងបន្ថែម។

សហគមន៍ទេសចរណ៍​ធម្មជាតិកំពង់​ភ្លុក​ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ នារដូវវស្សា «កំពង់ភ្លុក» នឹងប្រែសម្រស់គួរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្តគយគន់សម្រស់ដ៏ស្រស់ត្រកាលបែបធម្មជាតិ លើផ្ទៃទឹកនៃបឹងទន្លេសាប។
 
សូម​អញ្ជើញ​ទស្សនាវីដេអូខាង​ក្រោម​ដូចតទៅ៖
 
ដោយ​ឡែក​ រដូវប្រាំង តំបន់​កំពង់​ភ្លុក​មិន​សូវ​មាន​ភាព​អ៊ូរ​ឡើយ។ ទូកនេសាទ និង​ទូក​ដឹកភ្ញៀវជាច្រើនត្រូវ ត្រូវ​បានគេទុកចោលតាមច្រាំងនៃបឹងទន្លេសាប។ ប៉ុន្តែ​នៅពេល​ធ្វើដំណើរ​ទៅដល់ ភ្ញៀវទេសចរ នឹងឃើញកូនទូកនេសាទ និងកាណូត ដាក់ដង្ហែគ្នាត្រៀមចាំរួចជាស្រេច ដើម្បីដឹកភ្ញៀវទេសចរទទួល​អាហារនៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប និងមើលសម្រស់ព្រៃលិចទឹកលាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែក 
ក្នុង​ដំណើរទស្សនកិច្ច​ដែល​រៀបចំដោយ​ក្លិប​អ្នកកាសែ​ត​កម្ពុជា នា​ខេត្ត​សៀមរាប ក្រុម​អ្នក​សារព័ត៌មាន​ធ្វើដំណើរទៅ​កាន់​តំបន់​ទេសចរ​ណ៍​ធម្មជាតិ​កំពង់ភ្លុក។ លោក សាង គង់ ប្រធានសហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក បាន​រៀប​រាប់ពី​ការ​កកើត​សហគមន៍នេះ នៅ​ក្នុង​ឆ្នាំ​២០១៣។ 
 
បឹង​ទន្លេ​សាប ជា​ប្រមូល​ចំណូល​ដ៏សំខាន់​សម្រាប់​សហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក និង​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យផល​តាមរយៈការ​នេសាទ និង​វិស័យ​ទេសចរណ៍។ បើតាម​លោក សាង គង់ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​កំពង់ភ្លុក ៣០ភាគរយ​ប្រកប​របរ​នេសាទ, ៥០ភាគរយ​ប្រកបរបរទេសចរណ៍ និង​២០ភាគរយ ជា​អ្នកលក់ដូរ ជួសជុលកាណូតផ្សេងៗ។ 
 
ដើម្បីទាក់ទាញ​ និង​ផ្ដល់​ភាព​ងាយស្រួលដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​កំពង់​ភ្លុក លោក សាង គង់ ប្រធានសហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក ចង់​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ជួយ​ស្ដារ​ព្រែក​ឱ្យ​បាន​ជ្រៅ រួមទាំង​ការ​ធ្វើ​ផ្លូវ​បេតុង និង​ប៉ម​ត្រួតពិនិត្យសុវត្ថិភាព​ទេសចរផងដែរ។ ទេសចរដែល​មក​ទស្សនានៅទីនេះ តែងតែដើរមើល​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ជិះទូក​តាម​ព្រៃលិច​ទឹក គយគន់​ថ្ងៃលិច និង​ការ​ធ្វើត្រី​ឆ្អើរ ឬ​បង្គាជាដើម។ 
 
សូម​បញ្ជាក់ថា កាល​ពី​ថ្ងៃទី​១៥-១៧ខែ មីនា ក្លិប​អ្នក​កាសែត​កម្ពុជា បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ចទៅ​កាន់ខេត្ត​សៀមរាប ដោយ​មាន​ស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​អ្នក​សារព័ត៌មាន​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ឧទ្យាន​កម្សាន្ត Angkor WildLife and Aquarium, ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាបអង្គរ, ការ​ជិះ​កន្ត្រ​កវិល ដែល​ខ្ពស់​ជាងគេ​នៅ​ខេត្តសៀមរាប, ជិះ​រថយន្ត​ Jeepទស្សនា​ភូមិព្រះដាក់ និង​តំបន់ទេសចរណ៍​កំពង់ភ្លុក​ជាដើម៕​
 

Tag:
 កំពង់ភ្លុក
  សៀមរាប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com