ជាតិ
រដ្ឋមន្ត្រីឧស្សាហកម្ម នឹងជំរុញឱ្យអាជីវកម្មខ្នាតតូច ទៅចុះបញ្ជី
24, Mar 2024 , 4:57 pm        
រូបភាព
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបពី STPM
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបពី STPM
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជំរុញអាជីវកម្មធុនតូចទាំងអស់ ដែលនៅក្រៅប្រព័ន្ធ ឱ្យចុះបញ្ជីត្រឹមត្រូវ ដើម្បីក្លាយជាអាជីវកម្មផ្លូវការ។

 
នៅសន្និសីទសារព័តមាន នាព្រឹកថ្ងៃទី២៤មីនា ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលរៀបចំឡើង ក្រោមប្រធានបទ «សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លោក ហែម វណ្ណឌី បានលើកឡើងថា ក្រសួងកំពុងរៀបចំគោលនយោបាយមួយចំនួន ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម និង ជួយកែប្រែអាជីវកម្មមិនផ្លូវការ មកអាជីវកម្មផ្លូវការ។ បើតាមលោករដ្ឋមន្រ្តី អង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ជាង៧៧ម៉ឺនសហគ្រាស មានតែ២ភាគរយប៉ុណ្ណោះ ជាសហគ្រាសចុះបញ្ជីផ្លូវការ។
 
«នៅក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជាង៧៧ម៉ឺន ក្នុងនោះមានSME ចុះបញ្ជីផ្លូវការប្រហែល២ភាគរយ និងក្រុមហ៊ុនធំៗប្រហែល០.២ភាគរយ ក្រៅពីនោះ ជាង៩៧ភាគរយ គឺជាប្រភេទ មីក្រូសហគ្រាស ហើយក្នុងចំណោមមីក្រូសហគ្រាស ភាគច្រើនគឺស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ លោក​ វណ្ណឌី លើកឡើងបែបនេះ ហើយពន្យល់ថា មានកត្តាជាច្រើន ដែលធ្វើឱ្យសហគ្រាសទាំងនោះ មិនទាន់ចុះក្នុងបញ្ជីប្រព័ន្ធ មានដូចជា កត្តាបទពិសោធ ទីផ្សារ សហគ្រិនភាព សមត្ថភាពនៅក្នុងការបំពេញអនុលោមភាព រួមទាំងកត្តាលក្ខខណ្ឌពន្ធដារមួយចំនួន និងការចាត់ចែងអាជីវកម្មរបស់ខ្លួនឯងក៏នៅមានកម្រិតផងដែរ។
 
បើការងារជំរុញអាជីវកម្មមិនផ្លូវការ ទៅអាជីវកម្មផ្លូវការទទួលបានជោគជ័យ វានឹងជួយខឿនសេដ្ឋកិច្ច កាន់តែខ្លាំងឡើង។ លោករដ្ឋមន្ត្រីឧស្សាហកម្ម បន្ថែមថា រដ្ឋាភិបាលអាណត្តិនេះ បានផ្ដល់អទិភាព លើការប្រែក្លាយសេដ្ឋកិច្ចពីក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ។ 
 
«ខ្ញុំលើកទឹកចិត្ត ឱ្យបងប្អូនត្រៀមលក្ខណៈ ចូលរួមក្នុងការអនុវត្ត និងបំពេញគោលការណ៍ ដែលរដ្ឋាភិបាលនឹងដាក់ចេញ ហើយក្នុងនាមជាប្រធានគណៈកម្មាធិការស្រមសម្រួលនៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងខ្ញុំនឹងចាប់ផ្ដើមជំរុញ ជាយុទ្ធនាការបន្ថែម ដើម្បីឱ្យបងប្អូនឱ្យបានយល់ដឹង និងរៀបចំព័ត៌មាន ដើម្បីឱ្យបងប្អូនមានមូលដ្ឋានគ្រប់គ្រាន់»។ នេះបើតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានបន្ថែមថា ការជំរុញឱ្យអាជីវកម្មក្រៅប្រព័ន្ធ ចូលទៅក្នុងប្រព័ន្ធ គឺជាគោលការណ៍ស្ម័គ្រចិត្តរបស់អាជីវករ៕ 
 

Tag:
 ឧស្សាហកម្មធុញតូច
© រក្សាសិទ្ធិដោយ thmeythmey.com