ជាតិ
សេដ្ឋកិច្ច
តារាចម្រៀង មាស សុខសោភា ប្តេជ្ញាលើកកម្ពស់ការប្រើប្រាស់«ប្រាក់រៀល» យ៉ាងពេញទំហឹង តារាចម្រៀង មាស សុខសោភា
× «ប្រាក់រៀល» តំណាងឱ្យអត្តសញ្ញាណជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា។ ដើម្បីឱ្យការប្រើប្រាស់រូបិយវត្ថុ កាន់តែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀង មាស សុខសោភា បានប្តេជ្ញាចិត្តចូលរួមយ៉ាងពេញទំហឹង ជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់«ប្រាក់រៀល»ដល់ប្រជាពលរដ្ឋខ្មែរ ឱ្យកាន់តែទូលំទូលាយ។
«ក្នុងនាមយើងជាកូនខ្មែរមួយរូប និងមានសក្កានុពល ដែលមានអ្នកគាំទ្រដ៏ច្រើនលាននាក់[…] គឺខ្ញុំចង់បំផុស និងជម្រាបជូនដល់ពុកម៉ែ បងប្អូន ឱ្យយល់ដឹងពីចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រាក់រៀល[…]»។ តារាចម្រៀង មាស សុខសោភា បានរៀបរាប់បែបនេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី«ប្រាក់រៀល និងប្រព័ន្ធបាគង»ក្នុងបរិវេណផ្សារទំនើប K Mall នាថ្ងៃទី២៤មីនា ។
មិនត្រឹមតែចូលរួមផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលប៉ុណ្ណោះទេ តែតារាចម្រៀងឈានមុខនៅកម្ពុជារូបនេះ ក៏បានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ក្នុងការប្រើប្រាស់ប្រាក់រៀល កាន់ច្រើនជាងប្រាក់ដុល្លារ នៅក្នុងសកម្មភាពប្រចាំថ្ងៃ ផងដែរ។ បើតាមតារាចម្រៀង មាស សុខសោភា ការប្រើប្រាស់ប្រាក់រៀល គឺមានភាពងាយស្រួលមែនទែន ក្នុងការដោះដូរជាមួយថ្លៃទំនិញ និងសេវាកម្មនានា។ លើសពីនេះ ការប្រើប្រាស់ប្រាក់រៀល គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងជាតិ។
តារាចម្រៀង មាស សុខសោភា បានរៀបរាប់បន្ថែមយ៉ាងដូច្នេះ៖ « នៅពេលដែលខ្ញុំហុចលុយឱ្យទៅនរណាម្នាក់ ខ្ញុំមានអារម្មណ៍ថា គឺមានតម្លៃដែលយើងមានអត្តសញ្ញាណមួយច្បាស់លាស់! យើងមានប្រទេសមួយច្បាស់លាស់! យើងមានប្រាក់រៀលច្បាស់លាស់»។
ស្របពេលជាមួយគ្នា តារាចម្រៀងរូបនេះ ក៏បានអំពាវឱ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែកាន់ទូលំទូលាយ ដើម្បីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ខ្លួន និងសេដ្ឋកិច្ចជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com