ជាតិ
រដ្ឋាភិបាល ឱ្យភាគីពាក់ព័ន្ធ ចូលរួមទប់ស្កាត់ជំងឺរបេងបន្ថែមទៀត
23, Mar 2024 , 5:59 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អំពាវនាវឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមទប់ស្កាត់ជំងឺរបេងបន្ថែមទៀត  បើទោះបីស្ថានភាពនៃជំងឺបច្ចុប្បន្ន មានការធ្លាក់ចុះក៏ដោយ។

ទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៤ រៀបចំឡើងក្រោមប្រធានបទ«មែន ហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន» នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤មីនា។
 
សារលិខិតរបស់នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង បានលើកឡើងថា កម្ពុជាបានសម្រេចសមិទ្ធផល​គួរជាទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង នាប៉ុន្មានឆ្នាំកន្លងមកនេះ ។ ២០ឆ្នាំមុនកម្ពុជាស្ថិតនៅ ក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេ នៅលើពិភពលោក។ 
 
តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោក ចំពោះការកំចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកលទ្ធផលគាប់ប្រសើរនេះ បានកើតចេញពីការប្រឹងប្រែងរួមគ្នា តាមរយៈការពង្រីកសេវាពិនិត្យ និងព្យាបាលពីរាជរដ្ឋាភិបាល។

 
«បើទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ថាការងារប្រយុទ្ធនឹងជំងឺរបេងនៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យយើងបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺនិងស្លាប់ ដោយសារជំងឺរបេងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងសកលលោក»។ សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់បែបនេះ។
 
ប្រមុខរដ្ឋាភិបាល បានដាស់តឿនឱ្យអាជ្ញាធរ បន្តការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
 
តាមរយៈសារលិខិតដដែលនេះ សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនល្បឿន បំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺ
របេងជាសកលនៅគ្រប់ទីកន្លែង ។ 
 
ដើម្បីឆ្លើយតបប្រធានបទនេះ សម្ដេចបានស្នើទៅក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព 
ដោយបង្កើនល្បឿន អនុវត្តការងារប្រយុទ្ធនឹងជំងឺរបេង តាមផែនការជាតិ និងសកលលោក៕ 
 

Tag:
 ជំងឺរបេង
© រក្សាសិទ្ធិដោយ thmeythmey.com