អន្តរជាតិ
ខកឱកាសជាមួយ Taylor Swifts ថៃនឹងរៀបចំតន្ត្រីខ្នាតធំ Tomorrowland និង Summer Sonic
23, Mar 2024 , 6:29 pm        
រូបភាព
បន្ទាប់ពីខកឱកាសក្នុងការរៀបចំកម្មវិធីប្រគំតន្រ្តីជុំវិញពិភពលោករបស់តារាចម្រៀងល្បីឈ្មោះ Taylor Swifts ថៃក៏ឈានដល់កិច្ចព្រមព្រៀងរៀបចំតន្ត្រីខ្នាតធំ២ មាន Tomorrowland និង Summer Sonic នៅឆ្នាំខាងមុខ ស្របពេលប្រទេសនេះព្យាយាមទាក់ទាញព្រឹត្តិការណ៍ធំៗដើម្បីជំរុញទេសចរណ៍។

 
កម្មវិធីតន្ត្រី Summer Sonic របស់ជប៉ុន នឹងធ្វើនៅថ្ងៃទី២៤ និងទី២៥​ ខែសីហា ដែលជាលើកទី១បំផុតការប្រគំតន្ត្រីនេះធ្វើនៅអាស៊ីអាគ្នេយ៍។ កម្មវិធីនៅថៃ ធ្វើក្រោយការរៀបចំនៅតូក្យូ និងអូសាកា។
 
ចំណែកកម្មវិធី Tomorrowland ដែលជាព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិកដ៏ល្បីឈ្មោះរបស់បែលហ្ស៊ិក នឹងធ្វើនៅឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាល Chai Wacharonke ។ ថៃនឹងរៀបចំម្ចាស់ផ្ទះកម្មវិធីនេះ១០លើកឯណោះ។
 
ការរៀបចំកម្មវិធីធំៗបែបនេះ ជាយុទ្ធសាស្រ្តមួយរបស់ថៃក្នុងការទាក់ទាញអ្នកទេសចរតាមរយៈការទទួលតារាល្បីៗ ដូចដែលសិង្ហបុរីធ្លាប់បានធ្វើជាមួយការរៀបចំកម្មវិធីប្រគំតន្រ្តីរបស់តារាចម្រៀងល្បីឈ្មោះ Taylor Swifts កាលពីដើមឆ្នាំ។ វត្តមានរបស់តារាចម្រៀងរូបនេះ ក៏នាំដល់ការឆ្លើយឆ្លងគ្នាមួយប្រាវរវាងថៃ និងសិង្ហបុរីដែលផ្ដល់លុយដើម្បីរៀបចំកម្មវិធីផ្ដាច់មុខ។
 
នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន ក៏បង្ហាញជំហរទាក់ទាញតារាល្បីដូចគ្នាដែរដើម្បីជំរុញវិស័យទេសចណ៍របស់ថៃ ដែលរួមចំណែកធំក្នុងសេដ្ឋកិច្ចប្រទេស៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com