RFI
អន្តរជាតិ
ប្រមុខ​បក្សប្រឆាំងនិងជាអភិបាល​រដ្ឋ​ញូវដេលី ត្រូវចាប់ឃុំ​ខ្លួន​ មុន​ការ​បោះឆ្នោត​សភា
24, Mar 2024 , 9:59 pm        
រូបភាព
អភិបាលរដ្ឋញូវដេលី លោក Arvind Kejriwal ត្រូវ អង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទល្មើសប្រព្រឹត្តអំពើពុករលួយ គៃបន្លំហិរញ្ញវត្ថុ។ Murali Krishnan
អភិបាលរដ្ឋញូវដេលី លោក Arvind Kejriwal ត្រូវ អង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទល្មើសប្រព្រឹត្តអំពើពុករលួយ គៃបន្លំហិរញ្ញវត្ថុ។ Murali Krishnan
ដោយ៖ហេង ឧត្តម
នៅឥណ្ឌា​ក្នុង​សប្តាហ៍​នេះ អភិបាល​រដ្ឋ​ញូវដេលីនិងជា​ប្រមុខ​បក្សប្រឆាំង​ដ៏ធំជាងគេ​ ត្រូវ​នគរបាល​រដ្ឋសហព័ន្ធ​ ចាប់ឃុំ​ខ្លួន​ ដោយ​ចោទប្រកាន់​ពី​អំពើ​ពុករលួយ​។ ការ​ចាប់ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​តែ​ជាង១សប្តាហ៍​  មុន​ការ​បោះឆ្នោតសភា ​ខិត​ចូល​មកដល់។ ​អង្គការ​សិទ្ធិមនុស្ស, ក្រុម​សង្គម​ស៊ីវិល ​និងអ្នក​វិភាគ​នយោបាយ​ឥណ្ឌា មើលឃើញថា នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ និង​ថា រដ្ឋាភិបាលឥណ្ឌា​របស់​នាយករដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី​ កំពុង​តែ​បំបិទ​សំឡេង​​​ប្រឆាំង។ ​

អភិបាល​រដ្ឋ​ញូវដេលី​ លោក Arvind Kejriwal ត្រូវ អង្គភាព​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចាប់​ឃុំ​ខ្លួន ដោយ​ចោទប្រកាន់​ពីបទល្មើស​ប្រព្រឹត្ត​អំពើពុករលួយ និង គៃបន្លំហិរញ្ញវត្ថុ។ ក្រុម​អ្នក​គាំទ្រ​រូបលោក បាន​ធ្វើបាតុកម្ម​យ៉ាងច្រើន​សម្បើម​ នៅ​រដ្ឋធានី​ញូវដេលី និង​សម្តែងមតិ​ជំទាស់​នៅមុខទីស្នាក់ការ​​គណបក្ស​កាន់អំណាច​របស់​លោក ណារិនដ្រា ម៉ូឌី។ បាតុករ​ជាច្រើន​នាក់​ត្រូវ ​ប៉ូលិស​ចាប់ខ្លួន សូម្បីតែ រដ្ឋមន្ត្រី​អប់រំ និង​រដ្ឋមន្ត្រី​សុខាភិបាល ក៏ត្រូវ​តម្រួត​ឥណ្ឌាចាប់ខ្លួន​ដែរ ព្រោះតែ​ធ្វើបាតុកម្ម​​​។
 
លោក ​Arvind Kejriwal ជាអ្នក​នយោបាយ​ប្រឆាំង​ដ៏​​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ បាន​ជាប់​ឆ្នោតជាសមាជិកសភា ហើយ​និង​ជា​ អ្នកដឹកនាំរដ្ឋ​ញូវដេលី ៩ ឆ្នាំ​មក​ហើយ។ ​​ឆ្នាំ២០២១​ លោក​បើកឲ្យ​ប្រកួតប្រជែង​លក់ដូរ​ស្រា ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​​ឯកជន​​វិនិយោគទុន​​វិស័យ​ស្រាបៀ​​ ហើយ​និង​​ផ្តល់​អាជ្ញាប័ណ្ណឲ្យ​ក្រុមហ៊ុន​ស្រាជាច្រើន​ក្នុង​រដ្ឋញូវដេលី​។​ ការ​បើក​ទីផ្សារសេរី​វិស័យ​សុរាមេរ័យ បែបនេះ បាន​បិទបញ្ចប់​ការ​គ្រប់​គ្រង​ផ្តាច់​មុខ​​ពីក្រុមហ៊ុន​រដ្ឋ។ សំណុំរឿងនេះ ធ្វើឲ្យ​លោកអភិបាល​រដ្ឋ​ញូវដេលី​ ត្រូវ​រង​ការ​ចោទប្រកាន់​ថា លួច​គៃបន្លំ​ប្រាក់​ ១១ លាន អឺរ៉ូ ហើយ​និង​ រៃអង្គាស​លុយ​ពីក្រុមហ៊ុន​ស្រា​ដើម្បីយកទៅ​​ឃោសនា​នយោបាយ។​
 
ក្នុងរឿង​ដដែល​នេះ សមាជិក​សភា​២នាក់ទៀត ដែល​ជាអនុប្រធាន​បក្ស​និង​ដៃស្តាំ​របស់​លោក​ ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដែរ។ ជាសរុប​ គណបក្ស​ប្រឆាំង Aam Aadmi Party - AAP របស់លោក Arvind Kejriwal ត្រូវ​បាត់​ក្បាលម៉ាស៊ីន ជា​សមាជិក​សភា​ ដល់ទៅ​ ៣ រូប​។ ការចាប់ខ្លួនបណ្តា​ថ្នាក់ដឹកនាំបក្ស​ប្រឆាំងនេះ កើតឡើង​តែប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ ​មុន​ការ​បោះឆ្នោតសភា​​អាណត្តិ​ថ្មី ឈាន​ចូល​មកដល់។​ ទោះចង់​មិនចប់ ទំនង​ជា​រំខាន​​ដល់​​​ដំណើរការ​ឃោសនា​បោះឆ្នោត ជាពុំខាន។ នៅឥណ្ឌា បណ្តាសម្ព័ន្ធភាព​បក្ស​ប្រឆាំង មានបក្ស AAP ជា​បក្សប្រឆាំង​ធំជាងគេ ដែល​ចង​សម្ព័ន្ធ​ជាមួយ​បក្ស Congrès ហើយ​និង​បណ្តាញ​គណបក្ស​តូចៗ ប្រមាណ​ជា​ ២០ បក្ស ​ផ្សេងទៀត ។​
 
សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ​លោក Sanjeeb Mukherfee បញ្ជាក់​ឲ្យដឹងថា​ មិនមែន​តែ​នៅរដ្ឋ​​ញូវដេលីទេ ដែលរដ្ឋអំណាច​ធ្វើ​ទុក្ខបុកម្នេញ សូម្បីតែ​អភិបាលរដ្ឋ​ Jharkand ប៉ែក​អាគ្នេយ៍ឥណ្ឌា ក៏ត្រូវ​​ចាប់ខ្លួន​ដែរ កាលពីពេលថ្មីៗ​។ អភិបាល​រដ្ឋនេះក៏ជា​អ្នក​នយោបាយ​បក្ស​ប្រឆាំងដែរ។ ក្នុងស្ថានភាព​ដែល​អ្នក​ជាប់ឃុំ​ជាអ្នក​នយោបាយ​ប្រឆាំង​បែបនេះ ការ​ដាក់តម្កល់​ប្រាក់​ធានា​សុំខ្លួន​ឲ្យ​នៅ​ក្រៅឃុំ ក៏​លំបាក​នឹង​ទៅរួច​ណាស់​៕​​​​
 

© រក្សាសិទ្ធិដោយ thmeythmey.com